www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ស៊ីងមេដ អ៊ិនធើណេសិនណល ឯ.ក

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ស៊ីងមេដ អ៊ិនធើណេសិនណល ឯ.ក គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SG Medical Holding Pte. Ltd. ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា និងភាពជាដៃគូក្នុងការលើកកម្ពស់សេវាកម្មសុខាភិបាល

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទី១ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនស៊ីងមេដ អ៊ិនធើណេសិនណល ឯ.ក "ក្រុមហ៊ុនស៊ីងមេដ" ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SG Medical Holding Pte. Ltd., ជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តកម្ពុជា-សិង្ហបុរី និងបានបើកប្រតិបត្តិការដំបូងគេ នៅប្រទេសកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជននៃធនាគារ អេស៊ីលីដា នឹងទទួលបានអត្ថប្រយោជន៍ និងតម្លៃពិសេសជាច្រើន ពីការប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងសេវាកម្មផ្សេងៗ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈអេស៊ីស៊ូភើអេប ប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ ស្កេន QR code ទូទាត់ប្រាក់ជាមួយម៉ាស៊ីន POS និង/ឬសេវាកម្មអេស៊ីលីដា ជាច្រើនទៀត ដែលមាននៅ ក្រុមហ៊ុនស៊ីងមេដ ដោយមានសុពលភាពគិតចាប់ពីថ្ងៃចុះអនុស្សរណៈនេះតទៅ។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយ ក្រុមហ៊ុនស៊ីងមេដ ជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តកម្ពុជា-សិង្ហបុរី ដំបូងគេ ដែលបានបើកប្រតិបត្តិការនៅប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការ នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការគាំទ្រសេវាពិនិត្យសុខភាព និងសុខុមាលភាពរបស់បុគ្គលិក និងអតិថិជន ព្រមទាំងផ្តល់នូវមធ្យោបាយទូទាត់បែបឌីជីថល និងមានភាពងាយស្រួល តាមរយៈ រយៈអេស៊ីស៊ូភើអេប, KHQR, ប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ និងគ្រប់មធ្យោបាយនៃការទូទាត់។

លោកស្រីក៏បានបន្ថែមទៀតថា តាមរយៈសហប្រតិបត្ដិការនេះ នឹងបានផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ជាមួយនឹងការទទួលបានអត្ថប្រយោជន៍ និងតម្លៃពិសេសជាច្រើន គួរជាទីគាប់ចិត្ត។ បន្ថែមពីនេះ ក្រុមហ៊ុនស៊ីងមេដ នឹងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ ជាមួយនឹងអ្នកប្រើប្រាស់សេវាកម្មពិនិត្យ និងព្យាបាលកាន់តែច្រើន។"

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីស៊ូភើអេបសរុបចំនួនជាង ៤,៥៨លាននាក់។

អំពីក្រុមហ៊ុនស៊ីងមេដ

ស៊ីងមេដ មេឌីខលសេនធើ (SingMed Medical Center) ជាមន្ទីសំរាកព្យាបាលអន្តរជាតិសិង្ហបុរី-ដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ត្រូវបានបង្កើតឡើងជាមួយនឹងចក្ខុវិស័យនៃការផ្តល់សេវាថែទាំសុខភាពលំដាប់ពិភពលោក ដល់អ្នកជំងឺនៅកម្ពុជា ដោយរួមបញ្ចូលគ្នានូវជំនាញវេជ្ជសាស្ត្រទំនើបរបស់ប្រទេសសិង្ហបុរី ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅទៅលើកិច្ចសហការរួមគ្នាពីអ្នកឯកទេសជំនាញ និងអ្នកផ្តល់សេវាថែទាំសុខភាពប្រចាំនៅកម្ពុជា។

បច្ចុប្បន្ន SingMed បានកំពុងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបង្កើនសេវាកម្មវេជ្ជសាស្រ្តគ្របដណ្តប់លើឯកទេសជាច្រើន រួមទាំងការវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺក្រពះពោះវៀន ព្យាបាលជំងឺរាំរ៉ៃ និង ជំងឺមហារីកផងដែរ ទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាល តំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ជាប់នឹងអគារវឌ្ឍនៈកាប់ពីតាល់តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស៊ីងមេដ មិនត្រឹមតែផ្តល់នូវភាពងាយស្រួល ប៉ុណ្ណោះទេ ថែមទាំងមានបរិយាកាសប្រកបដោយផាសុខភាព មានលក្ខណៈឯកជន និងសម្រាប់ការប្រឹក្សា ប្រកបដោយនីតិវិធីវេជ្ជសាស្ត្រអន្តរជាតិ។ គ្រឿងបរិក្ខាររបស់យើងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្រ្ដទំនើប និងត្រូវបានគ្រប់គ្រងស្របតាមស្តង់ដារអន្តរជាតិនៃការអនុវត្ត ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះគុណភាព និងវិជ្ជាជីវៈ។ ឆាប់ៗនេះ SingMed នឹងផ្តល់ជូននូវសេវាព្យាបាល និងការថែទាំអ្នកជងឺ ២៤ម៉ោង លើ ២៤ម៉ោង និងជារៀងរាល់ថ្ងៃ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការផ្តល់ជូនអ្នកជំងឺ នៅកម្ពុជា។

ACLEDA Photo

SingMed ក៏មានផ្តល់សេវាកម្មបញ្ជូនអ្នកជំងឺ សង្គ្រោះបន្ទាន់តាមផ្លូវអាកាស ដើម្បីធានាដល់អ្នកជំងឺដែលមានកំរិតក៏អាចទទួលបានការព្យាបាលបន្ថែមប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ជាមួយបុគ្គលិកផ្នែកវេជ្ជសាស្រ្ដ និងអមដំណើរវេជ្ជសាស្រ្តរបស់យើងទាំងមូល សុទ្ធតែបានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ រួមទាំងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ ដែលធ្វើឡើងដោយផ្ទាល់នៅក្នុងប្រទេសសិង្ហបុរី។ នេះធានាថាសមាជិកគ្រប់រូបនៃក្រុមរបស់យើងត្រូវបានបំពាក់ដោយចំណេះដឹងផ្នែកថែទាំព្យាបាល និងការអនុវត្តល្អបំផុត។

បេសកកម្មរបស់យើង គឺដើម្បីផ្តល់នូវការថែទាំសុខភាពដែលផ្តោតលើអ្នកជំងឺទទួលបានគុណភាពខ្ពស់ តាមរយៈការសហការនៃក្រុមគ្រូពេទ្យជាអន្តរជាតិ និងការច្នៃប្រឌិតជាបន្តបន្ទាប់។

ចក្ខុវិស័យរបស់យើងគឺដើម្បីក្លាយជាមន្ទីរសំរាកព្យាបាល អន្តរជាតិមួយ ដែលអាចជឿរជាក់ និងជឿនលឿនឈានមុខគេនៅកម្ពុជា។

ឧកញា ពិន នេត្រា សហស្ថាបនិក និងជាប្រធានមន្ទីរសម្រាកព្យាបាល អន្តរជាតិ ស៊ីងមេដ មានប្រសាសន៍ថា ជាកិត្តិយសដែលស៊ីងមេដ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ អេស៊ីលីដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយរបស់កម្ពុជា។

គោលបំណងនៃភាពជាដៃគូរនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការផ្តល់សេវាថែទាំសុខភាពលំដាប់កំពូល ខណៈពេលដែលអ្នកជំងឺរបស់យើងមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលធ្វើឱ្យវាកាន់តែមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការចំណាយលើការថែទាំសុខភាព។ តាមរយៈ MOU នេះ យើងមានបំណងធ្វើការរួមគ្នាដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ គាំទ្រការថែទាំអ្នកជំងឺ និងជំរុញកំណើនសេវាកម្មទៅវិញទៅមកសម្រាប់ស្ថាប័នទាំងពីរ។

កិច្ចសហការនេះនឹងជួយជាមន្ទីសំរាកព្យាបាលអន្តរជាតិ ស៊ីងមេដ រួមបញ្ចូលសេវាហិរញ្ញវត្ថុទៅក្នុងការផ្តល់សេវាថែទាំសុខភាព ដែលអាចឱ្យអ្នកជំងឺរបស់យើងគ្រប់គ្រងការចំណាយផ្នែកវេជ្ជសាស្រ្តដោយភាពងាយស្រួល និងមានលទ្ធភាពទទួលបានជម្រើសហិរញ្ញប្បទានកាន់តែច្រើន។ តាមរយៈភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា យើងក៏មានគោលបំណងពង្រឹងលទ្ធភាព និងផ្តល់ជូនអ្នកជំងឺរបស់យើងនូវជំនាញវេជ្ជសាស្រ្តដ៏ល្អបំផុត រួមជាមួយនឹងសមត្ថភាពក្នុងការគ្រប់គ្រងការចំណាយលើការថែទាំសុខភាពរបស់ពួកគេដោយរលូន និងមានប្រសិទ្ធភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន
នាយកប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៦៥ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖