www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextបទសម្ភាសន៍​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា

បទសម្ភាសន៍​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០០៥

John Brinsden, OBE អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី
John Brinsden, OBE អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

តើ​វិនិយោគិន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ធំៗ​អ្វី​ខ្លះ ហើយ​ដល់​ពេល​ឬ​នៅ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ ?

កង្វះ​ខាត​នូវ​ក្រប​ខណ្ឌ​ច្បាប់​មួយ ដែល​មាន​លក្ខណៈ​ច្បាស់​លាស់ ដើម្បី​ការពារ​កិច្ច​សន្យា​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ ឬ​កង្វះ​ខាត​នូវ​ការ​ឯកភាព​ក្នុង​ការ​អនុវត្ត និង​ការ​ពង្រឹង​ច្បាប់​ទាំង​ឡាយ​ដែល​មាន​ស្រាប់ ។ ជាក់​ស្តែង​មាន​ពង្រាង​ច្បាប់​ល្អៗ​មួយ​ចំនួន​ដែល​បាន​និង​កំពុង​តែ​រៀប​ចំ ប៉ុន្តែ​ដំណើរ​ការ​បង្កើត​ចាប់​បាន​រាំង​ស្ទះ​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​កន្លង​ទៅ​នេះ ហើយបញ្ហា​នេះ​បាន​បន្សល់​ទុក​នូវ​ស្ថាន​ការណ៍​កក​ស្ទះ ដែល​ត្រូវ​ការ​ពេល​វេលា​ច្រើន​ខែ​ទៅ​មុខ​ទៀត​ក្នុង​ការ​ដោះ​ស្រាយ ។ ហើយ​បន្ទាប់​ពី​នោះ នឹង​មាន​តម្រូវ​ការ​ក្នុង​ការ​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​ច្បាប់ និង​នីតិវិធី​ច្បាប់​ជា​ច្រើន​ទៀត និង​ជា​ពិសេស​គឺ​ការ​បណ្ដុះ​បណ្ដាល​អង្គ​ចៅក្រម ។

កង្វះ​ខាត​នូវ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ធម្មតា​នៅ​មាន​កំរិត​ខ្ពស់​នៅ​ឡើយ ។ មូល​ហេតុ​ចម្បង​នោះ​គឺ​វិនិយោគិន​ត្រូវ​ត្រៀម​ប្រាក់​ផ្ទាល់​ខ្លួន​សម្រាប់​គម្រោង​អាជីវកម្ម​របស់​គាត់ ព្រោះ​ជា​ទូទៅ​មិន​មាន​ការ​ផ្គត់ផ្គង់​ទុន​រយៈ​ពេល​វែង​ពី​ប្រព័ន្ធ​ធនាគារ​នោះ​ទេ សូម្បី​តែ​ឥណទាន​រយៈ​ពេល​ខ្លី​ក៏​ទាម​ទារ​នូវ​ទ្រព្យ​តម្កល់​រូបិយ​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណា ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​មក​ហើយ​ថា មាន​បំរែ​បំរួល​ជា​វិជ្ជមាន​មួយ​ចំនួន ដែល​នឹង​អាច​ជួយ​សម្រួល​ផល​លំបាក​របស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី បញ្ហា​ស្ថិត​នៅ​ត្រង់​ថា "តើ​នៅ​ពេល​ណា" ព្រោះ​ជា​ធម្មតា​វា​ត្រូវ​ការ​ពេល​វេលា​យូរ ដើម្បី​បញ្ចុះ​បញ្ចូល​ធនាគារ​ទាំង​ឡាយ ជា​ពិសេស​ធនាគារ​ដែល​រួច​ផុត​ពី​កំណែ​ទម្រង់​ដ៏​តឹង​រឹង​មួយ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨-២០០២ ឱ្យ​យល់​ថា លទ្ធផល​របស់​វា​មិន​មាន​ហានិភ័យ​ច្រើន​ដូច​ដែល​ពួក​គេ​បារម្មណ៍​នោះ​ទេ ។

"អំពើ​ពុក​រលួយ​គឺ​ប្រៀប​ដូចជា​ដំបង​មួយ​ដែល​គ្រប់​គ្នា​និយម​ប្រើ​ប្រាស់សម្រាប់​វាយ​ប្រហារ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ជា​ការ​ពិត​ណាស់​វា​គឺ​ជា​បញ្ហា ប៉ុន្តែ​យើង​គួរ​តែ​ទុក​វា​មួយ​កន្លែង​សិន" កង្វះ​ខាត​តម្លាភាព ថា​តើ "អ្នក​ណា​មាន​អំណាច​អ្វី ក្នុង​ការ​សម្រេច​រឿង​អ្វី​ខ្លះ" នៅ​ក្នុង​រដ្ឋាភិបាល​ថ្នាក់​កណ្ដាល ដែល​បច្ចុប្បន្ន​នេះ ស្ថានភាព​កាន់​តែ​យ៉ាប់​ជាង​មុន ដោយ​សារ​ការ​កើន​ឡើង​យ៉ាង​ច្រើន​នូវ​បុគ្គលិក​ថ្មីៗ បន្ទាប់​ពី​ការ​រៀប​ចំ​ចំរុះ​បញ្ចូល​គ្នា ។ ស្រប​ពេល​គ្នា​ដែល​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ដើម​ពី​អាជ្ញាធរ​ជាន់​ខ្ពស់ មាន​លក្ខណៈ​ងាយ​ស្រួល ហើយ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំនាំ​សេរីភាវូបនីយកម្ម​មួយ​បែប ប៉ុន្តែ​ការ​កក​ស្ទះ​អំណាច​បាន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ នាំ​មក​នូវ​បញ្ហា​ដល់​ការ​ធ្វើ​ផែនការ​កម្ម និង​ការ​កំណត់​ថ្លៃ​ដើម ហើយ​ថែម​ទាំង​បង្ក​ជា​ឱកាសឱ្យ​មាន​ការ​រំលោភ​បំពាន​ពី​បុគ្គល​ពុក​រលួយ​មួយ​ចំនួន ជា​អាទិ៍​ដូចជា មន្ត្រី អ្នក​ផ្តល់​សេវាកម្ម ឬ​មួយ​ពី​និយោជិត​របស់​ខ្លួន​ផ្ទាល់​តែ​ម្តង ។

រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បោស​សម្អាត​អំពើ​ពុករលួយ ប៉ុន្តែ​ឥរិយាបថ​របស់​មនុស្ស​ត្រូវ​ការ​រយៈ​ពេល​វែង​ដើម្បី​ផ្លាស់​ប្តូរ ។ តើ​លោក​មាន​គិត​ថា នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​បំបាត់​អំពើ​ពុក​រលួយ​ដែរ​ឬ​ទេ ឬ​ក៏​ត្រូវ​ធ្វើ​ការឱ្យ​ច្រើន​ឡើង​លើ​ផ្នែក​ផ្សេង​បន្ថែម​ទៀត ?

"ខ្ញុំ​សូម​ផ្តល់​ជា​គំនិត​មួយ​សម្រាប់​ចាប់​ផ្តើម គឺ​រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​អន្តរជាតិ​របស់​ខ្លួន​ត្រូវ​តែ​កំណត់​បញ្ហា​សំខាន់ ក្នុង​ការ​ផ្តល់​ជូន​នូវ​បៀវត្ស​មួយ ដែល​អាចឱ្យ​មន្ត្រី​រាជការ​ចិញ្ចឹម​ជីវិត​បាន"

អំពើ​ពុក​រលួយ​គឺ​ប្រៀប​ដូច​ជា​ដំបង​មួយ​ដែល​គ្រប់​គ្នា​និយម​ប្រើ​ប្រាស់​សម្រាប់​វាយ​ប្រហារ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ជា​ការ​ពិត​ណាស់​វា​គឺ​ជា​បញ្ហា ប៉ុន្តែ​យើង​គួរ​តែ​ទុក​វា​មួយ​កន្លែង​សិន ។ បញ្ហា​នេះ​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រៀង​យូរ​បន្តិច​មក​ហើយ ហើយ​វា​មិន​ខុស​គ្នា​នឹង​ប្រទេស​ផ្សេង​ទៀត​ដែល​ធ្លាប់​មាន​កន្លង​មក​នោះ​ទេ ។ ហេតុ​អ្វី​បាន​ជា​បញ្ហា​ដូចគ្នា​នា​ពេល​បច្ចុប្បន្ន អាច​ក្លាយ​ជា​ធ្ងន់ធ្ងរ​ជាង​ពី​មុន​បាន ? ខ្ញុំ​គិត​ថា​ចម្លើយ​គឺ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​រីកចម្រើន​ជា​បន្ត​បន្ទាប់ ក្នុង​ចន្លោះ​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​ជា​មធ្យម​មាន​លើស​ពី ៥%ក្នុង​មួយ​ឆ្នាំ ។ ទោះ​ជា​ក្នុង​នោះ​អាច​ទាក់ទង​នឹង​ជំនួយ​បរទេស ក៏​ការ​រីកចម្រើន​នេះ​មួយ​ភាគ​ធំ​បាន​មក​ពី​វិស័យ​ធំ​ពីរ​គឺ កាត់​ដេរ និង ទេសចរណ៍ ។ លំហូរ​ចូល​យ៉ាង​លឿន​នៃ​វិនិយោគ​បរទេស និង​ការ​ប្រកួត​ប្រជែង​ដើម្បី "ចូល​បាន​មុន" កំពុង​តែ​ជំរុញឱ្យ​មាន "ការ​បង្ក​ភាព​ងាយ​ស្រួល" ដល់​ដំណើរ​ការ​ស្នើ​សុំ​ផ្សេងៗ ម្យ៉ាង​ទៀត​មាន​ភាព​ងាយ​ស្រួល​ក្នុង​ទំនាក់​ទំនង​ជា​មួយ​វិនិយោគិន​បរទេស ។ ខ្ញុំ​ពិត​ជា​មិន​មាន​កាតព្វកិច្ច​អ្វី​ក្នុង​បញ្ហា​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា បញ្ហា​ពុក​រលួយ​គឺ​ដូច​ជា​បីសាច​ដែល​មាន​ក្បាល​ច្រើន​អញ្ចឹង ការ​សម្លាប់​វា គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​ដែល​ទាមទារ​នូវ​ការ​តាំង​ចិត្ត​យ៉ាង​មោះ​មុត​របស់​យើង​ទាំង​អស់​គ្នា​ដែល​ពាក់​ព័ន្ឋ ។ ខ្ញុំ​សូម​ផ្តល់​ជា​គំនិត​មួយ​សម្រាប់​ចាប់​ផ្តើម​គឺ​រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​អន្តរជាតិ​របស់​ខ្លួន ត្រូវ​តែ​កំណត់​បញ្ហា​សំខាន់​ក្នុង​ការ​ផ្តល់​ជូន​នូវ​បៀវត្ស​មួយ ដែល​អាចឱ្យ​មន្ត្រី​រាជការ​ចិញ្ចឹម​ជីវិត​បាន ។ ប៉ុន្តែ​វា​ទាមទារ​នូវ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​កម្រិត​តម្រូវ​ការ​បុគ្គលិក​ចាំបាច់​សម្រាប់​ការងារ​រដ្ឋបាល និង​កាត់​បន្ថយ​រាល់​ចំណាយ​មិន​ចាំ​បាច់ បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ពន្ធ ធ្វើ​ផែន​ការ​ថវិកា និង​គ្រប់គ្រង​ចំណាយឱ្យ​បាន​ច្បាស់​លាស់ ។ល។ សរុប​សេចក្តី​មក ខ្ញុំ​មាន​សុទិដ្ឋិនិយម​លើ​បញ្ហា​នេះ ប៉ុន្តែ​វា​ត្រូវ​ការ​ពេល​វេលា និង​ការ​លះបង់​ជា​ច្រើន ។

តើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​គាំទ្រ​ដល់​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ បាន​ហើយ​ឬ​នៅ ?

ប្រហែល​ជា​មិន​ទាន់​បាន​ទេ ប៉ុន្តែ​វា​កំពុង​តែ​ឈាន​ទៅ​កាន់​ចំណុច​នោះ ។ ដើម្បី​គាំទ្រ​ដល់​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច ប្រព័ន្ធ​ធនាគារ​ត្រូវ​ដើរ​តួនាទី​ជា​អន្តរការី​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព ប៉ុន្តែ​បច្ចុប្បន្ន​នេះ វិស័យ​ធនាគារ​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន ។ ធនាគារ​មាន​លទ្ធភាព​លើស​លប់​ក្នុង​ការ​ផ្តល់​កម្ចី ប៉ុន្តែហាក់​បី​ដូច​ជា​មិន​អាច​ទាក់ទង​ជា​មួយ​អ្នក​ខ្ចី​ដែល​មាន​លទ្ធភាព​សង ធ្វើឱ្យ​កម្រិត​អនុបាត​រវាង​អ្នក​ខ្ចី និង​អ្នក​ដាក់​ប្រាក់​សន្សំ ស្ថិត​នៅ​ឆ្ងាយ​ពី​សមភាព ១:១ នេះ​បង្ហាញ​ពី​ការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​មិន​មាន​ប្រសិទ្ធភាព ។ ទន្ទឹម​នឹង​នេះ ក៏​មាន​អតិថិជន​សក្តានុពល​ដែល​មាន​លទ្ធភាព​សង កំពុង​តែ​មាន​តម្រូវ​ការ​ចាំបាច់​ទាំង​ឥណទាន​រយៈពេល​វែង ដែល​មាន​ធនាគារ​តិចតួច​ណាស់​មាន​ឆន្ទៈ​ចង់​ផ្តល់ឱ្យ (តែ​បែរ​ជា​បង្កើតឱ្យ​មាន​ស្ថានភាព​មិន​ល្អ ឧទាហរណ៍​ដូច​ជា អគារ និង រោងចក្រ ត្រូវ​បាន​ផ្តល់​ហិរញ្ញវត្ថុ​ជា​ឥណទាន​រយៈ​ពេល​ខ្លី​វិញ) និង​ទាំង​ទុន​បង្វិល​រយៈ​ពេល​ខ្លី​ដែល​ជា​ទូទៅ​អាច​ទទួល​បាន​ដោយ​ការ​យក​ដី​ដាក់​បញ្ចាំ ។ មិន​មែន​មាន​ន័យ​ថា​ធនាគារ​អាក្រក់​នោះ​ទេ វាចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដូច្នេះ ដូច​ដែល​ខ្ញុំ​បាន​លើក​ពី​ខាង​ដើម​ស្រាប់ គឺ​ដោយ​សារ​បរិស្ថាន​ច្បាប់​មិន​ទាន់​អនុញ្ញាតឱ្យ​ធនាគារ​ទុក​ចិត្ត នឹង​ទទួល​យក​ទ្រព្យ​បញ្ចាំ​ផ្សេង​ក្រៅ​ពី​នោះ ដូចជា​អត្រា​ប្រែប្រួល​ក្នុង​ការ​ទូទាត់​ទំនិញ ឬ​បំណុល​ត្រូវ​ទារ​ផ្សេងៗ ។

តើ​លោក​អាច​និយាយ​បាន​ទេ​ថា ប្រព័ន្ធ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ ផ្តល់​នូវ​តម្លាភាព និង​អនុលោម​តាម​ការ​ព្រម​ព្រៀង​អន្តរជាតិ​ដែរ​ឬ​ទេ ?

មាន​ការ​អភិវឌ្ឍ​ធំៗ​មួយ​ចំនួន ក្នុង​អំឡុង​ពេល​១២​ខែ​ចុង​ក្រោយ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​បទបញ្ជា​យ៉ាង​ច្បាស់​លាស់​ស្តី​ពី​ការ​កត់​ត្រា​គណនេយ្យ​របស់​ធនាគារ ហើយ​តម្រូវឱ្យ​មាន​ការ​រាយ​ការណ៍​ទូលំ​ទូលាយ​និង​លម្អិត និង ជា​ពិសេស​បង្គាប់​ជា​លើក​ដំបូងឱ្យ​ដល់​ធនាគារ​ទាំង​ឡាយឱ្យ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​ក្នុង​នោះ​មាន​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ ។ តែ​ទោះ​ជា​យ៉ាង​ណា បញ្ហា​មួយ​ដែល​យើង​ដឹង​នោះ​គឺ​មិន​ថា​ដោយ​ហេតុផល​អ្វី​ក៏​ដោយ គឺ​ប្រទេស​កម្ពុជា​បាន​សម្រេច​ចិត្ត​ទទួល​យក​ស្តង់ដារ​គណនេយ្យ​មួយ​សម្រាប់​ខ្លូន ដែល​មាន​ចំណុច​ខ្លះ​មិន​ស្រប​តាម​ស្តង់ដារ​បាយការណ៍​ហិរញ្ញ​វត្ថុ​អន្តរជាតិ ដែល​កំពុង​តែ​វិវឌ្ឍ​ជា​និច្ច​នោះ ពេល​នេះ​ខ្ញុំ​មិន​មែន​កំពុង​ធ្វើ​ការ​រិះគន់​ដល់​ស្តង់ដារ​គណនេយ្យ​របស់​ប្រទេស​កម្ពុជា ដែល​មាន​ចំណុច​ល្អ​ជា​ច្រើន​នោះ​ទេ គឺ​ខ្ញុំ​ចង់​ស្នើ​យោបល់​ថា ដោយ​មាន​ការ​រួម​គ្នា​ជា​សកល​មួយ​នៅ​ក្នុង​ស្តង់ដារ​គណនេយ្យ​អន្តរជាតិ​នោះ ការ​សម្រេច​យក​ស្តង់ដារ​គណនេយ្យ​ជាតិ​មួយ នៅ​ពេល​នេះ​វា​ធ្វើឱ្យ​មាន​ផល​​ពិបាកដល់​បញ្ហា​តម្លាភាព ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ស្វះ​ស្វែង​យ៉ាង​សកម្ម រក​ការ​ចូល​រួម​ក្នុង​អនុសញ្ញា​អន្តរជាតិ ។

តើ​ធនាគារ អេស៊ីលីដា បាន​កំណត់​ពី​ការ​អនុលោម​តាម​ស្តង់ដារ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ជំហរ​របស់​ខ្លួន នៅ​លើ​ឆាក​អន្តរជាតិ​បាន​យ៉ាង​ដូច​ម្តេច ?

ពី​ការ​ចាប់​ផ្តើម​ជា​អង្គការ​មីក្រូ​ហិរញ្ញវត្ថុ និង​បាន​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ នៅ​ក្នុង​ឆ្នាំ​២០០០ អេស៊ីលីដា​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ឋ​ជាមួយ​នឹង​សមាជិក​ផ្សេងៗ​មក​ពី​សហគមន៍​អន្តរជាតិ និង​បាន​បង្ហាញ​នូវ​អ្វី​ដែល​អាច​នឹង​ហៅ​ថា​ជា "ស្តង់ដារ​អន្តរជាតិ" ។ អ្នក​គ្រប់គ្រង​ដឹង​តាំង​ពី​ដំបូង​ថា ប្រសិន​បើ​យើង​អនុលោម​តាម​ស្តង់ដារ​ទាំង​នោះ ហើយ​បង្ហាញ​ថា​យើង​បាន​ធ្វើ​ដូច្នោះ​មែន យើង​នឹង​ទទួល​បាន​នូវ​សេចក្តី​ជឿ​ទុក​ចិត្ត​ពី​ពួក​គេ ហើយ​ទទួល​បាន​នូវ​ផលប្រយោជន៍​ភ្លាមៗ តាម​រយៈ​ការ​វិនិយោគ និង​ការ​គាំទ្រ​របស់​គេ ។ ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​គិត​របស់​ថ្នាក់​គ្រប់គ្រង​របស់​យើង​នោះ​គឺ ការ​សម្រេច​ចិត្ត​ស្វែងរក​ចំណាត់​ថ្នាក់​ពី​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ Moody's នៅ​ក្នុង​ឆ្នាំ​២០០៤ នេះ​ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

អេស៊ីលីដា មាន​តារាង​តុល្យការ​រឹងមាំ​បំផុត​ក្នុង​ចំណោម​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាប់​ទាំង​ធនាគារ​ជាតិ ។ តើ​ធនាគារ​អាច​សម្រេច​បាន​នូវ​ការ​រីកចម្រើន​លឿន​បែប​នេះ​យ៉ាង​ដូច​ម្តេច ?

ខ្ញុំ​នឹង​មិន​ធ្វើ​ការ​បកស្រាយ​អំពី​ធនាគារ​ជាតិ​ទេ ព្រោះ​យើង​មាន​ដើម​កំណើត គោល​បំណង និង​គោល​ដៅ ខុស​គ្នា​ទាំង​ស្រុង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​អេស៊ីលីដា ចម្លើយ​គឺ​មាន​ជាប់​ពាក់​ព័ន្ឋ​ខ្លះ​ទៅ​នឹង​សំណួរ​មុន ដោយ​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នក​គាំទ្រ​អន្តរជាតិ​ដែល​មាន​ឥទ្ឋិពល ធ្វើឱ្យ​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើន​ដើម​ទុន និង​ទទួល​បាន​មូលនិធិ​ជាមួយ​នឹង​អត្រា​ពាណិជ្ជកម្ម ។ មូលនិធិ​នេះ​បាន​ធ្វើឱ្យ​ធនាគារ​អាច​វិនិយោគ តាំង​ពី​ដំបូង​លើ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន​កម្រិត​ពិភពលោក និង​ផ្តល់​ការ​ហ្វឹកហ្វឺនឱ្យ​ដល់​បុគ្គលិក​បាន​យ៉ាង​ទូលំ​ទូលាយ និង​ល្អិត​ល្អន់​ក្នុង​អំឡុង​ពេល​មួយ​ដ៏​ខ្លី ។ (ខ្ញុំ​យល់​ថា​ធនាគារ អេស៊ីលីដា គឺ​ជា​អ្នក​ផ្តល់​ការងារ​ធំ​បំផុត​ដល់​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​នៅ​ក្នុង​ប្រទេស និង​រាល់​បុគ្គលិក​ទាំង​អស់​របស់​ធនាគារ ទាំង​បុគ្គលិក​ថ្មី និង​ចាស់ បាន​ទទួល​ការ​ហ្វឹកហ្វឺន​ជា​មធ្យម​៥​ដង​ក្នុង​មួយ​ឆ្នាំ) ។ បន្ថែម​ពី​លើ​នេះ​ទៀត ធនាគារ​បាន​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​ដែល​មិន​ធ្លាប់​មាន​សេវា​ធនាគារ​ចូល​ទៅ​ដល់ ដោយ​មាន​ដើមទុន​គ្រប់គ្រាន់ អាច​បំពេញ​តម្រូវ​ការ​ផ្នែក​ឥណទាន​ដែល​មាន​ចំនួន​ច្រើន​លើស​លប់​នៅ​ក្នុង​តំបន់​ទាំង​នោះ ។

តើ​លោក​យល់​ថា ការ​គាំទ្រ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​ជួយ​ដល់​កម្រិត​ណា ?

ខ្ញុំ​នឹង​និយាយ​ពាក្យ​មួយ​ថា "សំខាន់​ណាស់" ។ ទី​មួយ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​របស់ IFC តាំង​ពី​ដំបូង​ក្នុង​តួនាទី​ជា​វិនិយោគិន យើង​ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ឈាន​ទៅ​រក​ភាគហ៊ុនិក​សក្តានុពល​ផ្សេងៗ​ទៀត ។ ទីពីរ ពួក​គេ​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​ផ្នែក​បច្ចេកទេស ពិសេស​ក្នុង​ដំណើរ​ការ​ខាង​កិច្ចការ​ច្បាប់ និង​ដំណើរ​ការ​ឯកសារ​ផ្សេងៗ ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ ដើម្បី​ចាប់​ផ្តើម​ជា​ធនាគារ និង​បាន​ជួយ​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​គ្រឹះ​រឹង​មាំ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ។ ជា​ចុង​ក្រោយ ពួក​គេ​បាន​ផ្តល់ឱ្យ​យើង​នូវ​ឥណទាន​ខ្នាត​មធ្យម និង​ឥណទាន​រយៈ​ពេល​វែង គិត​តាម​អត្រា​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​មិន​គិត​ពី​បន្ទុក​ហានិភ័យ​របស់​ប្រទេស ។ មូលនិធិ​នេះ​ធ្វើឱ្យ​អេស៊ីលីដា​បង្កើត​នូវ​គំនិត​អភិវឌ្ឍ​បន្ថែម​ទៀត​ទៅ​លើ​គោលការណ៍​ផ្តល់​ប្រាក់​កម្ចី​របស់​ខ្លួន ដោយ​រក្សា​បាន​នូវ​តារាង​តុល្យការ​ដដែល ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ចាំ​មិន​ភ្លេច​នូវ​ជំនួយ​ពី​វិនិយោគិន​នា​ពេល​ចាប់​ផ្តើម​ដំបូង​របស់​យើង ជា​ពិសេស​គឺ DEG, FMO និង Triodos-Doen ដែល​ការ​ជួយផ្គត់ផ្គង់​របស់​ពួក​គេ​ពិត​ជា​មាន​សារៈសំខាន់​ដូច​គ្នា ។ វា​គឺ​ជា​ការ​រួម​សហការណ៍​យ៉ាង​ល្អ​ជា​មួយ IFC ដែល​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល ។

អេស៊ីលីដា​បច្ចុប្បន្ន​ផ្តល់​នូវ​សេវា​យ៉ាង​ទូលំ​ទូលាយ ពី​មីក្រូ​ហិរញ្ញវត្ថុ រហូត​ដល់​ឥណទាន​ក្រុមហ៊ុន ។ តើ​លោក​មាន​គិត​ថា​ធនាគារ​នឹង​កែប្រែ​រចនា​សម្ព័ន្ធ​ជា​អង្គភាព​ពីរ​ផ្សេង​គ្នា​ទេ ?

ខណៈ​ដែល​ខ្ញុំ​មិន​អាច​កំណត់​អ្វី​បាន ក្នុង​ពិភពលោក​កំពុង​តែ​ផ្លាស់​ប្តូរ​លឿន​នេះ យើង​ប្រហែល​ជា​មិន​មាន​បំរែបំរួល​យ៉ាង​នោះ​ទេ នៅ​ក្នុង​អនាគត​ដែល​យើង​អាច​ប៉ាន់​ប្រមាណ​បាន​ខាង​មុខ ដោយ​សំអាង​លើ​ហេតុផល​យ៉ាង​សាមញ្ញ​ពីរ​ដូច​ខាង​ក្រោម ៖

ទី​មួយ "ឥណទាន​ក្រុមហ៊ុន" ដែល​លោក​ចង់​និយាយ​នោះ ប្រាកដ​ជា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ។ ជា​ការ​ពិត​ណាស់​ដែល​ថា​យើង​មាន​អតិថិជន​ក្រុមហ៊ុន​ធំៗ ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ ទំនាក់ទំនង​របស់​យើង​គឺ​មិន​មែន​ផ្តល់​ប្រាក់​កម្ចី​ទេ ប៉ុន្តែ​ជា​អ្នក​ផ្តល់​សេវា​គ្រប់គ្រង​សាច់​ប្រាក់​និង​សេវា​ធនាគារ​ជា​ច្រើន​ផ្សេង​ទៀត ។ ក្រៅ​ពី​ទទួល​បាន​កំរៃ​សេវា វា​ក៏​បាន​បង្កើត​ជា​លំហូរ​សាច់​ប្រាក់ ដែល​ជួយឱ្យ​យើង​ខ្ញុំ​យក​ទៅ​ប្រើ​សម្រាប់​ឥណទាន​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច​ផង​ដែរ ។ ការ​បែង​ចែក​ដូច​នោះ​អាច​បង្កើតឱ្យ​មាន​ភាព​សាំញ៉ាំ​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ការ​បង្កើតឱ្យ​មាន​នូវ​លក្ខណៈ​ខុស​គ្នា​សិប្បនិម្មិត​មួយ ដែល​មិន​ចាំ​បាច់ និង​គ្មាន​នៅ​ក្នុង​អាជីវកម្ម​របស់​យើង (ព្រោះ​ធនាគារ​យើង​ខ្ញុំ​ក៏​ផ្តល់​នូវ​សេវា​ចាត់​ចែង​សាច់​ប្រាក់​ដូច​គ្នា ជូន​ដល់​អតិថិជន​ឯកត្តជន និង​អតិថិជន​មុខ​ជំនួញ​ខ្នាតតូច​ដូចគ្នា​ផង​ដែរ) ។

ទី​ពីរ ធាតុ​ពិត​នៃ​អាជីវកម្ម​របស់​យើង​គឺ​ជួយ​ដល់​សហគ្រិន​ដែល​ស្ថិត​ក្នុង​លំដាប់​សេដ្ឋកិច្ច​កម្រិត​ទាបឱ្យ​ឈាន​ឡើង​ជា​លំដាប់ តាម​រយៈ​ការ​ផ្តល់​ឥណទាន ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​រីកចម្រើន​ក្នុង​អាជីវកម្ម​របស់​ពួក​គាត់ ។ យើង​ប្រាថ្នា​នៅ​តែ​អាច​បន្ត​ផ្គត់ផ្គង់​ដល់​ពួក​គាត់​មិនឱ្យ​ដាច់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​អាជីវកម្ម​របស់​ពួក​គាត់​រីក​លូត​លាស់ ហើយ​សហគ្រិន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ទទួល​បាន​ជោគជ័យ​ទាំង​អស់ នេះ​បាន​ប្រើប្រាស់​សេវា​ធនាគារ​យើង​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ ដែល​ពួក​គាត់​គឺ​ជា​ស្នូល​នៃ​អ្វី​ដែល​ហៅ​ថា "ឥណទាន​ក្រុមហ៊ុន" របស់​យើង​ខ្ញុំ ។

ប្រជាជន​ភាគ​ច្រើន​ពេល​គិត​ដល់​អេស៊ីលីដា គឺ​ពួក​គាត់​គិត​ដល់​មីក្រូ​ហិរញ្ញវត្ថុ ។ តើ​លោក​គិត​ថា​រូបភាព​របស់​ធនាគារ ត្រូវ​ការ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ធ្វើឱ្យ​ប្រជាជន​យល់​ដឹង​អំពី​សកម្មភាព​ជា​ធនាគារ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដែល​ឬ ?

យើង​ទទួល​ស្គាល់​ថា​វា​ទាម​ទារ​នូវ​ពេល​វេលា​ខ្លះ ដើម្បី​ទទួល​បាន​នូវ​រូបភាព​ជា​ធនាគារ​ធំ​ដុំ​បែប​នេះ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​ទង្វើ​របស់​យើង ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នោះ ។ មីក្រូ​ហិរញ្ញវត្ថុ​នៅ​តែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​របស់​យើង និង​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ទុក​នូវ​រូបភាព​បែប​នេះ នៅ​ក្នុង​ការ​កម្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជកម្ម​មួយ! ជា​សំណាង​ល្អ​ដែល​សហគមន៍​ពាណិជ្ជកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តូច​ល្មម ហើយ​ពាក្យ​បាន​ផ្សព្វផ្សាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​ឆាប់​រហ័ស ។ (ជា​ការ​ពិត​នេះ​គឺ​វា​ដូច​ជា​អាវុធ​មុខ​ពីរ​អញ្ចឹង!) ផលិតផល​និង​សេវាកម្ម​ដ៏​ច្រើន​របស់​យើង ជា​ពិសេស​លទ្ធភាព​ដែល​យើង​អាច​ផ្តល់​សេវា​តាម​ប្រព័ន្ធ Online រួម​គ្នា​នៅ​តាម​បណ្ដាញ​សាខា​ខេត្ត-​រាជធានី ដែល​មិន​មាន​ធនាគារ​ណា​មួយ​ផ្សេង​ទៀត​ធ្វើ​ដូច​ឡើយ នៅ​ពេល​បច្ចុប្បន្ន​ផ្តល់​លទ្ធភាពឱ្យ​ធនាគារ​របស់​យើង​ចាប់​យក​អតិថិជន​ពាណិជ្ជកម្ម​គោល​ដៅ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​រូបភាព​លក់​ដុំ​ឡើយ ។

តើ​លោក​គិត​ថា សព្វ​ថ្ងៃ​មាន​ធនាគារ​ច្រើន​ពេក​ដែរ​ឬ​ទេ សម្រាប់​ទំហំ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ?

"ទេ ខ្ញុំ​មិន​គិត​ថា​មាន​ធនាគារ​ច្រើន​ពេក​ទេ គ្រាន់​តែ​ធនាគារ​ជា​ច្រើន​ផ្តល់​សេវា​ដូច​គ្នា"

ទេ ខ្ញុំ​មិន​គិត​ថា​មាន​ធនាគារ​ច្រើន​ពេក​ទេ​គ្រាន់​តែ​ធនាគារ​ជា​ច្រើន​ផ្តល់​សេវា​ដូច​គ្នា ។ កម្ពុជា​គឺ​ជា​ប្រទេស​ធំ​មួយ ថ្វី​បើ​មាន​ការ​ពិបាក​ក្នុង​ការ​ទាក់​ទាញ​និង​ស្រូប​យក​ការ​វិនិយោគទុន​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ក៏​ដោយ តែ​តាម​ការ​ពិត​សេដ្ឋកិច្ច​ថ្នាក់​ទាប​កំពុង​ដំណើរ​ការ​បាន​យ៉ាង​ល្អ ។ ប៉ុន្តែ​មាន​ការ​លើក​លែង​មួយ​ចំនួន​តូច ដែល​ធនាគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទី​ក្រុង​ធំៗ​បួន​ឬ​ប្រាំ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ពួក​គេ​កំពុង​តែ​ដាក់​ព្រំដែន​ខ្លួន​ឯងឱ្យ​បម្រើ​អតិថិជន​មិនឱ្យ​លើស​ពី​១៥% នៃ​ចំនួន​ប្រជាពលរដ្ឋ ដែល​ជា​លទ្ធផល ពួក​គេ​ត្រូវ​ប្រកួត​ប្រជែង​សម្រាប់​តែ​អតិថិជន​ពាណិជ្ជកម្ម​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង ។ អ្វី​ដែល​ចាំ​បាច់​នោះ​គឺ​ការ​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ការ​កសាង​បណ្ដាញ​ប្រតិបត្ត៊ិការ ដែល​ប្រៀប​បាន​នឹង​ជម្រើស​រវាង "មេ​មាន់ និង ពង​មាន់" គឺ​មាន​តែ​វិនិយោគិន​ដែល​មាន​ទំនុក​ចិត្ត​ប៉ុណ្ណោះ ទើប​អាច​ទទួល​បាន​នូវ​ផល​ចំណេញ​សម​ល្មម​នឹង​ការ​វិនិយោគ​របស់​ខ្លួន ។ និយាយ​ដល់​ត្រឹម​នេះ ធ្វើឱ្យ​យើង​នឹក​ដល់​ចំណុច​ដែល​យើង​បាន​ជជែក​គ្នា​ពី​ដំបូង...!

សំគាល់ ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖