www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា សហការជាមួយក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីន POS សម្រាប់ប្រមូលកម្រៃទិដ្ឋាការ

ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងមហាផ្ទៃ ដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីន POS សម្រាប់ប្រមូលកម្រៃទិដ្ឋាការ

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤

ACLEDA Photo

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការ ក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បានអញ្ជើញចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីនឆូតបណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន (Visa on Arrival)

ACLEDA Photo

អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយតភ្ជាប់ទៅនឹងវិវឌ្ឍនាការនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ព្រមទាំងផ្ដល់មធ្យោបាយយ៉ាងទូលំទូលាយ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជូនដល់អ្នកដំណើរអន្តរជាតិ ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការភ្លាមៗពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិនានារបស់កម្ពុជា។

អ្នកដំណើរអន្តរជាតិដែលបានបំពេញបែបបទ និងស្នើសុំទិដ្ឋាការពេលមកដល់នៅតាមបញ្ជរ នៃអាកាសយាន្តដ្ឋានអន្តរជាតិនានានៅកម្ពុជា និងអាចទូទាត់កម្រៃសេវាទិដ្ឋាការ តាមរយៈសេវាកម្មទូទាត់ឌីជីថល និងម៉ាស៊ីនឆូតបណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ដោយស្កេន QR ឬឆូតកាតផ្សេងៗ ដែលរួមមាន VISA, Mastercard, UnionPay (UPI), JCB, Diners Club International (DCI), Discover, American Express, ប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ, ប័ណ្ណ CSS, WeChat, GLN, KHQR Bakong, Bakong Tourists ឬមធ្យោបាយទូទាត់ផ្សេងៗទៀត។

ACLEDA Photo

ការប្រើប្រាស់សេវាទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា (Visa on Arrival) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោក ដែលកំពុងតែមានភាពរីកលូតលាស់យ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា។

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៨៩.០០០ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួនជាង ៤,១ លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក នេត ពិសិដ្ឋ
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរសព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៣៦៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖