navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ
ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២រសៀល នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល បានប្រារព្វពិធីចុះកិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរក្នុងការផ្តល់ សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ រវាង ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា "ក្នុងរយៈពេលជាង៦ឆ្នាំនៃប្រតិបត្តិការ ការិយាល័យឥណទានកម្ពុជា ស៊ីប៊ីស៊ី ផ្តល់របាយការណ៍ឥណទានអតិថិជន អនុញ្ញាតឱ្យសមាជិកស៊ីប៊ីស៊ី អាចស្វែងយល់ពីអតិថិជនរបស់ពួកគាត់កាន់តែច្បាស់ ងាយស្រួលក្នុងការសម្រេចចិត្តផ្តល់ឥណទានដោយមានការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ ម៉្យាងវិញទៀត ការិយាល័យឥណទានកម្ពុជា ក៏បានជួយអតិថិជនទូទៅ ក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានឱ្យកាន់តែច្បាស់ ក្នុងការត្រៀមខ្លួនស្នើសុំឥណទាន ។ បន្ថែមពីនេះទៀត ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពលើវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចជាតិផងដែរ ។"
លោកបន្តទៀតថា "ដោយមើលឃើញអំពីសារសំខាន់នៃរបាយការណ៍ឥណទានរបស់អតិថិជន និងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនៅតាមបណ្តាខេត្ត ការិយាល័យឥណទានកម្ពុជាបានបង្កើតសេវាកម្មនេះ ដោយធ្វើកិច្ចសហប្រតិបត្តិជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ នេះជូនអតិថិជន ដោយជំហ៊ានដំបូងយើងខ្ញុំដាក់ឱ្យដំណើរការនៅតាមសាខារបស់ធនាគារ អេស៊ីលីដា ចំនួន ៥ខេត្ត-ក្រុង ហើយគ្រោងនឹងពង្រីកទូទាំងប្រទេសនៅបំណាច់ឆ្នាំ២០១៩ នេះ ។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ហើយអញ្ជើញទៅកាន់សាខារបស់ធនាគារ អេស៊ីលីដា ដូចជា ៖ ការិយាល័យកណ្តាល, សាខាខេត្តសៀមរាប, សាខាខេត្តកំពង់ស្ពឺ, សាខាខេត្តតាកែវ, និងសាខាខេត្តកណ្តាល" ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា "ការិយាល័យឥណទានកម្ពុជា បានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានឯកត្តជន ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុនានា ។ ដោយយល់ឃើញថា ការិយាល័យឥណទានកម្ពុជា មានប្រព័ន្ធរាយការណ៍ព័ត៌មានឥណទាន ច្បាស់លាស់ និងជឿទុកចិត្ត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក ភាគីពាក់ព័ន្ធ និងក្រុមហ៊ុននានា ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ក្នុងការស្វែងរកឥណទានឱ្យកាន់តែប្រសើរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ក្នុងការចុះកិច្ចព្រមព្រៀង សហប្រតិបត្ដិការជាមួយការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់អតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឱ្យបានរឹតតែទូលំទូលាយ តាមការស្នើសុំពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន នៅតាមបណ្តាការិយាល័យ រាជធានី សាខាខេត្ត-ក្រុង ចំនួន៥ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ។ សេវានេះនឹងជួយដល់អតិថិន និងភាគីពាក់ព័ន្ធក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុ ក្នុងដំណើរការស្នើសុំឥណទាន ។
អំពីការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)
ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានបង្កើតឡើងនៅឆ្នាំ២០១២ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទានជនបទ ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ស៊ីប៊ីស៊ី មានសមាជិកសរុប ១៥៨ស្ថាប័ន ។
ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ជំរុញលំនឹងសេដ្ឋកិច្ចឱ្យមានភាពកាន់តែប្រសើរឡើង ដោយផ្ដល់ទិន្នន័យទាន់ហេតុការណ៍ប្រកបដោយសុក្រឹតភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងវិស័យហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃអាជីវកម្មរបស់ពួកគេ ។ យើងខ្ញុំជួយស្ថាប័នជាសមាជិកក្នុងការគ្រប់គ្រងហានិភ័យនៃឥណទាន ការពារការក្លែងបន្លំព័ត៌មាន និងការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ក៏ជួយអ្នកប្រើប្រាស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់ពួកគាត់ដើម្បីធានាថាពួកគាត់អាចទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុ និងការពារខ្លួនពីការក្លែងបន្លំអត្តសញ្ញាណផងដែរ ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៧ ពាន់លានដុល្លារអាមេរិក គិតមកត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះសមតុល្យឥណទានសរុបចំនួន ៣,៤៩ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៧៥ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះ ។
>លោក ផៃ សុផល
ប្រធានផ្នែកទីផ្សារ នៃការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)
ទូរស័ព្ទ ៖ ០៨៦ ៩៩៩ ៧៦០
អ៊ីម៉ែល ៖ s.phay@creditbureau.com.kh
លោក ផល សុខចំរើន
នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទ ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល ៖ phal.sokchamreoun@acledabank.com.kh