www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ដាក់ឱ្យដំណើរការកម្មវិធី WeChat Pay សម្រាប់អ្នកដំណើរជនជាតិចិន ទូទាត់កម្រៃទិដ្ឋាការ (Visa on Arrival)

ធនាគារ អេស៊ីលីដា ដាក់ឱ្យដំណើរការកម្មវិធី WeChat Pay សម្រាប់អ្នកដំណើរជនជាតិចិន ទូទាត់កម្រៃទិដ្ឋាការ (Visa on Arrival)

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

ACLEDA Photo

ក្រុមហ៊ុន NETSTARS Co., Ltd. (មានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយតទៅនេះហៅថា "NETSTARS") បានប្រកាសជាផ្លូវការអំពី ការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ "Wechat Pay" សម្រាប់ការប្រមូលកម្រៃទិដ្ឋាការពីអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការរវាងធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Tencent តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា ដោយប្រើមធ្យោបាយទូទាត់អន្តរជាតិរបស់ Netstars "Starpay។

អ្នកដំណើរជនជាតិចិនដែលបំពេញបែបបទ និងស្នើសុំទិដ្ឋាការនៅតាមបញ្ជរអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អាចទូទាត់កម្រៃសេវាទិដ្ឋាការដោយប្រើប្រាស់កម្មវិធី Wechat Pay តាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ម៉ាស៊ីនឆូតកាត (POS Terminal) ឬទូទាត់តាមរយៈ QR Code ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជូនដល់អ្នកដំណើរអន្តរជាតិ ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការភ្លាមៗពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិនានារបស់កម្ពុជា។

អ្នកដំណើរអន្តរជាតិដែលបានបំពេញបែបបទ និងស្នើសុំទិដ្ឋាការពេលមកដល់នៅតាមបញ្ជរ នៃអាកាសយាន្តដ្ឋានអន្តរជាតិនានា នៅកម្ពុជា និងអាចទូទាត់កម្រៃសេវាទិដ្ឋាការ តាមរយៈសេវាកម្មទូទាត់ឌីជីថល និងម៉ាស៊ីនឆូតប័ណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ដោយស្កេន QR ឬឆូតកាតផ្សេងៗ ដែលរួមមាន VISA, Mastercard, UnionPay (UPI), JCB, Diners Club International (DCI), Discover, American Express, ប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ, ប័ណ្ណ CSS, WeChat, GLN, KHQR Bakong, Bakong Tourists ឬមធ្យោបាយទូទាត់ផ្សេងៗទៀត។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យដំណើរការការប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីនឆូតប័ណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន (Visa on Arrival)។

ការប្រើប្រាស់សេវាទិដ្ឋាការអេឡិចត្រូនិកចូលព្រះរាជាណាចក្រកម្ពុជា (Visa on Arrival) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោក ដែលកំពុងតែមានភាពរីកលូតលាស់យ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សបំផុត ដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន NETSTARS។ ភាពជាដៃគូយុទ្ធសាស្រ្តនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរជនជាតិចិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការ អេឡិចត្រូនិកចូលព្រះរាជាណាចក្រកម្ពុជា (Visa on Arrival) ដោយគ្រាន់តែទូទាត់កម្រៃសេវាទិដ្ឋាការតាមរយៈសេវាកម្មទូទាត់ឌីជីថល និងម៉ាស៊ីនឆូតបណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ដោយស្កេន QR ឬឆូតកាតផ្សេងៗ ឬមធ្យោបាយទូទាត់ផ្សេងៗ ទៀត។

លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NETSTARS Co.,Ltd. បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការលើកកម្ពស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់។ Netstars បាននិងកំពុងគាំទ្រសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ហើយឥឡូវនេះយើងកំពុងពង្រីកការគាំទ្របន្ថែម ដើម្បីសម្រួលការអញ្ជើញមកដល់របស់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា។ នាពេលខាងមុខ យើងនឹងបន្តខិតខំផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ និងសម្បូរបែប ដល់គ្រប់ភាគីពាក់ព័ន្ធ។

WeChat Pay TENCENT បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកសេវាកម្មរបស់យើងតាមរយៈការសហការគ្នាជាយុទ្ធសាស្ត្រ ដែលធ្វើឱ្យប្រតិបត្តិការនេះកាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរចិនក្នុងការទទួលបានមធ្យោបាយទូទាត់ប្រកបដោយភាពរលូន សុវត្ថិភាព និងមានប្រសិទ្ធភាព ខណៈពេលដែលភ្ញៀវទេសចរកំពុងរីករាយនឹងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបន្ថែមនូវបទពិសោធន៍រួមរបស់ពួកគេ និងពង្រឹងវត្តមានក្នុងតំបន់។

■ អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៩០.០០០ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួនជាង ៤,២ លាននាក់។

■ អំពី NETSTARS

NETSTARS គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់អនឡាញកំពូលមួយរបស់ប្រទេសជប៉ុនដែលមានការចូលប្រើប្រាស់ជាង ៤៥០.០០០។ NETSTARS បានចុះបញ្ជីនៅផ្សារហ៊ុនតូក្យូនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ (TYO: 5590)

NETSTARS បានបង្កើតឡើងក្នុងឆ្នាំ២០០៩ និងបានពង្រីកអាជីវកម្មនៃមធ្យោបាយទូទាត់ឱ្យកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០១៥ ជាភ្នាក់ងារដំបូងគេ ដែលណែនាំសេវាកម្មទូទាត់ឃ្យូអរកូដរបស់ប្រទេសចិន "WeChat Pay" ទៅកាន់ប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក NETSTARS បានពង្រីក StarPay ដើម្បីផ្តល់ដំណោះស្រាយសម្រាប់សេវាកម្មទូទាត់ប្រាក់នៅតាមហាងទំនិញផ្សេងៗ ដោយការអនុវត្តរួមបញ្ចូលគ្នា និងការគ្រប់គ្រងការទូទាត់តាមឃ្យូអរកូដរបស់ជប៉ុន និងអន្តរជាតិផ្សេងៗ និងសេវាកម្មទូទាត់មិនមែនសាច់ប្រាក់ផ្សេងទៀត។ នាពេលបច្ចុប្បន្ន ដោយប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យារបស់ StarPay ជាមូលដ្ឋានគ្រឹះ NETSTARS កំពុងធ្វើការអភិវឌ្ឍបន្ថែមទៀតនូវសេវាកម្មរបស់ខ្លួនឱ្យកាន់តែសំបូរបែប។

កម្មវិធី "StarPay" របស់ក្រុមហ៊ុន NETSTARS គឺជាមធ្យោបាយសម្រាប់ផ្តល់សេវាកម្មទូទាត់ប្រាក់ តាមឃ្យូអរកូដ នៅក្នុងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ដែលបានផ្តល់ការគាំទ្រដល់ជាង ៥០ស្ថាប័ន នៅក្នុងប្រទេសជប៉ុន។ លើសពីនេះ កម្មវិធី StarPay ក៏បានគាំទ្រដល់កម្មវិធីទូទាត់ប្រាក់ឆ្លងដែនផ្សេងទៀត មានដូចជា កម្មវិធី "WeChat Pay" និង "Alipay/Alipay+" ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ក៏ដូចជាកម្មវិធីនានាជាច្រើនពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងតំបន់ផ្សេងៗទៀត។

■ អំពី WECHAT PAY

ត្រូវបានគេស្គាល់ជាផ្លូវការថា Weixin Pay។ WECHAT PAY បានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០១១ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Weixin គឺជាវេទិកាសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសចិន និងផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់ដោយក្តីរីករាយ និងប្រកបដោយថាមវន្ត ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវការផ្ញើសារ ការកម្សាន្ត និងការទូទាត់ប្រាក់ ប្រកបដោយប្រសិទ្ធភាព។ Weixin ផ្តល់នូវចំណុចកណ្តាលនៃការគ្រប់គ្រងសម្រាប់អ្នកប្រើប្រាស់ដើម្បីបង្កើត និងចែករំលែកមាតិកា ព្រមទាំងសម្រាប់ពាណិជ្ជករដើម្បីចូលរួម និងពង្រីកសហគមន៍របស់ពួកគេតាមរយៈ Channels, Moments, គណនីផ្លូវការ, កម្មវិធីខ្នាតតូច និងការទូទាត់។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែរួមបញ្ចូលគ្នានៃ Weixin និងកម្មវិធី WeChat ជំនាន់អន្តរជាតិថ្មី មានសរុបចំនួនជាង ១,៣៧ ពាន់លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៣៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖