www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកម្មវិធីជំនួបធុរកិច្ច រវាងវិនិយោគិនកម្ពុជា និងជប៉ុន

កម្មវិធីជំនួបធុរកិច្ច រវាងវិនិយោគិនកម្ពុជា និងជប៉ុន

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

ACLEDA Photo

ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជាមួយ សមាគមជប៉ុន-កម្ពុជា (JCA) បាន​រៀបចំ​កម្មវិធីជំនួបធុរកិច្ច ​នៅ​ការិយាល័យកណ្តាល ធនាគារ ​អេស៊ីលីដា នា​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣។

កម្មពិធី​នេះ​អញ្ជើញចូលរួមជាអធិបតី ដោយ​បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA)

នេះជាលើកទី៣ហើយដែល JCA និងធនាគារ អេស៊ីលីដា បានរៀបចំកម្មវិធីជំនួបធុរកិច្ច រួមគ្នានេះ ដែលលើកទី១ ធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ និងលើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ACLEDA Photo

យើងខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍ថ្ងៃនេះនឹងនាំមកនូវឱកាស និងចំណេះដឹងបន្ថែមទៀត សម្រាប់វិនិយោគិនដែលបានចូលរួមទាំងអស់ ដើម្បីជំរុញការផ្លាស់ប្តូរ និងការទំនាក់ទំនងប្រកបដោយផ្លែផ្កា ដើម្បីបង្កើត និងពង្រឹងឱកាសអាជីវកម្ម។

ថ្ងៃនេះ​ជាលើក​ទី៣​ហើយ ដែល​ធនាគារ អេស៊ីលីដា និង JCA រៀបចំកម្មវិធី​ដ៏សំខាន់​នេះ ដើម្បី​អនុញ្ញាត​ឱ្យវិនិយោគិន​ដ៏​មាន​កិត្យានុភាព​មក​ពីវិស័យ​ពាណិជ្ជកម្ម​ចម្រុះ ចូលរួម​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ។ មាន​ប្រមាណ ៦០ក្រុមហ៊ុន ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជប៉ុន បាន​ចូលរួម​ក្នុង​កម្មវិធីជំនួបធុរកិច្ច​នេះ។ ក្រុមហ៊ុន​ទាំង​នោះ​រួមមាន សហគ្រាសធុនតូច និងមធ្យម, ឧស្សាហកម្ម, អ្នកបច្ចេកទេស​ជួសជុល និង​ថែទាំ​យានយន្ត, សាលាកែសម្ផស្ស, បច្ចេកវិទ្យាព័ត៌មាន, អ្នកទីផ្សារ និងអ្នកផ្សព្វផ្សាយ​ការលក់, វេជ្ជសាស្ត្រ, កសិកម្ម, អចលនទ្រព្យ, ហិរញ្ញវត្ថុ, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ជាដើម។

ACLEDA Photo

កម្មវិធីជំនួបធុរកិច្ចនេះ ក៏​ជាវេទិកា​មួយ ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង​អំពីការគ្រប់គ្រង​ហិរញ្ញវត្ថុ ចំណេះដឹង​បច្ចេកទេស និងការច្នៃប្រឌិត​សំខាន់ៗ សម្រាប់​ភាពជោគជ័យ​នៃ​អាជីវកម្ម ហើយ​វា​នឹង​បើក​ឱកាស​សម្រាប់​អ្នកវិនិយោគ​កម្ពុជា និង​ជប៉ុន ណែនាំគ្នា​ទៅវិញ​ទៅមក។

ប្រទេសកម្ពុជា​មានភាពអំណោយផល​ដល់ការវិនិយោគ​លើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ, សំណង់, អចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, រោងចក្រ, និងកសិកម្ម ជាដើម។ កម្ពុជា​​មាន​​ធនធានមនុស្ស​​វ័យក្មេង​​ច្រើន​ ជាមួយ​នឹង​តម្លៃ​​ពលកម្ម​ប្រកួតប្រជែង​​ជាមួយ​ប្រទេស​ដទៃ​ក្នុង​​តំបន់​។ កម្លាំងពលកម្មថាមវន្ត និងវ័យក្មេង (ជាង ៦៧% នៃចំនួន​ប្រជាជនសរុប ដែល​មាន​អាយុក្រោម ៣០ឆ្នាំ) ជាមួយ​នឹងប្រាក់ឈ្នួល​ប្រកួតប្រជែង (ប្រភពពី វិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការ)។

ACLEDA Photo

រដ្ឋាភិបាលបានរៀបចំតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគ្គិសនី ជាដើម នៅតាមទីក្រុង និងជនបទ សម្រាប់គាំទ្រការវិនិយោគ។ ជាងនេះទៅទៀត រដ្ឋាភិបាលចេញច្បាប់ជាច្រើនទាក់ទងនឹងការវិនិយោគ រួមទាំងច្បាប់វិនិយោគដែលផ្តល់ការធានាការវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ការអនុគ្រោះ និងការលើកលែងផ្សេងៗ និងការទាមទារដល់វិនិយោគិនពីការវិនិយោគ។ ទន្ទឹម​នឹង​នេះ ច្បាប់​មិន​បាន​រឹតត្បិត​លំហូរ​ចេញ​មូលធន ​នៃ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជាឡើយ។

លើសពីនេះ ច្បាប់ភូមិបាលបានអនុញ្ញាតឲ្យជនបរទេស មានសិទ្ធិកាន់កាប់នៅក្នុងអគារសហកម្មសិទ្ធិឯកជន ចាប់ពីជាន់ទី១។ រដ្ឋាភិបាលក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP (Regional Comprehensive Economic Partnership) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗជាច្រើនទៀត ជាមួយប្រទេសជាច្រើនលើពិភពលោក។

សម្រាប់ព័ត៌មានលម្អិតអំពី ការអភិវឌ្ឍសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា សូមមើលឯកសារបទបង្ហាញដោយ បណ្ឌិត ហោ ចន្ថា សេដ្ឋវិទូនៃធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១១៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖