www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា សហការជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់សេវាកម្មសុខាភិបាលដ៏មានគុណភាពស្របតាមស្តង់ដារអន្តរជាតិ

ធនាគារ អេស៊ីលីដា សហការជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់សេវាកម្មសុខាភិបាលដ៏មានគុណភាពស្របតាមស្តង់ដារអន្តរជាតិ

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាកម្មសុខាភិបាល ដ៏មានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ជូនថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជននៃធនាគារ អេស៊ីលីដា រវាង មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិដ៏ឈានមុខមួយក្នុងចំណោមមន្ទីរពេទ្យនានា នៅក្នុងប្រទេសកម្ពុជា។

ACLEDA Photo

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជន នៃធនាគារ អេស៊ីលីដា នឹងទទួលបានអត្ថប្រយោជន៍ និងតម្លៃពិសេសជាច្រើន លើការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងសេវាកម្មផ្សេងៗ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈ អេស៊ីលីដាម៉ូបាលប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា និង មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលមានសុពលភាពចាប់ពីថ្ងៃចុះអនុស្សរណៈនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា តែងតែគិតគូរពីសុខុមាលភាពរបស់បុគ្គលិក ព្រោះសុខភាពបុគ្គលិក គឺជាសុខភាពរបស់ធនាគារ ហើយនាឱកាសនេះ ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្នុងការលើកកម្ពស់ការផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជន របស់ធនាគារ អេស៊ីលីដា ដើម្បីទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជំងឺ ជាមួយមន្ទីរពេទ្យដែលមានស្តង់ដារអន្តរជាតិក្នុងស្រុក រួមជាមួយក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍ខ្ពស់ និងវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងមានឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើប ក្នុងការពិនិត្យ និងការព្យាបាលយ៉ាងល្អប្រសើរជូនដល់អតិថិជន និងសាធារណជន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ និងតម្លៃពិសេសជាច្រើន គួរជាទីគាប់ចិត្ត។ បន្ថែមពីនេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា នឹងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ជាមួយនឹងអ្នកប្រើប្រាស់សេវាកម្មពិនិត្យ និងព្យាបាលកាន់តែច្រើន។"

លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា
លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា

លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ដែលបានផ្តល់កិត្តិយសចូលរួម និងការជឿទុកចិត្ត លើមន្ទីរពេទ្យឯកជនក្នុងស្រុក ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ អេស៊ីលីដា និងប្រជាពលរដ្ឋឱ្យងាកមកទទួលយកសេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជា ជាជាងចេញទៅក្រៅប្រទេស ចំណាយពេលវេលា និងថវិកាច្រើន។

ACLEDA Photo

ចំពោះចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺលោកជំទាវ អ្នកឧកញ៉ា គួន ធីតា បានបង្ហាញថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវអ្នកឧកញ៉ា ក៏មានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរ។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៨០.០០០ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួនជាង ៤,១ លាននាក់។

អំពីមន្ទីរពេទ្យអន្តរជាតិ អរៀនដា

មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្រ្ត ផ្នែកមន្ទីរពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហាររូបត្ថម្ភ ផ្នែកជំងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ!

មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង៖ ០៧៨ ២៣៣ ៧៨៩០៨១ ៨១១ ៧៨៩

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក ផល សុខចំរើន
នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា
ទូរសព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamroeun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖