navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស
កម្មវិធីបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
រាជធានីភ្នំពេញ ថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្ដល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ផ្តល់ភាពងាយស្រួលជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ក្នុងការប្រើប្រាស់នៅពេលណា ទីកន្លែងណាក៏បាន។
ក្រៅពីមានការមមាញឹកជាមួយនឹងកិច្ចការបម្រើ និងផ្តល់សេវាកម្មហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដើម្បីតបស្នងដល់សង្គមវិញផងដែរ។ ក្នុងនោះក៏មានសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ ឬអ្នកជំងឺជួបគ្រោះថ្នាក់ ឬមានជំងឺត្រូវការឈាមជាបន្ទាន់ ក្នុងស្មារតីខ្មែរជួយខ្មែរ "ឈាមមួយប្លោករបស់យើងម្នាក់ៗអាចសង្គ្រោះជីវិតមនុស្សម្នាក់បាន"។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងត្រូវការឈាម សម្រាប់ជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺជាច្រើននៅមន្ទីរពេទ្យនានា ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយក្នុងស្មារតីសប្បុរសធម៌ និងការចូលរួមសង្គមយ៉ាងសកម្ម ដោយរៀបចំសកម្មភាពបរិច្ចាគឈាមជាលើកទី៩ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីសំណាក់កម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ ពីគ្រប់ ២៦៥ ការិយាល័យទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណ ២.២៨៤ នាក់ ក្នុងនោះស្ត្រីមានចំនួន ៧២២នាក់ ចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃបណ្ដាខេត្តនីមួយៗ។ ក្នុងនោះផងដែរ ការរៀបចំបរិច្ចាគឈាមនៅទីតាំងនេះ មានការចូលរួមពីថ្នាក់គ្រប់គ្រង និងកម្មករនិយោជិតការិយាល័យកណ្ដាល និងសាខាជុំវិញរាជធានីភ្នំពេញ មានចំនួន ៦៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ២៦៦នាក់។"
គួររំលឹកផងដែរថា ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៨ដង រួចមកហើយ កាលពី៖
- ឆ្នាំ២០១២ មានចំនួន ១៤៩នាក់
- ឆ្នាំ២០១៦ មានចំនួន ១១៦នាក់
- ឆ្នាំ២០១៧ មានចំនួន ២១៩នាក់
- ឆ្នាំ២០១៨ មានចំនួន ១៧៤នាក់
- ឆ្នាំ២០១៩ មានចំនួន ១៨២នាក់
- ឆ្នាំ២០២៣ បានរៀបចំ ២ដង ដោយលើកទី១ មានចំនួន ៤៥៣នាក់ និងលើកទី២ មានចំនួន ៤៨៧នាក់
- និងឆ្នាំ២០២៤ មានចំនួន ៥៣៦នាក់
សកម្មភាពនេះមិនត្រឹមតែជាការចូលរួមក្នុងការងារសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា "ឈាមមួយប្លោកអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់" គឺជាការពិត ដែលមានអត្ថន័យជ្រាលជ្រៅបំផុត។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា "សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះយើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។"
លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួមចំណែកពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពមកពីក្នុងចំណោមប្រជាជនយើង។ ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៥៥ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៩៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៩៦លាននាក់។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៦៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៥,១០លាននាក់។
លោក ហូរ រតនៈ
នាយកប្រតិបត្ដិធនធានមនុស្ស ធនាគារ អេស៊ីលីដា
ទូរសព្ទ៖ ០១៥ ៩០០ ២៦១
អ៊ីម៉ែល៖ ho.rattanak@acledabank.com.kh