www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ CCB International ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ CCB International ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន CCB International (Holdings) Limited "CCB International" ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងកំណត់ឱកាសនៃការចាប់ផ្តើមអាជីវកម្ម ព្រមទាំងជួយសម្រួល និងគាំទ្រដល់សាជីវកម្ម ស្ថាប័នវិនិយោគ អតិថិជនសក្តានុពល និង/ឬ វិនិយោគិនវិជ្ជាជីវៈ និងសមភាគីពាណិជ្ជកម្មនៅកម្ពុជា ហុងកុង និងចិនដីគោក។

ACLEDA Photo

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់មធ្យោបាយហិរញ្ញវត្ថុដ៏សម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ តាមរយៈការចូលរួមជាមួយក្រុមហ៊ុន CCB International ការចុះអនុស្សរណៈនាពេលនេះ បានសបញ្ជាក់ពីការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកំណត់តំបន់ប្រយោជន៍រួម ព្រមទាំងការអនុវត្តការផ្តួចផ្តើមគំនិតរួមគ្នាដោយភាគីទាំងពីរ តាមរយៈឱកាសនៃការធ្វើអាជីវកម្មឆ្លងដែន និងជំរុញការវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀតរវាងកម្ពុជា ហុងកុង និងចិនដីគោក។

កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរួមរបស់យើង រួមមាន៖

  1. ការជំរុញពាណិជ្ជកម្មឆ្លងដែនទាក់ទងនឹងសាជីវកម្ម និងអាជីវកម្មសេវាហិរញ្ញវត្ថុ ដោយប្រើប្រាស់ និងផ្តល់ឱ្យគ្នាទៅវិញទៅមកនូវធនធានរបស់ស្ថាប័ននីមួយៗ និងចំណេះដឹងលើលក្ខខណ្ឌទីផ្សារក្នុងស្រុក។
  2. ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការធ្វើពិពិធកម្មការវិនិយោគ ដោយការលើកទឹកចិត្តដល់ក្រុមហ៊ុនចិន និងកម្ពុជា ឱ្យពង្រីកអាជីវកម្មរបស់គេទៅក្នុងតំបន់ តាមរយៈការវិនិយោគទុនឯកជន ឬការបណ្តាក់ទុនវិនិយោគរួមគ្នា។ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើអត្ថប្រយោជន៍ និងការផ្សាភ្ជាប់យុទ្ធសាស្ត្ររួម ដោយផ្តោតលើវិស័យសំខាន់ៗ មានជាអាទិ៍ សំណង់ កសិកម្ម ភស្តុភារកម្ម មជ្ឈមណ្ឌលទិន្នន័យ និងថាមពលកកើតឡើងវិញ តាមរយៈការផ្លាស់ប្តូរធនធាន និងជំនាញ រួមទាំងការភ្ជាប់ទំនាក់ទំនងទៅបុគ្គលសំខាន់ៗ និងអាជ្ញាធរពាក់ព័ន្ធ។
  3. ការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ និងការសម្របសម្រួលដល់បណ្តាក្រុមហ៊ុនកម្ពុជា ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅចិនដីគោក និងទីក្រុងហុងកុង។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជា អាចទាញយកប្រភពទុនកាន់តែទូលំទូលាយ និងវិនិយោគិនសក្តានុពល ព្រមទាំងលើកកម្ពស់ម៉ាកយីហោ និងការជឿទុកចិត្តនៅក្នុងទីផ្សារសំខាន់ៗ នៅក្រៅប្រទេស។
ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៩,៩៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥០ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៣៧លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបជាង ០,៣៧លាន និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៥លាននាក់។

អំពីក្រុមហ៊ុន CCB International (Holdings) Limited.

ក្រុមហ៊ុន CCB International (Holdings) Limited និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ("CCB International") គឺជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ និងវិនិយោគ ដែលគ្រប់គ្រងដោយសាជីវកម្មធនាគារ China Construction Bank ("CCB") អាជីវកម្មស្នូលនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនរួមមានផ្នែកសំខាន់ៗចំនួនបី៖ មុនពេល IPO, ខណៈពេល IPO និងក្រោយ ពេល IPO។ ទាំងនេះ គឺជាធាតុសំខាន់ៗនៃខ្សែសង្វាក់សេវាកម្មហិរញ្ញវត្ថុ និងការវិនិយោគដ៏ទូលំទូលាយ ដែលផ្តល់ជូននូវតម្លៃផលិតផល និងសេវាកម្មពេញលេញ រួមទាំងការឧបត្ថម្ភ និងការធានាទិញមូលបត្រ ប្រឹក្សាហិរញ្ញវត្ថុ ការរួមបញ្ចូលគ្នា និងការទិញយកភាគហ៊ុនសាជីវកម្ម ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការលក់ចេញ និងការបន្ថែមភាគហ៊ុន ការផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុនដែលបានចុះបញ្ជី ការវិនិយោគផ្ទាល់ ការគ្រប់គ្រងទ្រព្យសកម្ម ឈ្មួញជើងសារមូលបត្រ ការស្រាវជ្រាវទីផ្សារ ប្រឹក្សាវិនិយោគ អាជីវកម្មទំនិញ។

សម្រាប់ព័ត៌មានបន្ថែម

បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
ទូរស័ព្ទៈ ០១៥ ៩០០ ១៣៣ / ០៧៨ ២០២ ១៦៥
អ៊ីម៉ែលៈ visoth@acledasecurities.com.kh
វែបសាយៈ www.acledasecurities.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖