navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextលោកអ្នកក៏អាចរកចំណូលបានយ៉ាងពេញចិត្ត ជាមួយនឹងឥណទានតូចៗ
"លោកអ្នកក៏អាចរកចំណូលបានយ៉ាងពេញចិត្ត ជាមួយនឹងឥណទានតូចៗ"
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៤
ធនាគារនិងមូលនិធិវិនិយោគជាច្រើនរបស់ប្រទេសអាល្លីម៉ង់ កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ក្នុងការដាក់ទុនវិនិយោគទៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុល្បីៗ ។ ស្ថាប័នទាំងនោះរួមមានបណ្ដារធនាគារស្ថិតក្នុងប្រទេសមានការអភិវឌ្ឍទាប ដែលធ្វើការផ្តល់ឥណទានទៅឱ្យសហគ្រាសខ្នាតតូចៗ ។ មីក្រូហិរញ្ញវត្ថុមានប្រសិទ្ធភាពទាំងពីរយ៉ាងគឺ មួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុជាអ្នកជួយស្ថាបនាកសាងពិភពលោក ដែលប្រសើរជាងមុនមួយ និងមួយទៀតអាចរកចំណូលបានយ៉ាងច្រើន ។ អត្រាការប្រាក់ឥណទានខ្នាតតូចបំផុតអាចឡើងខ្ពស់រហូតដល់ ៤៨%ក្នុងមួយឆ្នាំសម្រាប់ឥណទានដែលមានទំហំត្រឹម ៤០០ដុល្លារអាមេរិក ។
អ្នកដែលចាប់ផ្តើមដ៏សំខាន់ក្នុងវិស័យនេះដំបូងគេគឺ ធនាគារទ្រីយ៉ូដូស ។ កាលពី ១០ឆ្នាំមុន នៅទីក្រុង Zeist ធនាគារទ្រីយ៉ូដូស ដែលបានដាក់ខ្លួនជាអ្នកផ្តល់ "សេវាធនាគារប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវក្នុងសង្គម" បានចាប់ផ្តើមផ្តល់ហិរញ្ញវត្ថុទៅឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុនានា ។ ធនាគារនេះបានវិនិយោគប្រចាំឆ្នាំប្រមាណជាង ១៧លានអឺរ៉ូ ក្នុងបណ្ដាញធនាគារនៃប្រទេសដែលមានការអភិវឌ្ឍទាបជាង ២៥ប្រទេស ។ ធនាគារមួយចំនួនដូចជា ធនាគារទ្រីយ៉ូដូស អាចរកចំណូលត្រឡប់មកវិញប្រចាំឆ្នាំពី ១០ ទៅ ១៥% ។
ស្ថាប័នមួយក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងតែទទួលការជួយឧបត្ថម្ភពីធនាគារទ្រីយ៉ូដូស គឺធនាគារ អេស៊ីលីដា នៅប្រទេសកម្ពុជា ។ ទ្រីយ៉ូដូសធ្វើជាម្ចាស់កម្មសិទ្ធិនៃភាគហ៊ុនចំនួន ១២% របស់ធនាគារក្នុងប្រទេសមានការអភិវឌ្ឍទាបមួយនេះ ។ ធនាគារ អេស៊ីលីដា បានចាប់ផ្តើមដំបូងជាអង្គការក្រៅរដ្ឋាភិបាល ហើយបច្ចុប្បន្នជាធនាគារពាណិជ្ជធំជាងគេលំដាប់ទីបីនៅក្នុងប្រទេសកម្ពុជា ។ អេស៊ីលីដាមានលក្ខណៈខុសពីគេបន្តិចក្នុងវិស័យធនាគារ ។ នៅពេលដែលធនាគារដ៏ទៃទៀតក្នុងប្រទេសកម្ពុជាកំពុងតែផ្តោតការចាប់អារម្មណ៍ទៅលើបណ្ដាក្រុមហ៊ុនដែលមានដើមទុនច្រើនៗក្នុងរាជធានីភ្នំពេញ ធនាគារ អេស៊ីលីដា បានយកចិត្តទុកដាក់ទៅលើសហគ្រិនតូចៗនៅតាមជនបទទៅវិញ ។ ធនាគារ អេស៊ីលីដា មានបម្រើជូននូវ សេវាឥណទាន សេវាបញ្ញើ-សន្សំ និងសេវាផ្ទេរប្រាក់ ។
ពេលបច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានអតិថិជនប្រមាណ ១០៧.០០០នាក់ និងបុគ្គលិក ១.៨០០នាក់ ។ អតិថិជនភាគច្រើនមិនអាចអាន ឬសរសេរបានទេ ហើយមានបំណងចង់ខ្ចីទំហំទឹកប្រាក់តិចតួច ។ ពួកគេមិនទាំងមានឯកសារនានា ឬក៏ផែនការអាជីវកម្មដែលសរសេរជាលាយលក្ខណ៍អក្សរផង ប៉ុន្តែបើតាមគំនិតរបស់លោកអគ្គនាយក អ៊ិន ចាន់នី ដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសហុល្លង់ដ៍ គាត់យល់ថាវាមិនមែនជាការចាំបាច់នោះទេ ដោយមានប្រសាសន៍ថា "ពួកគាត់មានផែនការអាជីវកម្មនៅក្នុងគំនិតរបស់គាត់ នោះទើបជាអ្វីដែលសំខាន់ ។ យើងខ្ញុំមានជំនឿទៅលើផែនការរបស់ពួកគាត់ ហើយអតិថិជនត្រូវបានណែនាំដោយបុគ្គលិករួមការងាររបស់យើង ដើម្បីប៉ាន់ប្រមាណពីទំហំទឹកប្រាក់ឥណទាន ។ ឧទាហរណ៍ទឹកប្រាក់នោះត្រូវយកទៅចំណាយទិញម៉ាស៊ីនតូចៗ និងសម្ភារៈបន្ថែមទៀត ឬក៏ល្អីសម្រាប់ដាក់អង្ករយកទៅលក់ទីផ្សារជាដើម" ។
ទំហំឥណទានជាមធ្យមគឺ ៤០០ដុល្លារអាមេរិក ។ អត្រាការប្រាក់គឺ ៤៨%ក្នុងមួយឆ្នាំ នេះជាអត្រាមួយដ៏ខ្ពស់បើប្រៀបធៀបនឹងធម្មនិយាមនៃប្រទេសហុល្លង់ដ៍ ប៉ុន្តែវាមានមូលហេតុសមរម្យបើតាមទស្សនៈលោក អ៊ិន ចាន់នី ។ "សឹងតែគ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីទេក្នុងព្រះរាជាណាចក្រកម្ពុជា គ្មានទូរស័ព្ទ ស្ទើរតែគ្មានបណ្ដាញរថភ្លើងផង ។ មិនសំបូរសាច់ប្រាក់ និងទំនិញច្រើននោះទេ ប៉ុន្តែសហគ្រិនតូចៗទាំងនោះត្រូវបង់ការប្រាក់ ១០%ក្នុងមួយខែ ទៅឱ្យអ្នកចងការប្រាក់ក្នុងតំបន់ ។ ដូច្នេះអត្រារបស់យើងមិនមែនជាបញ្ហាចោទដល់ពួកគាត់ទេនៅក្នុងករណីបែបនេះ" ។
លោកស្រី Marilou van Golstein Brouwers នៃធនាគារទ្រីយ៉ូដូស បានបន្ថែមថា "យើងទាំងអស់គ្នាមិនគួរភ្លេចទេថា ទំហំឥណទានតែងតែត្រូវបានកើនឡើងជាពីរ ឬបីដង សម្រាប់ទំហំឥណទានតូចៗ ព្រោះថ្លៃដើមប្រតិបត្តិការជាបន្ទុកមួយដ៏ធ្ងន់ ។ ក្នុងករណីដែលមានការប្រកួតប្រជែងកើនឡើង អត្រាការប្រាក់នឹងឆ្លាក់ចុះដោយស្វ័យប្រវត្តិ នេះបើតាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ។ បច្ចុប្បន្ននៅក្នុងប្រទេសបូលីវី មានស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៦ និងអត្រាការប្រាក់ចំនួនប្រហែល ២៥% ។ យើងចង់ជួយសហគ្រិនតូចៗ នៅក្នុងបណ្ដារប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែខ្លួនយើងក៏ចង់រកប្រាក់ចំណេញខ្លះផងដែរ ។ ម្យ៉ាងទៀតប្រសិនបើប្រជាជននៅក្នុងប្រទេសទាំងនោះមានការពេញចិត្ត តើខ្លួនខ្ញុំផ្ទាល់ធ្វើម្ត៉េចអាចនឹងនិយាយបានថាពួកគាត់បង់ថ្លៃខ្ពស់ពេកនោះ ?"
ប្រភព ៖ បកប្រែមកពីមាតិការរបស់ "De Telegraaf" (ភ្នាក់ងារព័ត៌មានមួយរបស់ប្រទេសអាល្លីម៉ង់)