www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរភាគហ៊ុន (CSX Trade) នៅលើអេស៊ីលីដាម៉ូបាល

ការដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរភាគហ៊ុន (CSX Trade) នៅលើអេស៊ីលីដាម៉ូបាល

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុកមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាក្រុមហ៊ុនមូលបត្រឈានមុខគេ ដែលលោក-អ្នកជឿទុកចិត្ត ក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការថា បន្ទាប់ពីការតភ្ជាប់ប្រព័ន្ធជួញដូរភាគហ៊ុនរបស់ផ្សារមូលបត្រកម្ពុជា ជាមួយនឹងអេស៊ីលីដាម៉ូបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជោគជ័យ និងទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានដាក់ឱ្យដំណើរការប្រព័ន្ធជួញដូរភាគហ៊ុន នៅលើអេស៊ីលីដាម៉ូបាល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីថ្ងៃនេះតទៅ ដើម្បីជួយសម្រួលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស អាចធ្វើការជួញដូរមូលបត្រនៅលើផ្សារមូលបត្រកម្ពុជា បានងាយស្រួល និងមានសុវត្ថិភាព ព្រមទាំងចូលរួមជំរុញ និងលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលនៅលើផ្សារមូលធនកម្ពុជា។

ប្រព័ន្ធជួញដូរភាគហ៊ុនដែលតភ្ជាប់ជាមួយអេស៊ីលីដាម៉ូបាល នឹងផ្តល់នូវអត្ថប្រយោជន៍ដល់វិនិយោគិន និងសាធារណជន ដូចខាងក្រោម៖

បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានមានប្រសាសន៍ថា "នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយទៀតរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្ម ដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន និងសាធារណជនទូទៅ។ ប្រព័ន្ធនេះ អនុញ្ញាតឱ្យវិនិយោគិន និងសាធារណជន ធ្វើការជួញដូរមូលបត្រក្នុងផ្សារមូលបត្រកម្ពុជាក្នុងម៉ោង និងថ្ងៃបើកផ្សារមូលបត្រកម្ពុជា និងធ្វើប្រតិបត្តិការសេវាធនាគារដោយខ្លួនឯងបានភ្លាមៗ តាមរយៈអេស៊ីលីដាម៉ូបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រព័ន្ធនេះ នឹងជួយទាក់ទាញវិនិយោគិនថ្មីៗ ចូលរួមក្នុងផ្សារមូលបត្រកម្ពុជា និងជួយជំរុញឱ្យមានសកម្មភាពវិនិយោគ និងលើកទឹកចិត្តការជួញដូរមូលបត្រកាន់តែសកម្មឡើងនៅលើផ្សារមូលបត្រកម្ពុជាយើង។"

លោកស្រី សុខ សោភា នាយិកាប្រតិបត្ដិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការដាក់បន្ថែមនូវមុខងារប្រព័ន្ធជួញដូរភាគហ៊ុនលើអេស៊ីលីដាម៉ូបាល នឹងបង្កលក្ខណៈកាន់តែងាយស្រួលបន្ថែមទៀតដល់វិនិយោគិន និងសាធារណជន ព្រមទាំងកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងសន្សំសំចៃពេលវេលាផងដែរ។ ជាពិសេស វិនិយោគិន និងសាធារណជន អាចជួញដូរមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា តាមពេលវេលារបស់ផ្សារមូលបត្រកម្ពុជា ដោយមិនរំខានដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃ និងអាចធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ប្រភេទ នៅលើទូរស័ព្ទចល័តតែមួយផ្ទាល់ខ្លួន ២៤ម៉ោង ជាមួយនឹងភាពងាយស្រួលបំផុត ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។

លោកស្រី សុខ សោភា នាយិកាប្រតិបត្ដិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា ភីអិលស៊ី
លោកស្រី សុខ សោភា នាយិកាប្រតិបត្ដិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា ភីអិលស៊ី

វិនិយោគិន និងសាធារណជនដ៏ឆ្លាតវៃ តែងតែប្រើប្រាស់នូវពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចបង្វិលប្រាក់វិនិយោគ ដើម្បីបង្កើតប្រាក់ឱ្យបានកាន់តែច្រើនជុំ ជាមួយនឹងអត្ថប្រយោជន៍ច្រើនដង។ នាងខ្ញុំសូមថ្លែងអំណរអរគុណចំពោះ អតិថិជនដ៏ឆ្លាតវៃដែលបានប្រើប្រាស់អេស៊ីលីដាម៉ូបាល ជាមធ្យោបាយក្នុងការវិនិយោគមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា។

អំពីក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ផ្តល់សេវាឈ្មួញជើងសាមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល សេវាភ្នាក់ងារចែកចាយលក់មូលបត្រ និងសេវាចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជនទូទៅ។ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ ភាគរយ ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។ នៅដំណាច់ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួនប្រមាណជាង ៦១ ភាគរយ បរិមាណជួញដូរ និងតម្លៃជួញដូរចំនួនជាង ៩០ ភាគរយ ប្រៀបធៀបជាមួយផ្សារមូលបត្រកម្ពុជាទាំងមូល។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារមានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៩៣ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៣៧លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានដៃគូអាជីវកម្ម សរុបជាង ០,៣៧ លាន និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៥ លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៣១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖