www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធីប្រគល់​ទទួល​វិញ្ញាបនបត្រទទួលស្គាល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ភ្នាក់ងារ​រក្សាសុវត្ថិភាព​ក្នុង​វិស័យមូលបត្រ

ពិធីប្រគល់​ទទួល​វិញ្ញាបនបត្រទទួលស្គាល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ភ្នាក់ងារ​រក្សាសុវត្ថិភាព​ក្នុង​វិស័យមូលបត្រ

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

ACLEDA Photo

ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត) បាន​ប្រកាស​ជា​សាធារណៈ នៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បាន​ប្រារព្ធពិធីប្រគល់​ទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ភ្នាក់ងារ​រក្សាសុវត្ថិភាព​ក្នុង​វិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា "ន.ម.ក."។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជា​ធនាគារពាណិជ្ជទីមួយ​នៅ​កម្ពុជា ដែល​បាន​ចុះបញ្ជី​លក់មូលបត្រកម្មសិទ្ធិ នៅ​ផ្សារមូលបត្រកម្ពុជា "ផ.ម.ក." កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លង​ទៅនេះ។ នៅក្នុង​ឆ្នាំ២០២២នេះ ធនាគារ សម្រេច​បាន​នូវ​សមិទ្ធផលថ្មី​បន្ថែមទៀត ដោយ​ទទួលបាន "វិញ្ញាបនបត្រ​ទទួលស្គាល់ ធនាគារ អេស៊ីលីដា ជា​ភ្នាក់ងារ​រក្សាសុវត្ថិភាព​ក្នុង​វិស័យមូលបត្រ" ពី​និយ័តករមូលបត្រកម្ពុជា "ន.ម.ក." ដែល​ធ្វើឱ្យ​ធនាគារ អេស៊ីលីដា ក្លាយជា​ធនាគារពាណិជ្ជទីមួយ នៅ​កម្ពុជា ដែល​ផ្តល់​សេវា​រក្សាសុវត្ថិភាព​ក្នុង​វិស័យមូលបត្រ។

ផ្សារមូលបត្រ ជា​សូចនាករ​មួយ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច។ យើង​សង្កេត​ឃើញថា វិស័យមូលបត្រ​នៅ​កម្ពុជា​បាន និង​កំពុង​រីកចម្រើន​គួរឱ្យ​កត់សម្គាល់ ដែល​ជា​ចលករ​មួយ​ដ៏​មាន​សារៈសំខាន់​នាំឱ្យ ធនាគារ អេស៊ីលីដា សម្រេចចិត្ត​បោះជំហាន ក្នុង​ការផ្តល់​នូវ​សេវាកម្មនេះ។ ភ្នាក់ងារ​រក្សាសុវត្ថិភាព​មូលបត្រ គឺជា​សេវាកម្មថ្មី​មួយ​របស់​ធនាគារ អេស៊ីលីដា ក្នុងការ​បម្រើ​សេវាកម្ម​រក្សាសុវត្ថិភាព​ក្នុង​វិស័យមូលបត្រ​ជូន​វិនិយោគិន និង​សាធារណជន។

មុខងារ​ចម្បងៗ​នៃ​សេវាកម្មនេះ រួមមាន៖ គណនី​រក្សា​សុវត្ថិភាព​សាច់ប្រាក់ គណនី​រក្សា​សុវត្ថិភាព​មូលបត្រ និង​សេវា​ភ្នាក់ងារ​រក្សាសុវត្ថិភាព​មូលបត្រ។ លោកបណ្ឌិត មាន​ជំនឿ​យ៉ាង​មុតមាំថា ភ្នាក់ងារ​រក្សាសុវត្ថិភាព​មូលបត្រ​របស់​ធនាគារ អេស៊ីលីដា នេះ នឹង​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការទាក់ទាញ​វិនិយោគិន ជាពិសេស វិនិយោគិន​បរទេស ឱ្យ​មក​វិនិយោគ​ក្នុង​វិស័យ​មូលបត្រ​នៅ​កម្ពុជា ពីព្រោះការវិនិយោគ​មូលបត្រ​នៅ​បរទេស​របស់​ក្រុមហ៊ុនបរទេស​មួយ​ចំនួន ចាំបាច់​ត្រូវ​ធ្វើឡើង តាមរយៈ​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​មូលបត្រ។ បន្ថែម​លើ​នេះទៀត ភ្នាក់ងារ​នេះ​នឹង​ចូលរួម​ជំរុញ​ធ្វើ​ឱ្យ​ផ្សារមូលបត្រ​នៅ​កម្ពុជា​កាន់​តែ​សកម្ម។

ACLEDA Photo

លោកបណ្ឌិត បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា ស័ក្តិសម​ដូច​កេរ្តិ៍ឈ្មោះ​ប្រសិទ្ធនាម ដោយ​មហាជនថា ជា “ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត” ធនាគារ អេស៊ីលីដា ជានិច្ចកាល ប្រកាន់​ខ្ជាប់នូវ តម្លាភាព គោលការណ៍​សីលធម៌វិជ្ជាជីវៈ អភិបាលកិច្ចល្អ គោរពច្បាប់ សង្គម និងបរិស្ថាន ។ល។ ធនាគារ អេស៊ីលីដា បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ឌីជីថលខ្ពស់ ដែល​មាន​គុណភាព និង​ទំនើប​ទាន់សម័យ សម្រាប់​គាំទ្រ​សេវាកម្មនេះ ព្រមទាំង​មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​វិជ្ជាជីវៈ ដែល​មានចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ក្នុង​ការផ្តល់​សេវាកម្ម​ទាំងនេះ ដោយ​ប្រកាន់​ខ្ជាប់​នូវ បទប្បញ្ញត្តិ តម្លាភាព និង​ក្រមសីលធម៌។

ACLEDA Photo

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន០៤ គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និង​ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មាន​ការិយាល័យតំណាង​នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៨,១៦ប៊ីលានដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និង​ប្រាក់បញ្ញើសន្សំ​សរុប​ចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និង​មាន​អតិថិជន ប្រមាណជាង ៣,៤៤ លាននាក់ គិតត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២២ នេះ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ធនាគារ អេស៊ីលីដា តាម​រយៈ៖

លោក សុខ សុវត្ថឌី, នាយកប្រតិបត្ដិប្រតិបត្ដិការ
ទូរស័ព្ទ៖ ០១៥ ៩០០ ១៧៨
អ៊ីម៉ែល៖ sovady@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧១៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖