www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់

ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ ក្រៅពីមមាញឹកជាមួយនឹងកិច្ចការបម្រើ និងផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា យើងទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការតបស្នងចំពោះសង្គម។ សម្រាប់ពេលនេះ គឺយើងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ និងសង្គ្រោះជីវិត។ ចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា បានរៀបចំកម្មវិធីបរិច្ចាគឈាម សរុបចំនួន៧លើក ដែលមានកម្មករនិយោជិតចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សរុបចំនួន១,៧៨០នាក់ (ស្រ្តីចំនួន២៤៧នាក់)។ ថ្ងៃនេះគឺជាការបរិច្ចាគឈាមលើកទី៨ របស់ធនាគារ អេស៊ីលីដា ដែលមានកម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ចំនួន៦៧០នាក់ (ស្រ្តីចំនួន២០០នាក់) បានចូលរួមដោយស្ម័គ្រចិត្ត។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា កម្មករនិយោជិតចំនួន២៣៥នាក់ (ស្ត្រីចំនួន៩៤នាក់) មកពីការិយាល័យកណ្តាល និងសាខានានាក្នុងរង្វង់រាជធានីភ្នំពេញ បាននិងកំពុងចូលរួមបរិច្ចាគឈាមនៅទីនេះ ទន្ទឹមនឹងនេះ កម្មករនិយោជិតចំនួន៤៣៥នាក់ទៀត (ស្រ្តីចំនួន១០៦នាក់) ដែលកំពុងបម្រើការងារនៅតាមបណ្តាសាខាទូទាំងប្រទេស ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗ ផងដែរ។

ACLEDA Photo

លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា "ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយចិត្តក្តីសប្បុរស។ យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ៗ គឺដើម្បី៖

ACLEDA Photo

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមជម្រាបជូនពីស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមក គឺយើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបប្រមាណជា ៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ និង១៤៣,១៤៣ប្លោកនៅទូទាំងប្រទេស ប៉ុន្តែមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់បានតែជាង៧៥% នៃការផ្គត់ផ្គង់ឈាមនៅទូទាំងប្រទេសប៉ុណ្ណោះ។ យ៉ាងណាមិញ ការទទួលអំណោយឈាម តាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃឆ្លើយតប បានត្រឹមតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាងយើង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់បានរហូតដល់ជាង៩០% នៃតម្រូវការឈាម នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។"

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន ៣,៩៦លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ហូរ រតនៈ
នាយកប្រតិបត្ដិធនធានមនុស្ស
ទូរស័ព្ទ៖ ០១៥ ៩០០ ២៦១
អ៊ីម៉ែល៖ ho.rattanak@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៩៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖