www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​ឧត្តមភាព​ពី​ធនាគារ HSBC

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​វិញ្ញាបនបត្រ​ឧត្តមភាព​ពី​ធនាគារ HSBC

ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០០៥

វិញ្ញាបនបត្រ​ឧត្តមភាព ឆ្នាំ​២០០៥ នៃ​សេវា​ទូទាត់​សាច់​ប្រាក់​ជា​សកល និង​គ្រប់គ្រង​សាច់​ប្រាក់
វិញ្ញាបនបត្រ​ឧត្តមភាព ឆ្នាំ​២០០៥ នៃ​សេវា​ទូទាត់​សាច់​ប្រាក់​ជា​សកល និង​គ្រប់គ្រង​សាច់​ប្រាក់

នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០០៥ នា​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ HSBC បាន​ប្រគល់​វិញ្ញាបនបត្រ​ឧត្តមភាព​របស់​ខ្លួន​ចំពោះ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​មួយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ វិញ្ញាបនបត្រ​ឧត្តមភាព​នេះ ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ការ​អនុវត្ត​ល្អ​ឥត​ខ្ចោះ និង ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ ក្នុង​ដំណើរ​ការ​បម្រើ​សេវា​ទូទាត់​ជា​សកល និង​សេវា​គ្រប់គ្រង​សាច់​ប្រាក់ (ដូច​គ្នា​នឹង​បេសកកម្ម​របស់​ធនាគារ HSBC ដែរ) ដែល​បាន​ធ្វើ​វិភាគទាន​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ការ​លាង​លុយ និង​ភេរវកម្ម ។

លោក Hersel Mahani អគ្គនាយក​រង​ជាន់​ខ្ពស់​នៃ​ធនាគារ HSBC បាន​មាន​ប្រសាសន៍​ថា "ការ​វិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា ពី​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​មួយ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បម្រើ​សេវា​ធនាគារ​ពាណិជ្ជ ជូន​សហគ្រិន​ក្នុង​ស្រុក និង​អន្តរជាតិ​ដោយ​ទប់​ស្កាត់​ការ​លាង​លុយ និង​សកម្មភាព​ភេរវកម្ម​នានា ដែល​នេះ​មិន​មែន​គ្រាន់​តែ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ធនាគារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ធនាគារ​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​ផង​ដែរ" ។ លោក Hersel Mahani បាន​បន្ថែម​ទៀត​ថា "អ្នក​ទទួល​បាន​វិញ្ញាបនបត្រ​ឧត្តមភាព​របស់​ធនាគារ HSBC ទាល់​តែ​ជា​ក្រុមហ៊ុន​ដែល​មាន​ការ​អនុវត្ត​ល្អ​ឥត​ខ្ចោះ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បម្រើ​ជូន​អតិថិជន ធនាគារ​អេស៊ីលីដា ពិត​ជា​ស័ក្តិសម​នឹង​ទទួល​បាន​នូវ​រង្វាន់​នេះ​មែន" ។

លោក​អគ្គនាយក អ៊ិន ចាន់នី ទទួល​វិញ្ញាបនបត្រ​ឧត្តមភាព​ពី​លោក Hersel Mahani អគ្គនាយករង​ជាន់​ខ្ពស់​នៃ​ធនាគារ HSBC
លោក​អគ្គនាយក អ៊ិន ចាន់នី ទទួល​វិញ្ញាបនបត្រ​ឧត្តមភាព​ពី​លោក Hersel Mahani អគ្គនាយករង​ជាន់​ខ្ពស់​នៃ​ធនាគារ HSBC

ដោយ​មាន​ធនាគារ HSBC Bank, N.A. ជា​ដៃ​គូ ធនាគារ​អេស៊ីលីដា​បាន​ពង្រីក​ការ​បម្រើ​សេវា​ទូទាត់ និង​គ្រប់គ្រង​សាច់​ប្រាក់​ជូន​អតិថិជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស តាម​រយៈ ១៣៦​ការិយាល័យ និង​សាខា​របស់​ខ្លួន ។

ក្នុង​ឱកាស​នោះ លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​ទទួល​បាន​រង្វាន់​នេះ ។ ធនាគារ HSBC គឺ​ជា​ដៃ​គូ​មួយ​ដ៏​សំខាន់ ដែល​ជួយឱ្យ​យើង​ខ្ញុំ​បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ ប្រកប​ដោយ​ការ​អនុវត្ត​ល្អ​ឥត​ខ្ចោះ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ផ្តល់​នូវ​សេវា​ទូទាត់​ជា​សកល និង​គ្រប់គ្រង​សាច់ប្រាក់​ជូន​ដល់​សហគ្រិន និង​អតិថិជន​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស ។" លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា "ខ្ញុំ​មាន​ការ​ជឿជាក់​យ៉ាង​រឹងមាំ​ថា វិញ្ញាបនបត្រ​ឧត្តមភាព​នេះ គឺ​ជា​ភស្តុតាង​យ៉ាង​សំខាន់​សម្រាប់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី" ។

HSBC Bank, N.A. គឺ​ជា​ធនាគារ​មួយ​ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី​មួយ ក្នុង​សេវា​ទូទាត់​និង​គ្រប់គ្រង​សាច់​ប្រាក់ ជា​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ដែល​មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន​ជាង ១៥០០ មក​ពី​ប្រទេស និង​តំបន់​ផ្សេងៗ​គ្នា​ជាង ១១៥ បាន​បើក​គណនី​ផាត់​ទាត់​ជា​មួយ និង​មាន​ទ្រព្យ​សកម្ម​កើន​ឡើង​ជិត​ដល់ ៣០០​ពាន់​លាន​ដុល្លារ​អាមេរិក ។ វា​ជួយ​បង្កើតឱ្យ​មាន​នូវ​ភាព​រឹងមាំ​ខាង​សេវា​ហិរញ្ញវត្ថុ​ឯកត្តជន សេវា​ធនាគារ​ឯកជន សេវា​ធនាគារ​ពាណិជ្ជកម្ម និង​សេវា​ធនាគារ​វិនិយោគ​សហគ្រាស ព្រម​ទាំង​ការ​បែង​ចែក​ទី​ផ្សារ ។ គោល​ដៅ​របស់​ធនាគារ HSBC គឺ​នាំ​ធនាគារ​ផ្សេងៗឱ្យ​ចូល​រួម​ក្នុង​គោល​គំនិត​ចម្បង​នៃ​វិស័យ​ធនាគារ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​លាង​លុយ​កខ្វក់ និង​ភេរវកម្ម និង​ធ្វើឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សេវា​ទូទាត់ និង​គ្រប់គ្រង​សាច់​ប្រាក់ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១៩២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖