www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ការិយាល័យ​កណ្ដាល

ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ការិយាល័យ​កណ្ដាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

គំនូរ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់​ធនាគារ​អេស៊ីលីដា
គំនូរ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់​ធនាគារ​អេស៊ីលីដា

ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០០៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​នាំ​មុខ​គេ​លើ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០០៥ នេះ ធនាគារ អេស៊ីលីដា បាន​ប្រារព្ឋ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​ការិយាល័យ​កណ្ដាល​ដ៏​ធំ ជា​កម្មសិទ្ធិ​ផ្ទាល់​នៅ​រាជ​ធានី​ភ្នំពេញ ស្ថិត​ក្នុង​ដី​ឡូត៍​លេខ ២៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ មហាវិថី​ព្រះមុនីវង្ស ។ លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​កិត្តិយស​ជា​មិត្ត លោក​ប្រធាន អនុ​ប្រធាន ក្រុមប្រឹក្សាភិបាល ថ្នាក់​ដឹក​នាំ និង​បុគ្គលិក ធនាគារ អេស៊ីលីដា គ្រប់​ជាន់​ថ្នាក់ ។

អគារ​ការិយាល័យ​កណ្ដាល​របស់ ធនាគារ អេស៊ីលីដា នេះ​សង់​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​ជាង ៤.៥៥០ ម៉ែត្រ​ក្រឡា ។ ការ​សាងសង់​នេះ អនុលោម​ទៅ​តាម​ច្បាប់​អនុញ្ញាត​សាងសង់​លេខ ៣២ DNS/RDN 19th April 2005 ដែល​ចាប់​ផ្តើម​នៅ​ខែ​នេះ (ឧសភា ឆ្នាំ​២០០៥) នឹង​ត្រូវ​បញ្ចប់ឱ្យ​រួចរាល់​នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០០៦ ។

គំនូរ​អគារ​ពេល​យប់
គំនូរ​អគារ​ពេល​យប់

ដើម្បី​សង់ឱ្យ​បាន​នូវ​អគារ​ការិយាល័យ​កណ្ដាល​ខ្នាត​អន្តរជាតិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជ្រើស​រើស​យក​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ស្គាល់​ដ៏​ខ្ពង់​ខ្ពស់​ ឈ្មោះ BK Asia Pacific ធ្វើ​ជា​ប្រធាន​គម្រោង​សាង​សង់ ។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន មាន​ការ​ដេញ​ថ្លៃ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុមហ៊ុន​និម្មាបនកម្ម​កម្ពុជា អាល្លឺម៉ង់ ហូល្លង់ដ៍ ញូហ្សឺឡែន ថៃ និង​អង់គ្លេស ។ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិចារណា​យ៉ាង​ល្អិត​ល្អន់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សម្រេច​ជ្រើស​រើស​យក​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ឈ្មោះ Chuchawal-de Weger និង​ក្រុមហ៊ុន Design 103 ជា​អ្នក​គូរ​ប្លង់​គម្រោង​សាងសង់ ។ សូម​​បញ្ជាក់​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​សមាជិក​ក្រុមហ៊ុន Royal Haskoning Group មក​ពី​ប្រទេស​ហុល្លង់ដ៍ ។ ការ​រៀបចំ​ការដ្ឋាន​សម្រាប់​សាង​សង់ បាន​ចាប់​ផ្តើម​​តាំង​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០០៥ នេះ ។

ធនាគារ អេស៊ីលីដា រំពឹង​ថា​ការ​សាងសង់​នឹង​ចំណាយ​អស់​ទឹក​ប្រាក់​ជាង ប្រាំលាន​ប្រាំសែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីឱ្យ​បាន​ទី​កន្លែង​សម្រាប់​បំពេញ​ការងារ រួម​ទាំង​បញ្ជរ​សម្រាប់​បម្រើ​អតិថិជន​ប្រមាណ ៥០០​ម៉ែត្រ​ក្រឡា ដែល​មាន​ទំហំ​សរុប​ប្រមាណ ៦.៨០០ ម៉ែត្រ​ក្រឡា ចំណត​សម្រាប់យានយន្ត ១៦៨​គ្រឿង នៅ​ខាង​ក្រោយ​អគារ​ការិយាល័យ​កណ្ដាល ដែល​នឹង​ផ្តល់​ភាព​ងាយ​ស្រួល និង​ការពារ​អតិថិជន​គ្រប់​ពេល ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ឬ​ប្រគល់-ទទួល​សាច់ប្រាក់​ចំនួន​ច្រើន ។ ការ​គូរ​ប្លង់ និង​ការ​សាងសង់ នឹង​ត្រូវ​ការ​អនុលោម​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​កម្រិត​ខ្ពស់ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​ផ្នែក​ការពារ​សន្តិសុខ បង្ការ​អគ្គីភ័យ ការ​សន្សំ​សំចៃ​ថាមពល​ប្រើប្រាស់ និង​ការពារ​សុវត្ថិភាព និង​សុខភាព ។ ការ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស ក៏​បាន​ធ្វើ​ផង​ដែរ​សម្រាប់​បម្រើ​ដល់​អតិថិជន​ដែល​ជា​ជន​ពិការ និង រៀប​ចំឱ្យមាន​ទីកន្លែង​ងាយ​ស្រួល​ក្នុង​ការ​បម្រើ​សេវា​ប្តូរ​ប្រាក់ សេវា​វ៉េសស្ទឺន​យូញៀន ហើយ​និង​ផ្តល់​សេវា ២៤ លើ ២៤ ម៉ោង ដោយ​ការ​ប្រើប្រាស់ ATM ។

ការ​គ្រប់គ្រង សុវត្ថិភាព សុខភាព និង​បរិស្ថាន

ធនាគារ អេស៊ីលីដា ភីអិលស៊ី រំពឹង​ទុក​ជា​មុន​ថា នៅ​រាល់​អង្គការ និង​អង្គភាព​ជំនួញ អាច​នឹង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ជា​ពិសេស​ក្នុង​កំឡុង​ពេល​សាង​សង់ ។ គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូចជា ការ​ធ្វេស​ប្រហែស បរិស្ថាន​គ្មាន​សុវត្ថិភាព ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផល​ប៉ះពាល់​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ទាំង​នោះ អាច​កាត់​បន្ថយ ឬ​ទប់ទល់​បាន ដោយ​មាន​ការ​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព សុខភាព និង​បរិស្ថាន ឱ្យ​បាន​ត្រឹមត្រូវ ។ គោល​ដៅ​នៃ​ការ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព ក្នុង​ការ​បំពេញ​ការងារ គឺ​ត្រូវ​ការ​ទប់​ស្កាត់​ការ​បាត់បង់​ជីវិត ហើយ​និង​បន្ថយ​លទ្ធភាព​ដែល​នាំឱ្យ​មាន​ការ​បាត់​បង់​ជីវិត ពី​ការ​គ្រោះថ្នាក់​ដល់​កម្មករ ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​ខូច​បរិស្ថាន ។

ដើម្បី​ទប់​ស្កាត់​ប្រការ​ទាំង​អស់​ខាង​លើ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួល​មន្ត្រី​វិជ្ជាជីវៈ​ផ្នែក​សុវត្ថិភាព ពី​ក្រុមហ៊ុន Royal Haskoning ដើម្បី​ត្រួត​ពិនិត្យ​លើ​បរិស្ថាន​សុវត្ថិភាព និង​រាល់​នីតិ​វិធី​នៅ​កន្លែង​សាង​សង់​អគារ ហើយ​ធ្វើ​របាយការណ៍​រៀង​រាល់​ខែ​ជូន ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួល​ទីប្រឹក្សា និង​ក្រុមហ៊ុន​សាង​សង់​ដូច​ខាង​ក្រោម​នេះ

គម្រោង​សាងសង់
គម្រោង​សាងសង់

កាល​បរិច្ឆេទ​ចាប់​ផ្តើម​សាង​សង់ ៖ នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០០៥ ។ កាល​បរិច្ឆេទ​បញ្ចប់​ការ​សាង​សង់ ៖ ត្រីមាស​ទី​៣ ឆ្នាំ​២០០៦

គំនូរ​អគារ​មើល​ពី​ចំហៀង
គំនូរ​អគារ​មើល​ពី​ចំហៀង

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សម្រេច​ចិត្ត​វិនិយោគ​សាង​សង់​អគារ​ការិយាល័យ​កណ្ដាល ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ខ្លួន ដើម្បី​បំពេញ​តាម​ទស្សនៈ ជា​ធនាគារ​ពាណិជ្ជកម្ម​នាំ​មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។

បេសកកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម និង​សាធារណជន នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅឱ្យ​ប្រសើរ​ឡើង ដោយ​អនុវត្តឱ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគហ៊ុនិក កម្មករ​និយោជិត ព្រម​ទាំង​សហគមន៍​ទាំង​អស់ ។

ដោយ​មាន​ជំនឿ​លើ​អនាគត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី យល់​ថា​ពេល​នេះ​ជា​ឱកាស​ដ៏​ល្អ ដែល​ត្រូវ​មាន​អគារ​ការិយាល័យ​កណ្ដាល​ជា​កម្មសិទ្ធិ​ខ្នាត​អន្តរជាតិ​ដើម្បី ៖

បច្ចុប្បន្ន​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ពង្រីក​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ រហូត​ដល់ ១៣៥​ការិយាល័យ នៅ​ក្នុង​ខេត្ត ២១​ខេត្ត-​រាជធានី និង​កំពុង​សិក្សា​បើក​ទី​តាំង​ថ្មី​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រំពឹង​ថា​នឹង​អាច​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

បច្ចក្ខភាព​នៃ​ការ​ប្រតិស្ឋ​ឡើង​នូវ​អគារ​ផ្ទាល់​ខ្លួន​ដ៏​ធំ​នេះ បង្ហាញឱ្យ​ឃើញ​ថា ធនាគារ អេស៊ីលីដា បាន​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​បង្កើន​គុណភាព​សេវាបម្រើ​អតិថិជន​ប្រកប​ដោយ​គុណភាព​ខ្ពស់​ថែម​ទៀត ហើយ​នឹង​ផ្តល់​ទំនុក​ចិត្ត ធានា​ដល់​សាធារណជន អតិថិជន រយៈពេល​យូរ​អង្វែង នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​សាធារណជន និង​អតិថិជន ជា​ពិសេស​យើង​ចង់ឱ្យ​អតិថិជន​របស់​យើង​មាន​មោទភាព​ក្នុង​ការ​ប្រើប្រាស់ ធនាគារ អេស៊ីលីដា ជា​ធនាគារ និង​ដៃ​គូ​របស់​ពួក​គេ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៤៥១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖