navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
អកុសលមូល
- បទពាក្យ៧ -
* | លះ អកុសល ក្តីកាចកម្ម | កើតឡើងប្រេះស្រាំក្នុងកាយចិត្ត |
យល់ពិចារណាហេតុពិសិដ្ឋ | វិភាគល្អន់ល្អិតស្រាវឫសគល់ ។ | |
* | លោភៈ លោភលន់មិនមើលប្រាណ | ឃើញគេមានបានឯងវិលវល់ |
ស្ទុះភ្លែតធ្វើតាមមិនដឹងពុល | វិនាសទើសទល់ហិនហោចប្រាណ ។ | |
* | ទោសៈ កើតខឹងឡើងឆេវឆាវ | រករឿងដកដាវខឹងសន្តាន |
បង្កើតក្តីក្តាំចាកក្សេមក្សាន្ត | រុងរឿងថ្កើងថ្កានក្លាយជាផេះ ។ | |
* | តាំងចិត្តប្រមូលសព្វអារម្មណ៍ | ទប់កំហឹងខំតាមតម្រិះ |
រៀនអប់រំចិត្តតាមចំណេះ | កុំឱ្យស្រាំប្រេះខូចប្រយោជន៍ ។ | |
* | មោហៈ ល្ងង់ខ្លៅត្រូវជាខុស | វិលវល់ផុលផុសធ្វើឱ្យខ្លោច |
យល់ឃើញរឿងធំប៉ុនស្រមោច | ប្រៀបធៀបហិនហោចមិនត្រូវសោះ ។ | |
* | ងងឹតងងល់ក្នុងចិន្តា | ស្លាប់ស្លុងអាត្មាខ្វះចន្លោះ |
យល់ឃើញក្តីខុសត្រូវទាំងអស់ | យល់ល្ងង់ខ្លៅសោះថាចំណាន ។ | |
* | ប្រៀបដូចមមង់មិនស្គាល់ភ្លើង | ហើរតាមទំនើងយល់ក្សេមក្សាន្ត |
ឆាបឆេះសុសអស់គ្មានសល់ប្រាណ | បាត់បង់ថ្កើងថ្កានដោយក្តីល្ងង់ ។ | |
* | ហៃមហាជនគួរពិចារណ៍ | សព្វន័យខ្លឹមសារបានទ្រទ្រង់ |
រួចគ្រោះដូចកុកហើរផុតជង់ | សាមគ្គីគង់វង្សអភិវឌ្ឍន៍ ។ | |