www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ SMBC - ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ផ្តល់​សហហិរញ្ញប្បទាន​ចំនួន​១៣៥លានដុល្លារអាមេរិក ដល់​ធនាគារ អេស៊ីលីដា សម្រាប់​វិស័យកសិកម្ម​នៅ​កម្ពុជា

ធនាគារ SMBC - ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ផ្តល់​សហហិរញ្ញប្បទាន​ចំនួន​១៣៥លានដុល្លារអាមេរិក ដល់​ធនាគារ អេស៊ីលីដា សម្រាប់​វិស័យកសិកម្ម​នៅ​កម្ពុជា

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត" បាន​ប្រកាស​ជាសាធារណៈ​នៅ​ថ្ងៃនេះថា ធនាគារ អេស៊ីលីដា បាន​ចុះកិច្ចព្រមព្រៀង​ឥណទាន​ជាមួយ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) និង​ធនាគារ SMBC ដើម្បី​ទទួលបាន​សហហិរញ្ញប្បទាន​ចំនួន​១៣៥លានដុល្លារអាមេរិក សម្រាប់​ផ្តល់​កម្ចី​ដល់​វិស័យកសិកម្ម​ក្នុង​ប្រទេសកម្ពុជា។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា ជា​ធនាគារពាណិជ្ជ​ធំមួយ ដែល​មាន​បណ្តាញ​ប្រតិបត្តិការ​ច្រើន​ជាងគេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ បណ្តាញ​ប្រតិបត្តិការ​ដ៏សម្បូរបែប​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាជនកម្ពុជា គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ជាពិសេស អ្នក​ដែល​រស់នៅ​ជនបទ​អាច​ប្រើប្រាស់​សេវាកម្មហិរញ្ញវត្ថុ​គ្រប់ប្រភេទ​របស់​ធនាគារ រួមទាំង​សេវាកម្មឥណទាន ដែលមាន​គោលដៅ សម្រាប់ពង្រឹង និង​ពង្រីក​វិស័យកសិកម្ម​នៅ​តាម​ជនបទ។ នៅ​ក្នុង​កិច្ចខិតខំប្រឹងប្រែង ដើម្បី​លើកស្ទួយ​ការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​សកម្ម​នៅតាម​ជនបទ ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង​ធនាគារ SMBC បាន​ផ្តល់​សហហិរញ្ញប្បទាន​ចំនួន​១៣៥លានដុល្លារអាមេរិក ដល់​ធនាគារ អេស៊ីលីដា ដើម្បី​ផ្តល់កម្ចី​ដល់​វិស័យកសិកម្ម​នៅ​កម្ពុជា។ សហហិរញ្ញប្បទាននេះ នឹង​ជួយ​លើកស្ទួយ​ដល់​ផលិតកម្មកសិកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

ACLEDA Photo

គម្រោង​សហហិរញ្ញប្បទាន​រយៈពេលវែង ដែល​ទទួលបាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) និង​ធនាគារ SMBC ពិតជា​មាន​សារៈសំខាន់​យ៉ាងខ្លាំង សម្រាប់​ធនាគារ អេស៊ីលីដា ក្នុងការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែល​មាន​តម្រូវការ​ឥណទាន​ក្នុង​ការចាប់ផ្តើម និង/ឬការពង្រីក​ផលិតកម្មកសិកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល។

ACLEDA Photo

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន០៤ គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និង​ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មាន​ការិយាល័យតំណាង​នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទាន​សរុប​ចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និង​ប្រាក់បញ្ញើសន្សំ​សរុប​ចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និង​មាន​អតិថិជន​ប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២២ នេះ។

ACLEDA Photo

អំពី​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ត្រូវ​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាលជប៉ុន សម្រាប់​អនុវត្ត​គម្រោងជំនួយ​អភិវឌ្ឍន៍ ក្នុង​ការបំពេញ​តម្រូវការ​សម្បូរបែប​របស់​ប្រទេស​កំពុង​អភិវឌ្ឍ នៅ​ជុំវិញ​ពិភពលោក។ ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មាន​គោលដៅ​ក្នុង​ការចូលរូម​ចំណែក ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង​ការអភិវឌ្ឍ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជនជប៉ុន និង​សេដ្ឋកិច្ចពិភពលោក តាមរយៈ​ការគាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការស្តារវិបត្តិសេដ្ឋកិច្ចសង្គម​ឡើងវិញ ឬស្ថិរភាព​សេដ្ឋកិច្ច​តំបន់​ដែល​កំពុងអភិវឌ្ឍ។ ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្តល់​គុណតម្លៃ​ដល់​ទំនាក់ទំនង និង​ទំនុកចិត្តគ្នា​ទៅវិញ​ទៅមក​ជាមួយ​បណ្តាប្រទេស​កំពុងអភិវឌ្ឍ និង​ធ្វើការ​រួមគ្នា​ជាមួយ​ប្រទេសទាំងនោះ ដើម្បី​ទប់ទល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម។

ACLEDA Photo

អំពី​ធនាគារ SMBC

ធនាគារ SMBC គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​មួយ​ក្នុង​សកលលោក និង​ជា​បុត្រសម្ព័ន្ធ​របស់ Sumitomo Mitsui Financial Group (SMBC Group) ដែលមាន​ការិយាល័យកណ្តាល​នៅ​រាជធានីតូក្យូ។ SMBC គឺជា​ធនាគារជប៉ុន​ដែលមាន​ទ្រព្យសកម្ម​ច្រើនបំផុត និង​មាន​ចំណាត់ថ្នាក់​ឥណទាន​យ៉ាងល្អ តាមរយៈ​បណ្តាញប្រតិបត្តិការ​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក ដែលមាន​វិសាលភាព​គ្រប់ដណ្តប់​ជាង​៤១ប្រទេស និង​តំបន់ ដោយ​មាន​១៦សាខា​ស្ថិតនៅ​ក្នុង​តំបន់អាស៊ី។ ធនាគារ SMBC ក៏ដូចជា SMBC Group ផ្តល់​សេវាកម្ម​ធនាគារ​ជូន​សាធារណៈជន​ទូទៅ សាជីវកម្ម និង​ការវិនិយោគ (investment bank) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អតិថិជន​របស់​ខ្លួន។ ធនាគារ SMBC ត្រូវ​បង្កើត​ឡើង ដោយ​ឈរ​លើ​ការផ្តល់​អាទិភាព​ដល់​អតិថិជន និង​ភាពងាយស្រួល ពីគ្រប់​ទីកន្លែង និង​នៅ​ក្នុង​តំបន់។ សម្រាប់​ព័ត៌មាន​បន្ថែម សូមចូល​ទៅកាន់​គេហទំព័រ www.smbc.co.jp/asia

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ធនាគារ អេស៊ីលីដា តាម​រយៈ៖

លោកស្រី ប៊ុត ប៊ុនសីហា, អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម
ទូរស័ព្ទ៖ ០១៥ ៦០០ ៥៣២
អ៊ីម៉ែល៖ buth.bunsayha@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖