www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextអេស៊ីលីដា ជាធនាគារខ្មែរតែមួយគត់ បានឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុត ឆ្នាំ២០២៤

អេស៊ីលីដា ជាធនាគារខ្មែរតែមួយគត់ បានឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុត ឆ្នាំ២០២៤

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤

ACLEDA Photo

អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា ថ្មីៗនេះបានក្លាយជាធនាគារខ្មែរតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុត នៅលើពិភពលោកឆ្នាំ២០២៤ ពីទស្សនាវដ្ដី Global Finance

ការផ្ដល់ពានរង្វាន់នេះ ត្រូវបានទស្សនាវដ្ដី Global Finance អះអាងថា មានការឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើចំណាត់ថ្នាក់រូបិយវត្ថុអន្តរជាតិរយៈពេលវែង (long-term foreign currency ratings) ឬចំណាត់ថ្នាក់បំណុល ដែលត្រូវបានចាត់ថ្នាក់ ដោយស្ថាប័នវាយតម្លៃហិរញ្ញវត្ថុ Fitch, Moody's និង Standard & Poor's នៅក្នុងចំណោមធនាគារធំបំផុតទាំង ៥០០ នៅទូទាំងពិភពលោក។

លើសពីនេះទៅទៀត ទស្សនាវដ្ដី Global Finance ក៏បានកត់សម្គាល់ឃើញពីភាពធន់រឹងមាំរបស់ធនាគារ អេស៊ីលីដា ក្នុងការទទួលបានជោគជ័យលើការគ្រប់គ្រងប្រតិបត្តិការ នៅអំឡុងពេលនៃការកើនឡើងអត្រាការប្រាក់ខ្ពស់ និងអតិផរណាខ្ពស់ជាដើម។

គួរបញ្ជាក់ថា ថ្មីៗនេះ ធនាគារ អេស៊ីលីដា ក៏ទើបតែត្រូវបានស្ថាប័ន The Banker ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះ កំពូលធនាគារទាំង ១០០០ ទូទាំងពិភពលោក ឆ្នាំ២០២៤ (Top 1000 World Banks 2024) ផងដែរ។

ការទទួលបានចំណាត់ថ្នាក់ល្អ និងពានរង្វាន់ពីស្ថាប័នអន្តរជាតិជាបន្ដបន្ទាប់នេះ បានបង្ហាញឱ្យឃើញពីភាពខ្លាំង និងការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ក្រោយពីបានឈរជើងយ៉ាងរឹងមាំ ក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖ អតិថិជនតែងតែជ្រើសរើស អេស៊ីលីដា (១) ជាធនាគារមានសុវត្ថិភាព អាចជឿទុកចិត្តសម្រាប់ការដាក់ប្រាក់បញ្ញើ-សន្សំ និងប្រើសេវាហិរញ្ញវត្ថុជាច្រើនទៀត (២) ជាធនាគារដែលផ្តោតសំខាន់លើអភិបាលកិច្ចល្អ ការលើកកម្ពស់តម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ (៣). ការប្រើសេវាកម្មគ្រប់ពេលវេលា (24/7) លឿន បម្រើដោយក្តីគោរពស្រលាញ់ និងផ្តល់ទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន និងសាធារណជន គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេសការដោះស្រាយបញ្ហាជូនអតិថិជន ដោយមិនមានការបង់ប្រាក់បន្ថែម ដែលទាំងនេះនៅតែជាចក្ខុវិស័យ និងបេសកម្មស្នូល របស់ធនាគារ អេស៊ីលីដា។

គួរកត់សម្គាល់ថា ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧៤.៧០០ ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤,០៥លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៥៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖