navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសារប្រសិទ្ធពរ ឆ្នាំថ្មី-ឆ្នាំសកល ២០១៩ របស់ប្រធាននាយកប្រតិបត្តិ
សារប្រសិទ្ធពរ
ឆ្នាំថ្មី-ឆ្នាំសកល
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ជូនចំពោះ
ថ្នាក់ដឹកនាំ និងកម្មករនិយោជិត គ្រប់លំដាប់ គ្រប់នាទីទាំងអស់
កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត!
ក្នុងឱកាស ឆ្នាំថ្មី-ឆ្នាំសកល ២០១៩ ខ្ញុំសូមសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ឧត្ដុង្គឧត្ដមបំផុត ចំពោះភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី ដែលបានចូលរួមបំពេញការងារទទួលបានលទ្ធផលល្អ តាមនាទី និងចំណេះដឹង ជំនាញរៀងៗខ្លួន ស្របតាមទស្សនៈ បេសកកម្ម និងគតិពេចន៍ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេសសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់ អតិថិជនភក្តីភាព ជាទីគោរពទាំងអស់ និងរាជរដ្ឋាភិបាលដែលមាន ធនាគារជាតិ នៃ កម្ពុជា ជាអាណាព្យាបាល ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារខ្មែរ បានចូលរួមផ្តល់សេវាកម្មហិរញ្ញវត្ថុរយៈពេលជិត ២៦ឆ្នាំ និងបានដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិករយៈពេលជិត ១៣ឆ្នាំ ជាមួយនឹងវិវឌ្ឍនាការធនាគារឌីជីថល និងការបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ឱ្យកាន់តែទំនើបទាន់សម័យ និងងាយស្រួលប្រើប្រាស់ជូនដល់សាធារណជន និងអតិថិជន ព្រមទាំងរក្សាបាននូវគុណភាពបម្រើសេវាកម្មដ៏ល្អបំផុតក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈយុទ្ធសាស្ត្រសម្បូរបែប ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានមហាជនទទួលស្គាល់ថាជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" តាមរយៈគុណភាពនៃការបម្រើប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ព្រមជាមួយការផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែបគ្រប់ប្រភេទ និងទំនើបទាន់សម័យ ដែលជាអត្ថប្រយោជន៍ក្នុងការគ្រប់គ្រង ចាត់ចែងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ទាំងវិស័យសាធារណៈ និងឯកជន ។ ដើម្បីតបស្នងនូវជំនឿទុកចិត្តខាងលើ យើងទាំងអស់គ្នាបន្តខិតខំ និងចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្រដែលមានស្រាប់ និងយុទ្ធសាស្ត្រថ្មី ដូចខាងក្រោម ៖
- បន្តអភិវឌ្ឍនូវសេវាធនាគារអេឡិចត្រូនិកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សេវាឌីជីថលប៊ែងឃីង (Digital Banking-Mobile App) ដើម្បីគ្រប់គ្រងបណ្តាញប្រតិបត្តិការហិរញ្ញវត្ថុជាសកល និងស្វ័យប្រតិបត្តិការ ។
- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មធនាគារស្វ័យប្រវត្តិ (Self Service Banking) សម្រាប់បម្រើជូនសាធារណជន និងអតិថិជន ២៤ម៉ោង ក្នុង១ថ្ងៃ និង៧ថ្ងៃ ក្នុង១សប្តាហ៍ ។
- បន្តអភិវឌ្ឍក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងក្នុង និងក្រៅប្រទេស ឲ្យក្លាយទៅជាស្ថាប័នដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ឈានមុខ ដើម្បីរក្សាបាននូវឧត្តមភាពនៃការប្រកួតប្រជែង ។
- បន្តការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពកម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី ឲ្យស្របតាមវិវឌ្ឍនាការទាន់សម័យរបស់ធនាគារ និងសង្គមជាតិ ។
ក្នុងឱកាស ឆ្នាំថ្មី-ឆ្នាំសកល ២០១៩ នេះ និងតទៅមុខ សូមភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង សហការី និងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គលតរៀងទៅ ព្រមទាំងសម្រេចផលតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តម កុំបីឃ្លៀងឃ្លាតឡើយ ៕
ថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
ប្រធាននាយកប្រតិបត្តិ
បណ្ឌិត អ៊ិន ចាន់នី