navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយ Siam Commercial Bank ដើម្បីដាក់ឱ្យដំណើរការសេវាទូទាត់ឆ្លងដែន
ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយ Siam Commercial Bank ដើម្បីដាក់ឱ្យដំណើរការសេវាទូទាត់ឆ្លងដែន
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០
បាងកក ព្រះរាជាណាចក្រថៃ - ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត) និងធនាគារ Siam Commercial Bank (SCB) ប្រកាសជាសាធារណៈ ពីការដាក់ឲ្យដំណើរការ ការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដែលជាមធ្យោបាយសម្រួលដល់ការទូទាត់ដោយប្រើរូបិយប័ណ្ណក្នុងស្រុក រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ។
សាធារណជនអាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួនតាមរយៈការស្កេន QR កូដ។ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរផងដែរ។ ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រជាជនថៃ ដែលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR ដោយមិនចាំបាច់យកសាច់ប្រាក់សុទ្ធ តាមខ្លូនឡើយ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ធនាគារជាតិ នៃ កម្ពុជា បានជ្រើសរើសធនាគារនៅកម្ពុជា ចំនួន៣ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ កម្ពុជាពាណិជ្ជ, និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន។ ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB ត្រូវបានជ្រើសរើស ដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ QR កូដ កម្ពុជា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់នៅក្នុងព្រះរាជាណាចក្រថៃ តាមរយៈ QR កូដ ថៃ។ លើសពីនេះទៅទៀត ព្រះរាជាណាចក្រថៃ គឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតនៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារពាណិជ្ជកម្មធំបំផុតនៅព្រះរាជាណាចក្រថៃ នឹងជំរុញឲ្យបណ្តាញទូទាត់ QR ឆ្លងដែនរបស់យើងកាន់តែធំទូលាយ។ ការរួមបញ្ចូលនៃបច្ចេកវិទ្យារបស់ធនាគារនាំមុខផ្នែកឌីជីថល ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើងនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរក្នុងតំបន់។"
ជាមួយគ្នានេះដែរ Mr. Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានមានប្រសាសន៍ថា៖ "យើងមានសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយផ្អែកលើដៃគូជាមួយស្ថាប័នក្នុងស្រុកនៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាគឺ ធនាគារ កម្ពុជា ពាណិជ្ជ។ ការទូទាត់អន្តរប្រតិបត្តិការតាមរយៈប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយមសម្រាប់ភ្ញៀវទេសចរថៃធ្វើដំណើរ ដូចជា៖ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ នៅក្នុងព្រះរាជាណាចក្រថៃមានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តឌីជីថលជាង ៤៧ លាននាក់ ដោយក្នុងនោះធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង ១០ លាននាក់ ក្នុងឆ្នាំ២០១៩។ ការទូទាត់សំណងអន្តរប្រតិបត្តិការ តាមប្រព័ន្ធ QR នឹងផ្តល់នូវបទពិសោធន៍កាន់តែប្រសើរដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ។"
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារលក់រាយដោយមានកម្មវិធីទូរស័ព្ទចល័តឌីជីថលរបស់ខ្លួន អេស៊ីលីដាយូនីធីទាន់ចិត្ត អនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅ អាចធ្វើប្រតិបត្តិការសេវាធនាគារ ក៏ដូចជាប្រតិបត្តិការជំនួញតាមរយៈទូរស័ព្ទចល័តតាមតម្រូវការ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ អេស៊ីលីដាយូនីធីទាន់ចិត្ត គឺជាសេវាទូរស័ព្ទចល័តធនាគារធំជាងគេបំផុតនៅប្រទេសកម្ពុជា ដែលអ្នកប្រើប្រាស់ចុះឈ្មោះជាឯកត្តជន មានចំនួន ១.៣០៩.២៥៨នាក់ និង ៣៤.៣៩៧នាក់ បានចុះឈ្មោះជានីតិបុគ្គល។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសាខា-ការិយាល័យ និងបណ្តាញអេធីអឹម ធំជាងគេ និងមានម៉ាស៊ីនឆូតកាតច្រើនជាង ៤.០០០ គ្រឿងនៅប្រទេសកម្ពុជា។
អំពីធនាគារ Siam Commercial Bank (SCB)
ធនាគារ SCB បានបង្កើតឡើងដោយធម្មនុញ្ញរបស់ព្រះរាជាណាចក្រថៃ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩០៧ ជាធនាគារថៃដំបូងគេ។ ក្នុងរយៈពេលជាង ១១០ឆ្នាំ នៅក្នុងអាជីវកម្មរបស់ខ្លួន ធនាគារបានដើរតួនាទីនាំមុខគេក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមត្រូវការនៅក្នុងប្រទេសថៃ ដោយអភិវឌ្ឍជំនាញយ៉ាងស៊ីជម្រៅ។ សព្វថ្ងៃធនាគារ SCB គឺជាធនាគារឈានមុខគេមួយ ក្នុងការផ្តល់ប្រាក់បញ្ញើ ប្រាក់កម្ចី និងមានផលិតផល និងសេវាកម្មផ្សេងៗជាច្រើនទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនទាំងអស់។ សេវាកម្មរបស់ធនាគារ ត្រូវបានគាំទ្រដោយការពង្រើកបណ្តាញធនាគារ និងបន្តការច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យាមិនឈប់ឈរ។
ក្រោមចក្ខុវិស័យ ដើម្បីបម្រើជា "ធនាគារដែលត្រូវបានគេកោតសរសើរបំផុតនោះ" ធនាគារ SCB បានបង្កើតផែនការយុទ្ធសាស្ត្រមួយដែលមានឈ្មោះថា ការផ្លាស់ប្តូរ SCB (SCB Transformation) ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ធនាគារ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់ខ្លួន។ ផែនការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ ដែលកំពុងត្រូវបានកែទម្រង់ឡើងវិញដោយបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរបទប្បញ្ញត្តិ និងឥរិយាបថអ្នកប្រើប្រាស់ថ្មី។ គិតត្រឹមឆ្នាំ២០១៩ ធនាគារ SCB បានកើនលើសលុបនូវអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តធនាគារ ចំនួន ១០លាននាក់ និងពាណិជ្ជករជាង ១,៥ លាននាក់ដែលទទួលយកការទូទាត់តាមរយៈ QR។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ផល សុខចំរើន នាយកប្រតិបត្តរងទីផ្សារ
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamreoun@acledabank.com.kh
Siam Commercial Bank (SCB)
WANLAPA SOOKYAI នាយក, ទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ +66 25446421
អ៊ីម៉ែល៖ wanlapa.sookyai@scb.co.th