www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា (សម្រាប់ដំណាក់កាលទី១ ឥណ្ឌាស្កេនខេអេចឃ្យូអរកូត (KHQR) របស់កម្ពុជា)

ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦

រាជធានីភ្នំពេញ ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយ មូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសពិធីដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូត រវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា "ឥណ្ឌាស្កេនខេអេចឃ្យូអរកូត (KHQR) របស់កម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃ កម្ពុជា និងតំណាងមកពីធនាគារកណ្តាលឥណ្ឌា

កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ព្រមទាំងគាំទ្រដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលទ្វេភាគីនេះ គឺស្របគ្នានឹងចក្ខុវិស័យអាស៊ាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការធ្វើសមាហរណកម្មថ្នាក់តំបន់ និងផ្តល់ជម្រើសទូទាត់ឆ្លងដែនដែលរហ័ស មានសុវត្ថិភាព និងតម្លៃសមរម្យ។ ការតភ្ជាប់នេះបានសម្រួលការទូទាត់សម្រាប់ភ្ញៀវទេសចរ ព្រមទាំងជួយជំរុញកំណើនពាណិជ្ជកម្ម ធុរកិច្ច និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។

គួររំលឹកផងដែរថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត ចាប់តាំងពីឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ដែលជួយឱ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈឃ្យូអរកូតបានភ្លាមៗ និងដោយរលូន នៅទូទាំងតំបន់អាស៊ាន និងប្រទេសដៃគូជាច្រើន តួយ៉ាងដូចជា សាធារណរដ្ឋឥណ្ឌា ដំណាក់កាលទី១ "ឥណ្ឌាស្កេនខេអេចឃ្យូអរកូត (KHQR) របស់កម្ពុជា" នាថ្ងៃនេះ គឺជាការបោះជំហានដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ ពង្រឹងការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់ និងអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជាការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង "មធ្យោបាយទូទាត់ឌីជីថល" ដ៏ទំនើបមួយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ព្រមទាំងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ តាមរយៈការដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនដំណាក់កាលទី១នេះ អ្នកដំណើរមកពីប្រទេសឥណ្ឌា អាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់ តាមរយៈប្រព័ន្ធ UPI (Unified Payments Interface) នៅលើបណ្តាញខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជា ដើម្បីទូទាត់ថ្លៃទិញទំនិញ និងសេវាកម្ម ផ្សេងៗ នៅតាមតំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងបណ្តាអាជីវកម្មផ្សេងៗទៀត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាព និងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសឱ្យកាន់តែទូលំទូលាយ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ ឥណ្ឌាអាចទូទាត់ថ្លៃទិញទំនិញ និងសេវាកម្មផ្សេងៗ ប្រកបដោយសុវត្ថិភាពតាមរយៈកម្មវិធី UPI-enabled នៅទូទាំងបណ្តាញពាណិជ្ជករ KHQR ដ៏ធំទូលាយរបស់យើង។ ភាពជាដៃគូនេះតំណាងឱ្យសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងផែនទីបរិវត្តកម្មឌីជីថល។ ការតភ្ជាប់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតរវាងកម្ពុជា និងឥណ្ឌា នឹងជួយសម្រួលការទូទាត់ និងបម្រែបម្រួលអត្រាប្តូរប្រាក់សម្រាប់អ្នកធ្វើដំណើរ។ កិច្ចសហការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីវករក្នុងស្រុក តាមរយៈការទទួលបានទីផ្សារឌីជីថល ដែលមានសន្ទុះខ្ពស់ ការជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់ និងការបង្កើនសមត្ថភាពប្រតិបត្តិការ តាមរយៈការទូទាត់ភ្លាមៗ និងមានសុវត្ថិភាពខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសហការនេះ នឹងចូលរួមចំណែកក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសឱ្យកាន់តែទូលំទូលាយ និងការពង្រឹងច្រករបៀងសេដ្ឋកិច្ចទ្វេភាគី តាមរយៈបច្ចេកវិទ្យាដ៏រឹងមាំ និងមានសុវត្ថិភាពខ្ពស់។"

លោក Ritesh Shukla, នាយកប្រតិបត្តិ ក្រុមហ៊ុន NPCI International បានមានប្រសាសន៍ថា "នៅ NPCI International គោលបំណងរបស់យើង គឺដើម្បីពង្រីកការបង្កើតថ្មីនៃការទូទាត់ឌីជីថលរបស់ប្រទេសឥណ្ឌាទៅកាន់ទីផ្សារពិភពលោក តាមរយៈភាពជាដៃគូដែលអាចជឿទុកចិត្តបាន។ ការដាក់ឱ្យដំណើរការសម្រាប់ការទូទាត់តាមរយៈកម្មវិធី UPI នៅក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការនៃការទូទាត់ឆ្លងដែននេះ។ ការទូទាត់នេះ នឹងផ្តល់ជូនភ្ញៀវទេសចរ ដែលជាជនជាតិ ឥណ្ឌានូវភាពរីករាយ និងបទពិសោធន៍ទូទាត់ ប្រកបដោយសុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួល ខណៈពេលដែលពាណិជ្ជករ កម្ពុជាទទួលបានអ្នកប្រើប្រាស់ឌីជីថលដំបូងរាប់លាននាក់។ កិច្ចសហការនេះ មិនត្រឹមតែពង្រឹងការតភ្ជាប់ការទូទាត់តាមពេលវេលាជាក់ស្តែង រវាងប្រព័ន្ធអេកូនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមជំរុញវិស័យ ទេសចរណ៍ និងពាណិជ្ជកម្ម។"

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៦ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨៥ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,២០ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧៩លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៨១លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន
មុខងារ៖ នាយកប្រតិបតិ្ដទីផ្សារ
ទូរសព្ទលេខ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamroeun@acledabank.com.kh

អំពី NPCI International Payments Limited

NPCI International Payments Limited (NIPL) ត្រូវបានបង្កើតឡើងនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មទូទាត់រូបិយបណ្ណជាតិនៃប្រទេសឥណ្ឌា (NPCI)។ ក្នុងនាមជាដៃគូរបស់ NPCI អន្តរជាតិ NIPL មានការប្តេជ្ញាក្នុងការដាក់ពង្រីកបណ្តាញប្រព័ន្ធទូទាត់របស់ NPCI - Unified Payments Interface (UPI) និងគម្រោងបណ្ណ (RuPay) នៅខាងក្រៅប្រទេសឥណ្ឌា។ NPCI បានអភិវឌ្ឍប្រកបដោយភាពជោគជ័យ និងបង្ហាញនូវផលិតផល ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីផ្សារក្នុងស្រុក ដោយផ្លាស់ប្តូរប្រព័ន្ធទូទាត់នៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ននេះ មានប្រទេសមួយចំនួនដែលកំពុងស្វែងរកការបង្កើតប្រព័ន្ធទូទាត់ជាក់ស្តែង ឬគម្រោងបណ្ណក្នុងស្រុក។ NIPL ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ប្រកបដោយភាពនវានុវត្តន៍ អាចផ្តល់ជំនួយបច្ចេកវិទ្យាដល់ប្រទេសទាំងនោះ តាមរយៈការផ្តល់អាជ្ញាប័ណ្ណ និងការប្រឹក្សាសម្រាប់ការបង្កើតប្រព័ន្ធទូទាត់តាមពេលវេលាជាក់ស្តែង ដើម្បីបំពេញតាមតម្រូវការដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្មសកល។ NIPL ផ្តោតសំខាន់លើការផ្លាស់ប្តូរប្រព័ន្ធទូទាត់នៅទូទាំងពិភពលោកតាមរយៈបច្ចេកវិទ្យា និងនវានុវត្តន៍។ ការណ៍នេះ មិនត្រឹមតែបើកដំណើរការសម្រាប់ការទូទាត់ប្រាក់របស់ប្រជាជនឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ប្រទេសដទៃទៀតតាមរយៈការបង្កើនសមត្ថភាពទូទាត់ដោយប្រើប្រាស់ជំនួយបច្ចេកវិទ្យា ការប្រឹក្សា និងហេដ្ឋារចនាសម្ព័ន្ធ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nipl.com ឬទំនាក់ទំនងតាមរយៈអ៊ីម៉ែល៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៧ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖