navigate_nextព័ត៌មានnavigate_nextកម្រងកំណាព្យអប់រំ
រឿង ខ្លាចាស់ និងមាណព
- បទកាកគតិ -
| ១- | ខ្លាចាស់ភ្នែកស្លឹង | ស្គាំងស្គមចេញឆ្អឹង | ប្រឹងដើរទប់ប្រាណ |
| | ស្វះស្វែងចំណី | រកឆីមិនបាន | ស្រែកឃ្លានចរថ្កាន |
| | | ក្រែងបានសាច់ឆី ។ | |
|
| ២- | ចៃដន្យប្រសព្វ | មាណពចរច្រប់ | រំភើបឥតបី |
| | ខ្លាចាស់ច្រដោម | ប្រលោមចង់ឆី | ហាមាត់ស្រដី |
| | | និយាយពាក្យផ្អែម ។ | |
|
| ៣- | ម្នាលអ្នកមាណព | មកអាយកុំឈប់ | អ្នកអើយល្ហឹមល្ហែម |
| | មកយកមាសពេជ្រ | រំលេចម្សៅថែម | មាណពលង់ផ្អែម |
| | | បាត់ខ្លាចអស់ខ្វល់ ។ | |
|
| ៤- | កុំខ្លាចខ្ញុំអី | ចាស់ខ្ពើមចំណី | ពេលឆីចុកឆ្អល់ |
| | ក្រចកសឹករឹល | ធ្មេញហិលរេចដល់ | កុំខ្លាចកុំឆ្ងល់ |
| | | គ្មានពិសអំពល់ ។ | |
|
| ៥- | កាលខ្ញុំនៅខ្លាំង | មហាកម្លាំង | ធ្មេញមុតដល់គល់ |
| | ដេញខាំប្រើសឈ្លូស | ទម្លុះតទល់ | បានឆ្ងាញ់មិនយល់ |
| | | ខ្លាចបាបឡើយណា ។ | |
|
| ៦- | ឥឡូវសាងបុណ្យ | លាងបាបអាសន្ន | គ្រោះសព្វទិសា |
| | មុននឹងចូលមក | ចាប់យកទានណា | សូមលាងកាយា |
| | | ឱ្យជ្រះជាមុន ។ | |
|
| ៧- | មាណពចង់បាន | រត់ចុះស្រះថ្កាន | ដោយក្តីលោភលន់ |
| | ជាន់ភ្លាត់(១)ភក់ជ្រៅ | ផុងនៅល្បាប់ទន់ | យល់ខុសទោសធ្ងន់ |
| | | លោភខានបានទ្រព្យ ។ | |
|
| ៨- | ខ្លាចាស់កែក្រាយ | ស្ទុះហែកសប្បាយ | ត្របាក់ញេញញាប់ |
| | មាណពសន្លប់ | ផុងថប់ដល់ងាប់ | ខ្លាចាស់មានភ័ព្វ |
| | | ចាប់ជាប់បានឆី ។ | |
|
ជំនួយស្មារតី : អប់រំឱ្យយល់អំពីផលនៃការលោភលន់ និងចរិតមនុស្សពាល
(១) ភ្លាត់ (កិ): ជ្រុល ភ្លាត់គំនិត ភ្លាត់ជើង ។