navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ
ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code
រាជធានីភ្នំពេញ ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាពជោគជ័យតាមរយៈ ប្រព័ន្ធបាគង ដែលធនាគារ អេស៊ីលីដា ជាសមាជិក និងត្រូវបានចាត់តាំងដោយ ធនាគារជាតិ នៃ កម្ពុជា (NBC) ឱ្យធ្វើជាធនាគារទំនាក់ទំនង ធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹងការពង្រីកការទូទាត់តាមរយៈ ការស្កេន QR ឆ្លងដែន នៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបានដំណើរការទូទាត់ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។
ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ ត្រូវបានជ្រើសរើសជា ធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប)។
លោកបណ្ឌិត បានបន្ថែមថា ការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជន អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញ នៅពេលធ្វើដំណើរទៅកាន់ប្រទេសជិតខាង ដោយគ្រាន់តែស្កេន QR Code បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។
ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។ ជាងនេះទៅទៀត សម្រាប់ជំហានបន្ទាប់ អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀល ពីគណនីធនាគារតាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវ ហើយប្រជាជនឡាវក៏អាចធ្វើប្រតិបត្តិការ ស្កេន KHQR នៅកម្ពុជា បានយ៉ាងងាយស្រួល នាពេលខាងមុខនេះផងដែរ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៣៣ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៤០ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៨៦លាននាក់។
ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៩៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៧ម៉ឺនដៃគូ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY






