navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ និយ័តករមូលបត្រកម្ពុជា ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ និយ័តករមូលបត្រកម្ពុជា ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២
រាជធានីភ្នំពេញ ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះកិច្ចព្រមព្រៀងជាមួយ និយ័តករមូលបត្រកម្ពុជា "ន.ម.ក." ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។
តាមរយៈកិច្ចព្រមព្រៀងនេះ វិនិយោគិនអាចទូទាត់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ មានដូចជា ការទូទាត់តាមរយៈ ប្រព័ន្ធ X-Pay (ACLEDA Bank Plc. Local Payment Gateway) ឬប្រព័ន្ធអេស៊ីលីដាម៉ូបាល (Deep-Link) ឬប្រព័ន្ធ MPGS (ការទូទាត់ពីប័ណ្ណអន្តរជាតិមាន ដូចជា VISA, Mastercard, Diners, JCB និង UPI Card) ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ដោយការវិនិយោគវិស័យមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដូច្នេះ ធនាគារ អេស៊ីលីដា និង ន.ម.ក. បានឯកភាពគ្នាឈានទៅដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណ វិនិយោគិនតាមអនឡាញ។ ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគ នៅក្នុងផ្សារមូលបត្រកម្ពុជា នឹងអាចបង់ថ្លៃសេវាស្នើសុំលេខ អត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Mastercard, Diners, JCB, និង UPI Card។
លោកស្រីបានមានប្រសាសន៍បន្ថែមថា ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែសកម្ម និងរស់រវើក។ ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់និយ័តករមូលបត្រកម្ពុជា ដែលបានជ្រើសរើសធនាគារ អេស៊ីលីដា ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ និងជានិច្ចកាលតែងតែគាំទ្រដល់ធនាគារ អេស៊ីលីដា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៨ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,២៤ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៧៣លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៦លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ១៩០.០០០ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២។
លោក ពេជ្រ វឌ្ឍនា
នាយកការិយាល័យប្រឹក្សាលក់ និងរក្សាអតិថិជន
ទូរស័ព្ទៈ ០១៥ ៨០០ ៤៤៤
អ៊ីម៉ែលៈ woithana@acledabank.com.kh