www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការដាក់ដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ លើអេស៊ីលីដាម៉ូបាល

ការដាក់ដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ លើអេស៊ីលីដាម៉ូបាល

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជា​ធនាគារ​ពាណិជ្ជ​ទីមួយ ដែល​បាន​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការផ្តល់​នូវ​សេវា​ចែក​រំលែក​ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា។ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង ក្នុង​គោលបំណង​ដើម្បី​ដាក់​ឲ្យដំណើរការ​សេវា​ពិនិត្យសុខភាព​ហិរញ្ញវត្ថុ លើ​កម្មវិធី​ទូរស័ព្ទ អេស៊ីលីដា​ម៉ូបាល

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ស៊ីប៊ីស៊ី ជា​ជំហាន​ដំបូង ក្នុង​ឆ្នាំ២០១៩ ក្នុង​ការ​ផ្ដល់សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ជូន​ដល់​អតិថិជន និង​សាធារណជន តាម​រយៈការ​ស្នើសុំ​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន នៅ​តាម​ការិយាល័យ​សាខា ធនាគារ អេស៊ីលីដា នៅ​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត-ក្រុង។ វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​អតិថិជន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មុន​ដាក់​ពាក្យ​ស្នើសុំ​ទទួល​បាន​ឥណទាន ដែល​លក្ខខណ្ឌ​នេះ​ជា​ការកំណត់​ឡើង​ដោយ​ច្បាប់​ផង និង​ការជួយ​ការពារ​ដល់​អតិថិជន និង​វិស័យ​ហិរញ្ញវត្ថុ​ទាំង​មូល ពី​ហានិភ័យ​នានា​ផង​ដែរ។

ឥឡូវនេះ វាជាជំហានទី២ សម្រាប់​ធនាគារ អេស៊ីលីដា និង​ស៊ីប៊ីស៊ី បាន​ចុះកិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ តាម​រយៈ អេស៊ីលីដា​ម៉ូបាល ដោយ​មាន​មុខងារ ស៊ីប៊ីស៊ី លើ​កម្មវិធី​ទូរស័ព្ទ​ដៃ អេស៊ីលីដាម៉ូបាល ដែល​ជា​មធ្យោបាយ​កាន់តែ​ងាយស្រួល លឿន​ឆាប់​រហ័ស​ជាង​មុន សម្រាប់​អតិថិជន​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​របស់​ពួក​គាត់ បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង ជា​មួយ​នឹង​ថ្លៃ​សេវា​សមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅ​ក្នុង​កម្មវិធី​អេស៊ីលីដាម៉ូបាល នឹង​មាន​បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការខ្ចីប្រាក់ និង​ការសងប្រាក់​របស់​អតិថិជន ជា​មួយ​នឹង​ធនាគារ អេស៊ីលីដា ឬ​គ្រឹះស្ថាន​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដទៃ​ទៀត។

ACLEDA Photo

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី ក៏​បាន​លើក​ឡើង​ថា យើង​បន្ត​សហការ​ជា​មួយ​ធនាគារ អេស៊ីលីដា ដែល​ជា​ដៃគូ​ដ៏យូរអង្វែង​របស់ ស៊ីប៊ីស៊ី ក្នុង​គោល​បំណង​ដើម្បី​បន្ត​ពង្រីក​ការផ្តល់​សេវា​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ជូន​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស។ វា​បាន​ឆ្លុះបញ្ចាំង​ដល់​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការផ្តល់​នូវ​របាយការណ៍​ឥណទាន​ដែល​មាន​ភាព​សុក្រឹត និង​ឆាប់​រហ័ស​ជូន​ដល់​អ្នក​ខ្ចីប្រាក់ និង​ជួយ​ឲ្យ​ពួក​គេ​អាច​សម្រេច​ចិត្ត​លើ​ហិរញ្ញវត្ថុ​បាន​កាន់​តែ​ប្រសើរ ព្រមទាំង​ជា​ការគាំទ្រ​ដល់​បរិយាប័ន​ហិរញ្ញវត្ថុ​ផង​ដែរ។ ស្របពេល​ជា​មួយ​នឹង​ការវិវត្ត​យ៉ាង​ឆាប់​រហ័ស​លើ​ផ្នែក​ឌីជីថល ទាំង​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​ដូចជា​សង្គម​ទាំង​មូល កម្មវិធី​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍ យ៉ាង​ច្រើន​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់ ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឌីជីថល នៅ​ទូទាំង​ប្រទេស​ផង។

ACLEDA Photo

របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន គឺ​ជាការ​ដាក់​បញ្ចូល​នូវ​ប្រវត្តិ​សង​ឥណទាន​របស់​អ្នក​ខ្ចី ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់ ដែល​ជា​សមាជិក​របស់ ស៊ីប៊ីស៊ី។ អ្នក​ផ្តល់​កម្ចី​ទាំង​អស់​ចាំបាច់​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​លើ​ប្រវត្តិ​ឥណទាន​របស់​អ្នក​ស្នើសុំ​កម្ចី ដើម្បី​ពិនិត្យ​មើល​លើ​លទ្ធភាព​ឥណទាន​របស់​អ្នក​ខ្ចី មុនពេល​សម្រេចចិត្ត​ផ្តល់​កម្ចី។ ប្រវត្តិ​ឥណទាន​ល្អ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ស្នើសុំ​កម្ចី ដើម្បី​ទទួល​បាន​កម្ចី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ និង ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ានម៉ា។ គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៩,៤៤ ប៊ីលាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦,៥៨ ប៊ីលាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើសន្សំ​សរុប​ចំនួន ៦,៧៩ ប៊ីលាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៤,០៧ លាន​នាក់។ ធនាគារ អេស៊ីលីដា មាន​ចំនួន​អ្នក​ប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើន​ជាង ២,៧៦លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម ច្រើន​ជាង ២៤០.០០០ដៃគូ គិតត្រឹម​ដំណាច់​ខែមេសា ឆ្នាំ២០២៣។

អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅ​កាត់​ថា ស៊ីប៊ីស៊ី ជា​ក្រុមហ៊ុន​ឈាន​មុខគេ​ក្នុង​ការផ្តល់​នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង​របាយការណ៍​ឥណទាន ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ ចាប់តាំង​ពីឆ្នាំ២០១២​មក ស៊ីប៊ីស៊ី បាន​ជួយ​ដល់​អតិថិជន​ក្នុង​ការគ្រប់គ្រង​ហានិភ័យ និង​អត្ថប្រយោជន៍​ជា​ច្រើន​លើ​ផ្នែក​ធុរកិច្ច និង​ការសម្រេច​ចិត្ត​បាន​កាន់​តែ​ប្រសើរ តាម​រយៈ​ដំណោះស្រាយ​ជា​ច្រើន ដូចជា របាយការណ៍​ឥណទាន​អតិថិជន របាយការណ៍​ឥណទាន​ក្រុមហ៊ុន ខេ-ស្ករ សេវា​វិភាគ​ទិន្នន័យ ផែនទី​ហានិភ័យ​ឥណទាន សេវា​តាមដាន​ឥណទាន សេវាត្រួត​ពិនិត្យ​ឥណទាន សេវាវិភាគ​ទិន្នន័យ​តាម​តម្រូវការ និង​សេវាវាយតម្លៃ​អចលនទ្រព្យ​ឌីជីថល ជាដើម។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័ន ហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamreoun@acledabank.com.kh

លោកស្រី ហាក់ ស្រីនិត ប្រធានផ្នែកទីផ្សារ និង ទំនាក់ទំនង
ទូរស័ព្ទ៖ ០៩៦ ៧៨៨ ១១ ០០
អ៊ីម៉ែល៖ s.hak@creditbureau.com.kh
វេបសាយ៖ www.creditbureau.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៣១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖