www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ដាក់ដំណើរការ​សេវាទូទាត់ឆ្លងដែន​តាមឃ្យូអរកូត ជាមួយស្ថាប័ន Global Loyalty Network

ធនាគារ អេស៊ីលីដា ដាក់ដំណើរការការ​សេវាទូទាត់ឆ្លងដែន​តាមឃ្យូអរកូត ជាមួយស្ថាប័ន Global Loyalty Network

ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជា សាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានសហការជាមួយស្ថាប័ន Global Loyalty Network "GLN International Inc." ដែលជាក្រុមហ៊ុនបណ្តាញឌីជីថលសកល សម្រាប់ទូទាត់ឆ្លងដែនតាមរយៈទូរស័ព្ទចល័ត ដើម្បីដាក់ឱ្យប្រើប្រាស់នូវការសេវាទូទាត់ឆ្លងដែន តាមឃ្យូអរកូត GLN CPM QR ដើម្បីស្កេនជាមួយម៉ាស៊ីន POS នៅប្រទេសកម្ពុជា។

សមិទ្ធផលនេះនឹងជំរុញឱ្យបណ្តាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ស្ថាប័ន GLN នៃសាធារណរដ្ឋកូរ៉េ និងសកលលោក អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងប្រទេសកម្ពុជា តាមរយៈទូរស័ព្ទចល័ត ដោយគ្រាន់តែបង្ហាញនូវឃ្យូអរកូត សម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយការស្កេននៅតាមម៉ាស៊ីនឆូតកាត POS។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូយុទ្ធសាស្រ្តជាមួយស្ថាប័ន Global Loyalty Network ដែលអនុញ្ញាតឱ្យអតិថិជន ឬភ្ញៀវទេសចរទូទាំងសកលលោកអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ធ្វើការទូទាត់ឆ្លងដែន តាមរយៈកម្មវិធីទូរស័ព្ទចល័តនេះ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យនេះ អតិថិជនអ្នកប្រើប្រាស់ កម្មវិធីទូទាត់តាមទូរស័ព្ទចល័តរបស់បណ្តាញ GLN នឹងអាចទូទាត់ឆ្លងដែនជាមួយពាណិជ្ជករអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា បានកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងសម្បូរបែប។

លោក Kim Kyung Ho នាយកប្រតិបត្តិ Global Loyalty Network បានមានប្រសាសន៍ថា "យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ធនាគារជាតិ នៃ កម្ពុជា ដែលតែងតែជួយគាំទ្រ ដល់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នយើងខ្ញុំ រួមជាមួយដៃគូយុទ្ធសាស្ត្ររបស់យើង គឺ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” នៅប្រទេសកម្ពុជា ហើយស្ថាប័នយើងខ្ញុំ ពិតជាមានសេចក្តីរីករាយក្នុងការកំណត់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ ចំពោះការផ្លាស់ប្តូរការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល។ ការពង្រីកសេវាកម្ម GLN នៅប្រទេសកម្ពុជា គឺជាការបន្ថែមនូវគុណតម្លៃដល់បណ្តាញប្រតិបត្តិការនាពេលបច្ចុប្បន្នរបស់យើង រួមមានប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ការអនុញ្ញាតឱ្យភ្ញៀវទេសចរ ដែលមកទស្សនានៅប្រទេសកម្ពុជា អាចទូទាត់ជាមួយនឹងពាណិជ្ជករក្នុងស្រុក ដែលរួមចំណែកដល់បទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ កាត់បន្ថយការចំណាយលើការទូទាត់ និងជំរុញឌីជីថលរូបនីយកម្មនៃការទូទាត់នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត យើងទន្ទឹងរង់ចាំការពង្រីកវិសាលភាពនៃភាពជាដៃគូ តាមរយៈការរួមបញ្ចូលសេវាដកប្រាក់តាម QR ATM សេវាផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល និងការទូទាត់ក្រៅប្រទេសកម្ពុជា ដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទៅក្រៅប្រទេសតាមប្រព័ន្ធឌីជីថល"។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣។

អំពីស្ថាប័ន Global Loyalty Network "GLN International Inc"

ស្ថាប័ន GLN International Inc, ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ KEB Hana ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេ មួយនៅក្នុងប្រទេសកូរ៉េ គាំទ្រដោយធនាគារ KB Kookmin, Kakao Payments Inc មកពីប្រទេសកូរ៉េ ធនាគារ Taishin មកពីតៃវ៉ាន់ និងធនាគារ SuMi Trust Bank ពីប្រទេសជប៉ុន គឺជាបណ្តាញទូទាត់តាមទូរស័ព្ទចល័តនៅទូទាំងពិភពលោកដែលរីកចម្រើនលឿនបំផុតសម្រាប់ ប្រតិបត្តិការហិរញ្ញវត្ថុទូទាត់ឆ្លងដែន ដូចជាការទូទាត់តាមទូរស័ព្ទ ការដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹមចល័ត និងការផ្ទេរប្រាក់តាមទូរស័ព្ទចល័ត។ សេវាកម្ម GLN ឥឡូវនេះមាននៅប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៦៣២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖