www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextរង្វាន់​នៃ​ឱកាស​បុណ្យ​ខួប​គម្រប់ ១០​ឆ្នាំ​របស់ ទ្រីយ៉ូដូស ​ដូអ៊ែន

ធនាគារ អេស៊ីលីដា ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ផ្តល់​រង្វាន់ នៃ​ឱកាស​បុណ្យ​ខួប​គម្រប់ ១០​ឆ្នាំ​របស់ ទ្រីយ៉ូដូស ​ដូអ៊ែន

ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៤

លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា ទទួល​ពាន​រង្វាន់​ពី​លោក​ស្រី Marilou van Golstein Brouwers នាយិកា​មូលនិធិ​ជាន់​ខ្ពស់​របស់​ធនាគារ Triodos
លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា ទទួល​ពាន​រង្វាន់​ពី​លោក​ស្រី Marilou van Golstein Brouwers នាយិកា​មូលនិធិ​ជាន់​ខ្ពស់​របស់​ធនាគារ Triodos

នៅ​ក្នុង​ឱកាស​បុណ្យ​ខួប​លើក​ទី​១០ នៃ​ទ្រីយ៉ូដូស ដូអ៊ែន លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ អេស៊ីលីដា លោក ឆាយ សឿន នាយក នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​លោក ព្រំ វិសុទ្ឋ ប្រធាន​ក្រុម​កិច្ចការ​ច្បាប់ ត្រូវ​បាន​អញ្ជើញ​ទៅ​ចូល​រួម នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៤ នៅ​ក្នុង​ទី​ក្រុង Zeist ប្រទេស​ហុល្លង់ដ៍ ។

នៅ​ក្នុង​ឱកាស​នោះ លោក អ៊ិន ចាន់នី ត្រូវ​បាន​អញ្ជើញឱ្យ​ថ្លែង​សន្ទរកថា​ខ្លី​មួយ​ដល់​ភ្ញៀវ​ដែល​អញ្ជើញ​មក ទ្រីយ៉ូដូស ដូអ៊ែន ដែល​ផ្តល់​ឱកាស់ឱ្យ​ដល់លោក​បង្ហាញ​នូវ​សេចក្តី​គោរព​រាប់​អាន​ដ៍​ខ្ពង់ខ្ពស់​ទៅ​កាន់ លោកស្រី Marilou van Golstein Brouwers ជា​នាយិកា​មូលនិធិ​ជាន់​ខ្ពស់ លោកស្រី Metchel នាយិកា​ជាន់​ខ្ពស់​របស់ ទ្រីយ៉ូដូស ដូអ៊ែន មិត្ត​រួម​ការងារ និង​ភ្ញៀវ​សំខាន់ៗ​ទាំង​អស់​ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នោះ ។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​មាន​សេចក្តី​សោមន្ស​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ចូល​រួម​ជា​មួយ​អ្នក​ទាំង​អស់​គ្នា ក្នុង​ឱកាស​ទិវា​ខួប ១០​ឆ្នាំ​របស់ ទ្រីយ៉ូដូស ដូអ៊ែន ។ កាល​ពី​ឆ្នាំ​មុន ទ្រីយ៉ូដូស បាន​ធ្វើ​ការ​បញ្ជាក់​សារ​ជា​ថ្មី​ម្តង​ទៀត​នូវ​ទំនុក​ចិត្ត​របស់​ខ្លួន​ចំពោះ​យើង​ខ្ញុំ តាម​រយៈ​ការ​សុំ​ទិញ​ភាគហ៊ុន ដែល​មិន​ត្រឹម​តែ​ធ្វើឱ្យ​ដើម​ទុន​របស់​យើង​កើន​ឡើង​លើស​ពី បី​​ដង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នាំឱ្យ​ទទួល​បាន​អាជ្ញាប័ណ្ណ​ថ្មី​ជា ធនាគារ​ពាណិជ្ជ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទៀត​ផង ។ ដូច្នេះ​លោក​សូម​លើក​យក​ឱកាស​នេះ​ដើម្បី​ថ្លែង​ដោយ​ផ្ទាល់​ អំពី​អ្វី​ដែល​ការ​វិនិយោគ​របស់​ពួក​គេ​សម្រេច​បាន និង​ថា​តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​ប្រទេស​កម្ពុជា ។

ពាន​រង្វាន់​ខួប​គម្រប់​១០​ឆ្នាំ របស់​ធនាគារ Triodos បាន​ប្រគល់​ជូន​ធនាគារ​អេស៊ីលីដា ភីអិលស៊ី
ពាន​រង្វាន់​ខួប​គម្រប់​១០​ឆ្នាំ របស់​ធនាគារ Triodos បាន​ប្រគល់​ជូន​ធនាគារ​អេស៊ីលីដា ភីអិលស៊ី

ក្នុង​ឆ្នាំ​១៩៩៨ នៅ​ពេល​ដែល ទ្រីយ៉ូដូស ដូអ៊ែន ចាប់​ផ្តើម​ជួយ​ជ្រោម​ជ្រែង​អេស៊ីលីដា ដំបូង​យើង​មាន​ទំហំ​ឥណទាន​សរុប​ត្រឹម​តែ ១០,១​លាន​ដុល្លារ នៅ​លើ​ដៃ​អតិថិជន​តូចៗ​ចំនួន ៥៥.២១៥​នាក់ ។ នៅ​ពេល​នោះ​យើង​មាន​បុគ្គលិក​ចំនួន ៣១៨​នាក់ បម្រើ​ការ​នៅ​ការិយាល័យ​ចំនួន ២៧ ស្ថិត​ក្នុង ២១​ខេត្ត-​រាជធានី ក្នុង​ប្រទេស​កម្ពុជា ។ ដោយ​មាន​ជំនួយ​ពី ទ្រីយ៉ូដូស ដូអ៊ែន បច្ចុប្បន្ន​អេស៊ីលីដា គឺ​ជា​ធនាគារ​ធំ​ជាង​គេ​លំដាប់​ទី​ពីរ​នៅ​ក្នុង​ប្រទេស ដោយ​មាន​អតិថិជន​ឥណទាន​សកម្ម​ចំនួន ១០៧.៧០៩​នាក់ ក្នុង​នោះ​ជិត ៧០% ជា​ស្ត្រី ដែល​មាន​សមតុល្យ​លើ​ដៃ​អតិថិជន​ចំនួន ៤៨,៤​លាន​ដុល្លារ​អាមេរិក ។ លើស​ពី​នេះ​ទៅ​ទៀត យើង​បាន​បោះផ្សាយ​សេវា​ញ្ញើ-សន្សំ​ជូន​ដល់​ប្រជាជន​ទូទៅ នៅ​តាម​ទី​ប្រជុំជន និង​ជនបទ​នានា តាម​រយៈ​បណ្ដាញ​ប្រតិបត្តិការ​របស់​យើង ដែល​ឥឡូវ​មាន​ចំនួន ១១៤​ការិយាល័យ ស្ថិត​ក្នុង ២១​ខេត្ត-​រាជធានី ក្នុង​ចំណោម​ខេត្ត-​រាជធានី​ទាំង ២៤ ។ ក្នុង​ចំណោម​អតិថិជន​បញ្ញើ-សន្សំ​ប្រមាណ ៤១.០០០​នាក់ មាន​អតិថិជន​ខ្លះ​មិន​ធ្លាប់​ប្រើប្រាស់​សេវា​ធនាគារ​សោះ​ពី​មុន​មក ឥឡូវ​នេះ​បាន​ផ្តល់​ទំនុក​ចិត្ត​លើ ធនាគារ អេស៊ីលីដា តាម​រយៈ​ការ​ដាក់​ប្រាក់​ផ្ញើ​របស់​ពួក​គាត់ ធ្វើឱ្យ​ប្រាក់​បញ្ញើ​សរុប​កើន​ឡើង​ពី​ចំណុច​សូន្យ​កាល​ពី​បី​ឆ្នាំ​មុន មក​ដល់​ជិត ២១​លាន​ដុល្លារ​អាមេរិក នា​ពេល​បច្ចុប្បន្ន ។ យើង​ខ្ញុំ​បាន​បម្រើ​ជូន​នូវ​សេវា​ថ្មីៗ ធ្វើឱ្យ​ពួក​គាត់​អាច​ផ្ទេរ​ប្រាក់​ដោយ​សេរី នៅ​ទូទាំង​ប្រទេស និង​ទូទាំង​ពិភពលោក ។ យើង​បាន​បម្រើ​ជូន​នូវ សេវា​បើក​ប្រាក់​បៀវត្ស ជូន​ដល់​រោងចក្រ និង​ក្រុមហ៊ុន​នានា ដែល​មិន​ត្រឹម​តែ​ជួយ​សម្រាល​បន្ទុក និង​ការ​ប្រថុយ​ប្រថាន​របស់​អតិថិជន​ក្នុង​ការ​បើក​ប្រាក់​បៀវត្ស​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លើក​ទឹក​ចិត្តឱ្យ​កម្មករ​និយោជិត​ទាំង​នោះ​ធ្វើ​ការ​សន្សំ​ទៀត​ផង ។ បន្ទាប់​ពី​ក្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជកម្ម​ពេញលេញ​មក ធនាគារ អេស៊ីលីដា មាន​បុគ្គលិក​សរុប​ចំនួន ១.៨៥៤​នាក់ ដែល​ភាគ​ច្រើន​ជា​និស្សិត​ទទួល​បាន​បរិញ្ញបត្រ កំពុង​បម្រើ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ជូន​ដល់​សហគ្រិន​ជំនួញ​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

គេ​តែងតែ​សួរ​លោក អ៊ិន ចាន់នី ថា "ឥឡូវ​លោក​ទទួល​បាន​អាជ្ញាប័ណ្ណ​ធនាគារ​ពាណិជ្ជកម្ម​ហើយ តើ​លោក​នឹង​ឈប់​ផ្តល់​សេវា​ដល់​អតិថិជន​ខ្នាត​តូច​ទៀត​ហើយ​មែន​ឬ​ទេ ?" ផ្ទុយ​ទៅ​វិញ សមតុល្យ​ឥណទាន​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់​យើង គឺ​ជា​ផ្នែក​មួយ​ដែល​ពង្រីក​យ៉ាង​លឿន​ជាង​គេ ក្នុង​អាជីវកម្ម​របស់​យើង និង​មួយ​ផ្នែក​ធំ​នៃ​ការ​រីក​លូតលាស់​ឥណទាន​ផ្នែក​មធ្យម គឺ​ជា​អតិថិជន​ដែល​ធ្លាប់​ទទួល​ឥណទាន​ខ្នាត​តូច និង​ខ្នាត​តូច​បំផុត ហើយ​ដែល​ទទួល​បាន​ជោគជ័យ និង​ជួយឱ្យ​ពួក​គាត់​បាន​ឈាន​ឡើង​កាំ​សេដ្ឋកិច្ច ។ អេស៊ីលីដា​ដែល​បាន​ទទួល​នូវ​ជោគជ័យ​យ៉ាង​លើស​លុប​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ មិន​ឆោត​ល្ងង់​នឹង​បែរ​ខ្នង​ដាក់​ប្រភព​នៃ​ជោគជ័យ​ពី​អតីតៈ និង​ទៅ​ថ្ងៃ​អនាគត​របស់​ខ្លួន​នោះ​ទេ ! ។

លោក អ៊ិន ចាន់នី ក៏​បាន​បន្ថែម​ទៀត​ថា គាត់​មាន​ការ​ជឿជាក់​យ៉ាង​មោះមុត​ថា និរន្តភាព​មីក្រូ​ហិរញ្ញវត្ថុ គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច ពីកម្រិត​ទាប​បំផុត ។ វា​ផ្តល់​នូវ​យន្តការ​ជួយ​ពង្រឹង និង ពន្លឿន​ក្នុង​ការ​អភិវឌ្ឍ​សង្គម ហើយ​ក៏​ជា​អាវុធ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ឋប្រឆាំង​នឹង​ភាពក្រីក្រ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

ក្នុង​ឱកាស​ដ៏​សំខាន់ និង​សប្បាយ​រីករាយ​នេះ លោក​ក៏​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​របស់​យើង​ខ្ញុំ ចំពោះ​ទ្រីយ៉ូដូស ដូអ៊ែន ក៏​ដូចជាទ្រីយ៉ូដូស ហ្វ៊ែរស្វ៊ែរហ្វាន់ និង ភាទុនិក​ទាំង​អស់​របស់​យើង​ ចំពោះ​ការ​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង ធនាគារ អេស៊ីលីដា ។ ជោគជ័យ​ទាំងឡាយ​ដែល​យើង​ខ្ញុំ​ទទួល​បាន ក៏​ជា​ជោគជ័យ​របស់​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ !

យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​ធនាគារ អេស៊ីលីដា សូម​ជូន​ពរឱ្យ​ទ្រីយ៉ូដូស ដូអ៊ែន ទទួល​បាន​ជោគជ័យ និង ភាព​ចម្រើន​រុងរឿង​ជា​ច្រើន​ទស្សវត្ស​បន្ថែម​ទៀត និង​សូមឱ្យ​ទំនាក់ទំនង​ដ៏​ល្អ​របស់​យើង​បន្ត​មាន​ស្ថិត​ស្ថេរ​យូរ​អង្វែង​ទៅ​មុខ !

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖