www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ

ធនាគារ អេស៊ីលីដា ទទួល​ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ

ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០០៥

ពាន​រង្វាន់​នៃ​ភាព​ជា​ដៃគូ​ឈាន​មុខ​គេ សម្រាប់​ឆ្នាំ​២០០៥ របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ
ពាន​រង្វាន់​នៃ​ភាព​ជា​ដៃគូ​ឈាន​មុខ​គេ សម្រាប់​ឆ្នាំ​២០០៥ របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ

នៅ​វ៉ាស៊ីនតោន ឌីស៊ី ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០០៥ IFC (International Finance Corporation / សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ) បាន​ប្រគល់​ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដល់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នាំ​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ​នេះ សម្រាប់​អតិថិជន​ក្រុមហ៊ុន​ណា​មួយ ដែល​សម្រេច​បាន​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ជាង​គេ និង​ស្រប​គ្នា​នឹង​បេសកកម្ម​របស់ IFC ដែល​បាន​ចូល​រួម​យ៉ាង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព ។

លោក Assaad Jabre អគ្គនាយក​រង​ស្តីទី​នៃ IFC បាន​មាន​ប្រសាសន៍​ថា "ការវិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា ពី​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ ដែល​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​តាម​ជន​បទ ក្លាយ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​ជម្រើស​ទី​មួយ កំពុង​ផ្តល់​សេវា​ជូន​សហគ្រិន​រាប់​ពាន់​នាក់ ទាំង​នៅ​ជនបទ​និង​នៅ​ទី​ក្រុង​នានា ដែល​នេះ​គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ មិន​ត្រឹម​តែ​សម្រាប់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ" ។ លោក​បាន​បន្ត​ទៀត​ថា "អ្នក​ទទួល​បាន​ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ​ពី IFC គឺ​ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើតឱ្យ​មាន​នូវ​កម្រិត​មាត្រាដ្ឋាន​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​អភិបាលកិច្ច​សាជីវកម្ម ការ​ចូល​រួម​ក្នុង​សហគមន៍ និរន្តរភាព​នៃ​បរិស្ថាន​និង​សង្គម និង​ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ ៖ អេស៊ីលីដា ពិត​ជា​សក្តិសម​នឹង​ទទួល​ពាន​រង្វាន់​នេះ" ។

ដោយ​មាន​ការ​គាំទ្រ​ពី IFC អេស៊ីលីដា​បាន​កម្លាយ​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​អតិថិជន​ឥណទាន​ខ្នាត​តូច​ចំនួន ៥៥.០០០​នាក់ រហូត​ដល់​ក្លាយ​ជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ធំ​ជាង​គេ​ទី​២ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ អេស៊ីលីដា បាន​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ទៅ​កាន់​តំបន់​ដែល​ពុំ​ធ្លាប់​បាន​ទទួល​សេវា​ពី​ស្ថាប័ន​ហិរពា្ញវត្ថុ និង​មាន​អតិថិជន​ឥណទាន​សកម្ម​សរុប​ជាង ១៣១.០០០​នាក់ តាម​រយៈ​ការិយាល័យ​និង​សាខា​ទាំង​១៣៦ ។

ជិត​៧០​ភាគរយ នៃ​អតិថិជន​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា ជា​ស្ត្រី​ភេទ ។ ឥណទាន​ភាគ​ច្រើន​របស់​ធនាគារ ត្រូវ​បាន​ផ្តល់​ទៅឱ្យ​សហគ្រិន​ដែល​លក់​ដូរ​ផលិតផល​ជា​មូលដ្ឋាន​ដូច​ជា ស្រូវ ត្រី ផលិតផល​កសិកម្ម និង ផលិតផល​ហត្ថកម្ម ។

លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ អេស៊ីលីដា មាន​ប្រសាសន៍​ថា "យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ ។ IFC គឺ​ជា​ដៃ​គូ​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​ជួយឱ្យ​យើង​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ពេញ​លេញ ដែល​នាំ​យក​សេវា​ហិរញ្ញវត្ថុ​ដ៏​មាន​សារៈ​សំខាន់​ជូន​ដល់​សហគ្រិន​ទូទៅ និង​ក្រុម​គ្រួសារ​នៅ​តាម​ជន​បទ ក៏​ដូចជា​នៅ​ទី​ក្រុង​នានា​ផង​ដែរ" ។ លោក​បាន​បន្ត​ទៀត​ថា "ខ្ញុំ​មាន​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា និរន្តរភាព​នៃ​មីក្រូ​ហិរញ្ញវត្ថុ គឺ​ជា​ឧបករណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ការ​រីកចម្រើន​សេដ្ឋកិច្ច​ដល់​ប្រជាជន​សាមញ្ញ និង​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ឋិពល​ក្នុង​ការ​ប្រយុទ្ឋ​ប្រឆាំង​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា" ។

សមាគម​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា (ACLEDA / អេស៊ីលីដា) បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​បាន​ចាប់​ផ្តើម​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ដែល​បម្រើ​សេវា​ពេញ​លេញ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ របស់ IFC ដែល​បាន​ជួយ​ខាង​ផ្នែក​បច្ចេកទេស ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋ​អាមេរិក កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ និង ភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​ជា​ច្រើន​ទៀត ។

IFC បាន​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​អេស៊ីលីដា នៅ​ពី​ឆ្នាំ​២០០០ និង វិនិយោគ​បន្ថែម​នៅ​ឆ្នាំ​២០០៣ ដែល​បាន​អូស​ទាញ​អ្នក​វិនិយោគ​ដ៏ទៃ​ទៀត និង​បាន​ធ្វើ​ហិរញ្ញប្បទាន​ដើម្បី​ពង្រីក​លទ្ធភាព​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ ទៅ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ។ សព្វ​ថ្ងៃ​ធនាគារ​មាន​សមតុល្យ​ឥណទាន​ចំនួន ៨០​លាន​ដុល្លារ​អាមេរិក បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​១៩៩៨ គឺ​មាន​ត្រឹម​តែ ១០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។ អេស៊ីលីដា ក៏​មាន​ផ្តល់​ជូន​ផង​ដែរ​នូវ​សេវា​គណនី​បញ្ញើ-សំចៃ សេវា​ផ្ទេរ​ប្រាក់ ដែល​ផ្តល់​លទ្ធភាពឱ្យ​គ្រួសារ​អាច​ជួយ​គ្នា​ឆ្លង​កាត់​ខេត្ត​និង​តំបន់​នានា និង សេវា​បើក​ប្រាក់​បៀវត្ស​ដោយ​ផ្ទេរ​ចូល​ក្នុង​គណនី​របស់​អតិថិជន​ដែល​ទទួល​បាន​ចំណូល​តិច ។ តាម​មធ្យោបាយ​នេះ ធនាគារ​កំពុង​សម្រេច​បាន​ជោគជ័យ​នូវ​គោល​ដៅ​ជំនួញ​របស់​ខ្លួន ស្រប​ពេល​ដែល​មាន​ការ​តាំង​ចិត្ត​ដើម្បី​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត ។

IFC គឺ​ជា​អ្នក​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម ។ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០០៥ IFC បាន​វិនិយោគ​ចំនួន ៣២៣​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​គម្រោង​មីក្រូ​ហិរញ្ញវត្ថុ ៦៩ ក្នុង ៤៣​ប្រទេស ។ IFC ជួយ​កសាង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មឱ្យ​រឹង​មាំ តាម​រយៈ​ការ​វិនិយោគ ភាព​ជា​ដៃគូ និង ផ្តល់​នូវ​ជំនួយ​បច្ចេក​ទេស ចាំ​បាច់​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត ។ គោល​ដៅ​របស់ IFC គឺ​នាំ​មីក្រូ​ហិរញ្ញវត្ថុឱ្យ​ចូល​ទៅ​ក្នុង​វិស័យ​ធនាគារ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ជីវភាព​រស់​នៅ​របស់​ប្រជាជន ។

លោក Assaad Jabre អគ្គនាយក​រង​ស្តីទី​នៃ IFC
លោក Assaad Jabre អគ្គនាយក​រង​ស្តីទី​នៃ IFC

គុណសម្បត្តិ​ដើម្បី​ទទួល​បាន​ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ​ពី IFC និង​អត្ថប្រយោជន៍​របស់​វា

តើ​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ជា​ស្ថាប័ន​អ្វី ? ធ្វើ​អ្វី​ខ្លះ ? មាន​វិសាលភាព​ដូចម្តេច ?

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ គឺ​ជា​ស្ថាប័ន​អាជីវកម្ម​អន្តរជាតិ និង​ជា​សមាជិក​មួយ​របស់​ធនាគារ​ពិភព​លោក (World Bank Group) ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន ។ IFC បាន​ចូល​រួម​ក្នុង​គោល​បំណង​សំខាន់ៗ​របស់ World Bank Group ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ជា​សមាជិក​របស់​ខ្លួន ។

IFC មាន​សមាជិក​ចំនួន ១៧៦​ប្រទេស មាន​មូលនិធិ​ទ្រព្យ​សម្បត្តិ​សុទ្ឋ​ចំនួន ៧,៨​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ដើម​ទុន​ជា​ផ្លូវ​ការ​មាន​ចំនួន ២,៤៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ បេសកកម្ម​របស់ IFC គឺ​ជំរុញឱ្យ​មាន​និរន្តរភាព​ការ​វិនិយោគ​លើ​វិស័យ​ឯកជន នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​របស់​ប្រជាជន លើក​កម្ពស់​និរន្តរភាព​បរិស្ថាន​សង្គម ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​ប្រឹក្សា​លើ​ការ​គ្រប់គ្រង និង​ជំនួញ ។

តើ​ធនាគារ​អេស៊ីលីដា មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ ទើប​ទទួល​បាន​រង្វាន់ Client Leadership Award ពី IFC ?

ក្នុង​ចំណោម​ស្ថាប័ន​ចំនួន ១៤០០ នៅ​ក្នុង​ពិភពលោក ដែល​បាន​ទទួល​ហិរញ្ញប្បទាន​ពី IFC ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ស្ថាប័ន​តែ​មួយ​គត់ ដែល​បាន​បំពេញ​នូវ​លក្ខខណ្ឌ​ប្រសើរ​ជាង​គេ ដើម្បី​ទទួល​បាន​រង្វាន់ Client Leadership Award ពី IFC ។ លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន ៖

  1. Corporate Governance មាន​ន័យ​ថា ធនាគារ​អេស៊ីលីដា បាន​ប្រតិបត្តិការ​ត្រឹម​ត្រូវ និង​មាន​ការ​ទទួល​ខុស​ត្រូវ (Responsibility) គណនីភាព (Accountability) និង​តម្លាភាព (Transparency) ។
  2. Community Involvement មាន​ន័យ​ថា ធនាគារ​អេស៊ីលីដា បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ និង​បង្កើន​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ដល់​តំបន់​ជន​បទ​គ្របដណ្ដប់ ២២​ខេត្ត-​រាជធានី ក្នុង​ចំណោម​២៤​ខេត្ត-​រាជធានី​ទូទាំង​ប្រទេស ដែល​មិន​មាន​ស្ថាប័ន​ផ្សេង​អាច​ប្រតិបត្តិ​បាន ។
  3. Environment and Social Sustainability មាន​ន័យ​ថា ធនាគារ​អេស៊ីលីដា បាន​ចូល​រួម​ពង្រឹង​និរន្តរភាព​សង្គម និង​បរិស្ថាន ដោយ​បាន​អនុវត្ត​នូវ​គោល​នយោបាយ​ពិសេស ជៀស​វាង​នូវ​ការ​ផ្តល់​ឥណទាន​ដល់​ជំនួញ ឬ​មុខ​របរ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម ស្រប​តាម​បទប្បញ្ញត្តិ​ដែល​បាន​ហាមឃាត់​ជា​អន្តរជាតិ ។
  4. Commercial Success មាន​ន័យ​ថា ធនាគារ​អេស៊ីលីដា ជា​ស្ថាប័ន​ដែល​បាន​ទទួល​ជោគជ័យ និង​បង្កើន​ប្រាក់​ចំណេញ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ប្រតិបត្តិការ​ដំបូង​របស់​ខ្លួន ជា​ពិសេស​មាន​ភាគលាភ​សម្រាប់​បែង​ចែក​ដល់​ភាគហ៊ុនិក​ជា​រៀង​រាល់​ឆ្នាំ ។

តើ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ទទួល​រង្វាន់​នេះ ?

ព្រឹត្តិការណ៍​ទទួល​រង្វាន់ Client Leadership Award ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​ដល់​ធនាគារ​អេស៊ីលីដា ដូច​ខាង​ក្រោម ៖

សុន្ទរកថា​របស់​លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី

ពី​ឆ្វេង​ទៅ​ស្តាំ លោក Assaad Jabre អគ្គនាយករង​ស្តីទី​នៃ IFC លោក អ៊ិន ចាន់នី អគ្គនាយក និង លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ធនាគារ​អេស៊ីលីដា
ពី​ឆ្វេង​ទៅ​ស្តាំ លោក Assaad Jabre អគ្គនាយករង​ស្តីទី​នៃ IFC លោក អ៊ិន ចាន់នី អគ្គនាយក និង លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ធនាគារ​អេស៊ីលីដា

ថ្ងៃ​នេះ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​ផ្តល់​ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ​នេះ ។ ជំនួស​មុខឱ្យ​ធនាគារ​អេស៊ីលីដា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះ IFC ដែល​បាន​ជ្រើស​រើស​ធនាគារ​អេស៊ីលីដា ដើម្បី​ផ្តល់​ជូន​ពាន​រង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​គេ សម្រាប់​ឆ្នាំ​២០០៥ ។ ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​អ្នក​វិនិយោគ​ដំបូង​ទាំង​អស់​របស់​ធនាគារ​អេស៊ីលីដា IFC បាន​ជួយ​បង្កើតឱ្យ​មាន​ធនាគារ​អេស៊ីលីដា នេះ​ឡើង ។ ដូចនេះ​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដោយ​ផ្ទាល់​សម្រាប់​អ្វី​ដែល​ការ​វិនិយោគ​របស់​លោក​អ្នក​សម្រេច​បាន និង​ថា​តើ​វា​មាន​អត្ថន័យ​យ៉ាង​ណា​សម្រាប់​ប្រជាជន​កម្ពុជា ។

អេស៊ីលីដា បាន​ទទួល​ការ​គាំទ្រ​ជា​លើក​ដំបូង ពី IFC នៅ​ក្នុង​ឆ្នាំ​១៩៩៨ ជា​ជំនួយ​ផ្នែក​បច្ចេកទេស តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​ទន្លេ​មេគង្គ (MPDF) ។ កាល​ពី​ពេល​នោះ យើង​ខ្ញុំ​មាន​សមតុល្យ​ឥណទាន​ត្រឹម​តែ ១០​លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ខ្ចី​ប្រាក់​តូចៗ​ចំនួន ៥៥.០០០​នាក់ មាន​បុគ្គលិក​ចំនួន ៣១៨​នាក់ បម្រើ​ការ​នៅ​ការិយាល័យ​ចំនួន ២៧ ក្នុង​ខេត្ត-​រាជធានី​ចំនួន ១១ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​មាន​ការ​ជួយ​ជ្រុំ​ជ្រែង និង​ផ្តល់​ជា​ហិរញ្ញប្បទាន​របស់ IFC សព្វ​ថ្ងៃ​នេះ​ធនាគារ​យើង​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ផ្តល់​ឥណទាន​ធំ​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​ប្រទេស ដែល​មាន​អតិថិជន​ឥណទាន​សរុប​ចំនួន​ជាង ១៣០.០០០​នាក់ ក្នុង​នោះ​មាន​ប្រមាណ ៧០%​ជា​ស្ត្រី និង​មាន​សមតុល្យ​ឥណទាន​សរុប​ចំនួន ៨១​លាន​ដុល្លារ​អាមេរិក ។

ធនាគារ​អេស៊ីលីដា បាន​ដាក់ឱ្យ​ប្រើ​ប្រាស់​សេវា​បញ្ញើ-សន្សំ​ទៅ​ដល់​ស្រទាប់​ប្រជាជន​សាមញ្ញ នៅ​តាម​តំបន់​ជន​បទ និង​ទី​ក្រុង តាម​រយៈ​បណ្ដាញ​ការិយាល័យ​របស់​យើង ដែល​មាន​ចំនួន ១៣៦​ការិយាល័យ ស្ថិត​ក្នុង ២២​ខេត្ត-​រាជធានី ក្នុង​ចំណោម​ខេត្ត-​រាជធានី​ទាំង ២៤ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ សព្វ​ថ្ងៃ​នេះ​មាន​អតិថិជន​ដាក់​ប្រាក់​សន្សំ​តូចៗ ដែល​គាត់​មិន​ធ្លាប់​បាន​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ចំនួន ៧៦.៩៧៩​នាក់ បាន​យក​ប្រាក់​របស់​គាត់​មក​ដាក់​ផ្ញើ​នៅ​ធនាគារ​អេស៊ីលីដា ។ ចំនួន​ទឹក​ប្រាក់​បញ្ញើ​នៅ​ធនាគារ​អេស៊ីលីដា បាន​កើន​ឡើង​ពី​ចំណុច​សូន្យ កាល​ពី​បួន​ឆ្នាំ​មុន មក​ដល់​ជិត ៦២​លាន​ដុល្លារ​អាមេរិក នា​ពេល​បច្ចុប្បន្ន​នេះ ។ កាល​ពី​ឆ្នាំ​មុន ធនាគារ​អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ​យ៉ាង​ពេញ​លេញ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ចំនួន​បុគ្គលិក​របស់​យើង​បាន​កើន​ឡើង​ដល់​ជាង ២.៣០០​នាក់ ភាគ​ច្រើន​ជា​និស្សិត​ទទួល​បរិញ្ញាបត្រ ។ ហើយ​បច្ចុប្បន្ន​នេះ ធនាគារ​អេស៊ីលីដា មាន​បម្រើ​នូវ​សេវា​ធនាគារ​យ៉ាង​ទូលំទូលាយ ជូន​ដល់​សហគ្រិន​អាជីវកម្ម​ខ្នាត​តូច​​បំផុត និង​ខ្នាត​តូច ក៏​ដូចជា​អាជីវកម្ម​ខ្នាត​ធំ​ជាង​នេះ នៅ​ទូទាំង​ប្រទេស ។ ជា​ឧទាហរណ៍ ឥឡូវ​នេះ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​ដោយ​សេរី ទូទាំង​ប្រទេស និង​អាច​ផ្ទេរ​ជា​មួយ​ប្រទេស​ដទៃ​ទៀត ។ យើង​ក៏​បាន​ដាក់ឱ្យ​ប្រើប្រាស់​ផង​ដែរ​នូវ​សេវា​គណនី​បើក​ប្រាក់​បៀវត្ស ដល់​រោងចក្រ និង​ក្រុមហ៊ុន​នានា ។ សេវា​បើក​ប្រាក់​បៀវត្ស​នេះ​ជួយ​សម្រួល​នូវ​បន្ទុក​ចំណាយ និង​ហានិភ័យ​ទាក់​ទង​នឹង​ការ​ចាត់​ចែង​សាច់​ប្រាក់ និង​ជួយ​លើក​ទឹក​ចិត្តឱ្យ​បុគ្គលិក ឱ្យ​ចេះ​ដាក់​ប្រាក់​សន្សំ​ថែម​ទៀត ។

មាន​បុគ្គល​ជា​ច្រើន​តែង​តែ​សួរ​ខ្ញុំ​ថា "ឥឡូវ​លោក​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ធនាគារ​ពាណិជ្ជ​ហើយ តើ​លោក​នឹង​ឈប់​ផ្តល់​សេវា​ដល់​អតិថិជន​ខ្នាត​តូច​ទៀត​ហើយ​មែន ឬ​ទេ ?" ផ្ទុយ​ទៅ​វិញ សមតុល្យ​ឥណទាន​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់​យើង គឺ​ជា​ផ្នែក​មួយ​ដែល​ពង្រីក​យ៉ាង​លឿន​ជាង​គេ ក្នុង​អាជីវកម្ម​របស់​យើង ។ ម្យ៉ាង​ទៀត មួយ​ផ្នែក​ធំ​នៃ​​ការ​កើន​ឡើង​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម បាន​មក​ពី​អតិថិជន​ដែល​ធ្លាប់ ទទួល​ឥណទាន​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ដែល​ការ​ជោគជ័យ​របស់​គាត់ ជួយឱ្យ​ពួក​គាត់​បាន​ឈាន​ឡើង​កាំ​សេដ្ឋកិច្ច ។ ចំណូល​ប្រចាំ​ឆ្នាំ​នៃ​ប្រជាជន​ម្នាក់ៗ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ គឺ ៣២០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។ អេស៊ីលីដា ដែល​បាន​ទទួល​នូវ​ជោគជ័យ​យ៉ាង​លេច​ធ្លោ ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​មិន​ឆោត​ល្ងង់​បែរ​ខ្នង​ដាក់​ប្រភព​នៃ​ជោគជ័យ​ពី​អតីត និង​ទៅ​ថ្ងៃ​អនាគត​របស់​ខ្លួន​នោះ​ទេ !

ប្រវត្តិ​អតិថិជន​មួយ​ចំនួន​របស់​ធនាគារ​អេស៊ីលីដា នឹង​បញ្ជាក់ឱ្យ​កាន់​តែ​ច្បាស់​ពី​ចំណុច​នេះ ។ អ្នក​ស្រី ហ៊ួន គង់ ជា​ស្ត្រី​មេម៉ាយ រស់​នៅ​ជា​មួយ​កូន​ស្រី ៣​នាក់ នៅ​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​ឆ្នាំ​១៩៩៧ គាត់​ប្រកប​មុខ​របរ​លក់​នំបញ្ចុក​នៅ​ផ្សារ​បឹងទំពុន ។ ដោយ​ទទួល​បាន​ឥណទាន​ដំបូង​របស់​ធនាគារ​អេស៊ីលីដា មាន​ទឹក​ប្រាក់​ចំនួន ២០០.០០០​រៀល (ប្រហែល ៤៨​ដុល្លារ​អាមេរិក) គាត់​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​មុខ​របរ​របស់​គាត់ ។ មុខ​របរ​ថ្មី​របស់​គាត់​នា​ពេល​បច្ចុប្បន្ន បាន​ដាក់​ឈ្មោះ​ថា "ហាង​លក់​បាយ និង​ម្ហូប​ឆ្អិន​ស្រាប់" ។ ឥឡូវ​នេះ​គាត់​កំពុង​ទទួល​ឥណទាន​លើក​ទី​១៨ ពី​ធនាគារ​អេស៊ីលីដា ដែល​មាន​ទឹក​ប្រាក់​ចំនួន ១,៥​លាន​រៀល (ប្រហែល ៣៥៨​ដុល្លារ​អាមេរិក) ។ ធនាគារ​អេស៊ីលីដា បាន​ធ្វើឱ្យ​ជីវិត​របស់​អ្នក​ស្រី គង់ មាន​ការ​ផ្លាស់​ប្តូរ ។ មុន​ពេល​គាត់​បាន​ចាប់​ផ្តើម​ខ្ចី​ប្រាក់​ពី​អេស៊ីលីដា គាត់​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​តូច​មួយ ដែល​មាន​ដំបូល​និង​ជញ្ជាំង​ធ្វើ​ពី​ស្លឹក​ត្នោត ។ ឥណទាន​របស់​ធនាគារ​អេស៊ីលីដា បាន​ជួយឱ្យ​មុខ​របរ និង​ចំណូល​របស់​គាត់​មាន​ការ​រីក​ចម្រើន ។ ឥឡូវ​គាត់​សង់​ផ្ទះ​មួយ​ធំ​ជាង​មុន មាន​ជញ្ជាំង​ធ្វើ​អំពី​ឈើ និង​ដំបូល​ប្រក់​ស័ង្កសី ។ គាត់​ទិញ​ម៉ូតូ​មួយ ដើម្បី​ធ្វើឱ្យ​ជីវិត​ងាយ​ស្រួល ។ កូន​ស្រី​របស់​គាត់ ឥឡូវ​បាន​ចូល​រៀន​ទាំង​អស់​គ្នា ។

អ្នក​ស្រី ខាត់ ចៀន អតិថិជន​ម្នាក់​ទៀត គាត់​ជា​ស្ត្រី​មេម៉ាយ រស់​នៅ​ជា​មួយ​កូន ៨នាក់ នៅ​ក្នុង ស្រុក​កំពង់បាយ ខេត្ត​កំពត ។ គាត់​មាន​មុខ​របរ​ធ្វើ​កញ្ឆេ​និង​ល្អី​អំពី​ឫស្សី សម្រាប់​ដាក់​របស់​របរ ។ ឥណទាន​ដំបូង​របស់​គាត់​នៅ​ឆ្នាំ​១៩៩៦ ចំនួន ១៥០.០០០​រៀល (ប្រហែល ៣៦​ដុល្លារ​អាមេរិក) អាចឱ្យ​គាត់​មាន​លទ្ធភាព​ទិញ​កង់​សម្រាប់​ដឹក​ជញ្ជូន​ឫស្សី ។ ឥណទាន​ក្រោយ​គេ​បង្អស់​ពី​ធនាគារ​អេស៊ីលីដា មាន​ចំនួន ៨០០.០០០​រៀល (ប្រហែល ១៩១​ដុល្លារ​អាមេរិក) ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​ពង្រីក​មុខ​របរ​របស់​គាត់ ។ ដោយ​ទទួល​បាន​ឥណទាន​របស់​ធនាគារ​អេស៊ីលីដា មុខ​របរ​របស់​អ្នក​ស្រី ចៀន មាន​ការ​រីក​ចម្រើន និង​ផ្តល់​លទ្ធភាពឱ្យ​គាត់​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​គាត់​បាន​យ៉ាង​ល្អ​ប្រសើរ ។ គាត់​បាន​សង់​ផ្ទះ​ដែល​ធ្វើ​អំពី​ឈើ និង​មាន​ដំបូល​ប្រក់​ស័ង្កសី ហើយ​ធំ​ជាង​ផ្ទះ​ពី​មុន​ដែល​ធ្វើ​អំពី​ស្បូវ ។ កូនៗ​របស់​គាត់​ចំនួន ៥​នាក់ បាន​ចូល​រៀន និង​កូន​ផ្សេង​ទៀត​ជួយ​ធ្វើ​ការ​ជា​មួយ​គាត់ ។ គាត់​បាន​ទិញ​ដី​ស្រែ​ចំការ ជាមួយ​នឹង​គោ​ញី​មួយ និង​ឈ្មោល​មួយ ។

ស្ថានភាព​ធនាគារ​ពាណិជ្ជ​ថ្មី​របស់​យើង​បាន​បង្ហាញ​ថា យើង​នៅ​តែ​អាច​បន្ត​ផ្តល់​ឥណទាន​ជូន​សហគ្រិន ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ជំនួញ​របស់​ពួក​គេ ។ លោក កេង ចេក ជា​បុរស​ម្នាក់​រៀប​ការ​រួច​ហើយ រស់​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​ទឹក​ដី​នៃ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ល្បាញ ។ គាត់​បាន​ចាប់​ផ្តើម​មុខរបរ​បោះពុម្ភ​លើ​អាវ​យឺត និង​បាន​ទទួល​ឥណទាន​ដំបូង​ពី​ធនាគារ​អេស៊ីលីដា បន្ទាប់​ពី​បាន​សិក្សា​ជំនាញ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នូវ​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​១៩៩៣ ។ គាត់​ខ្ចី​លុយ​ដំបូង​ចំនួន ៤៨៨​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ពុម្ភ​សម្រាប់​ធ្វើ​រូប​ចម្លាក់​អប្សរា​និង​អង្គរ និង​ឧបករណ៍​សម្រាប់​បោះ​ពុម្ភ​លើ​អាវ​យឺត និង​ផលិតផល​ផ្សេងៗ​ទៀត ។ គាត់​បាន​ចាប់​ផ្តើម​មុខ​របរ​នេះ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់ ដោយ​គ្មាន​កម្មករ​ផ្សេង​ទេ ។ នៅ​ពេល​នោះ​គាត់​រក​ចំណូល​បាន​ត្រឹម​តែ ៩៧​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ។ បន្ទាប់​ពី​គាត់​សង​ប្រាក់​កម្ចី​ដំបូង​របស់​គាត់​រួច​ហើយ គាត់​បាន​សុំ​ខ្ចី​ឥណទាន​ពី​អេស៊ីលីដា​បន្ត​បន្ទាប់​ទៀត ពី​ព្រោះ​គាត់​ចង់​បង្កើន​មុខ​របរ​របស់​គាត់ ។ ដោយ​ហេតុ​មាន​តម្រូវ​ការ​ខ្លាំង លោក ចេក បាន​បន្ត​ធ្វើឱ្យ​ប្រសើរ​ឡើង និង​ពង្រីក​នូវ​មុខ​របរ​របស់​គាត់ ។ ឥណទាន​ទី​៦ របស់​លោក ចេក ពី​ធនាគារ​អេស៊ីលីដា មាន​ចំនួន ១៥.០០០​ដុល្លារ​អាមេរិក ។ ចំណូល​សុទ្ឋ​របស់​គាត់​បាន​កើន​ឡើង រហូត​ដល់​ច្រើន​ជាង ១.៦០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ និង​មុខ​របរ​របស់​គាត់​បាន​ជួល​បុគ្គលិក ១០​នាក់​សម្រាប់​ធ្វើ​ការ​ពេញ​ម៉ោង ។ មុខ​ជំនួញ​របស់​លោក ចេក បាន​ធ្វើឱ្យ​ជីវិត​របស់​គាត់ និង​គ្រួសារ​ប្រសើរ​ឡើង ។ ឥឡូវ​នេះ​គាត់​មាន​ឡាន និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន និង​មាន​ដី​មួយ​ក្បាល ។

ខ្ញុំ​អាច​បន្ត​លើក​យក​ប្រវត្តិ​អតិថិជន​ជា​ច្រើន​ទៀត ដែល​ធនាគារ​អេស៊ីលីដា បាន​បម្រើ​ជូន​ពួក​គាត់ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ករណី​បី​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​រូប​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ស្ថិរភាព​មីក្រូ​ហិរញ្ញវត្ថុ​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់ សម្រាប់​បង្កើន​សេដ្ឋកិច្ច​ដល់​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​ទាប ។ វា​ផ្តល់​មធ្យោបាយ​សម្រាប់​ជំរុញឱ្យ​មាន​ការ​អភិវឌ្ឍ​សង្គម និង​ជា​អាវុធ​សម្រាប់​ប្រយុទ្ឋ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​ឱកាស​ដ៏​សំខាន់​និង​រីករាយ​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ IFC និង​ភាគហ៊ុនិក​ផ្សេង​ទៀត​របស់​យើង​ទាំង​អស់ សម្រាប់​ការ​វិនិយោគ​របស់​លោក​ជា​មួយ​ធនាគារ​អេស៊ីលីដា ។ ជោគជ័យ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ទទួល​បាន ក៏​ជា​ជោគជ័យ​លោក​ដែរ !

ក្នុង​នាម​រូប​ខ្ញុំ​ផ្ទាល់ និង​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ទាំង​អស់​នៅ​ធនាគារ​អេស៊ីលីដា ខ្ញុំ​សូម​ជូន​ពរឱ្យ IFC ទទួល​បាន​នូវ​ជោគជ័យ និង​ភាព​សំបូរ​រុង​រឿង​ជា​ច្រើន​ទសវត្ស​តទៅ​មុខ​ទៀត និង​សូមឱ្យ​ការ​សហការ​យ៉ាង​ប្រពៃ​របស់​យើង នៅ​តែ​បន្ត​ទៅ​មុខ​យូរ​អង្វែង​ទៀត !

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៣៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖