navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដាអ៊ីសប (ផ្សារអនឡាញ)
ធនាគារ អេស៊ីលីដា ដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដាអ៊ីសប (ផ្សារអនឡាញ)
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
រាជធានីភ្នំពេញ ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ថ្ងៃនេះ ធនាគារ អេស៊ីលីដា បានដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដាអ៊ីសប ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញតាម អេស៊ីលីដាម៉ូបាល។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ផ្សារអនឡាញកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ មូលហេតុចម្បងដែលមនុស្សជាច្រើននិយមទិញ-លក់ ទំនិញ និងសេវាកម្មផ្សេងៗ តាមផ្សារអនឡាញ ដោយសារវាមានភាពងាយស្រួល ចំណេញពេលវេលា ជៀសផុតការឆ្លងមេរោគ ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។ ដោយមើលឃើញឱកាស និងសក្តានុពលផ្សារអនឡាញនេះ ធនាគារ អេស៊ីលីដា បានអភិវឌ្ឍ និងដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដាអ៊ីសប ជាផ្សារអនឡាញ ដើម្បីឲ្យដៃគូអាជីវកម្ម អាជីវករ និងអតិថិជន អាចទិញ-លក់ និងទូទាត់ទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងឆាប់រហ័ស ងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។ ក្នុងនោះ The First Store ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញរាប់ម៉ឺនប្រភេទ នៅលើផ្សារអនឡាញ អេស៊ីលីដាអ៊ីសប។
លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅ The First Store បានមានប្រសាសន៍ថា The First Store បង្កើតឡើងនៅឆ្នាំ២០១៣ ដោយផ្តោតលើគុណភាពតម្លៃ និងសេវាកម្ម ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ The First Store ក៏មានទំនិញប្រហែល១២០០០មុខទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។ ក្នុងសម័យបច្ចេកវិទ្យា និងក្នុងបរិបទកូវីដ-១៩នេះ ផងដែរ E-Shop ដើរតួនាទីដ៏សំខាន់ក្នុងវិស័យអាជីវកម្ម។ យើងខ្ញុំក៏មានមោទនភាពជាខ្លាំង ដែលបានសហការជាមួយ ACLEDA E-Shop ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញ។ The First Store រីករាយបម្រើលោកអ្នកដោយបេះដូង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ធនាគារ អេស៊ីលីដា តាមរយៈ៖
លោក ផល សុខចំរើន, នាយកប្រតិបត្តិរងទីផ្សារ
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamreoun@acledabank.com.kh