www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ធនាគារ​អេស៊ីលីដា...

កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ វៀតណាម

ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ២០០៦

លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា និង Kieu Trong Tuyen អគ្គនាយករង​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង
លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា និង Kieu Trong Tuyen អគ្គនាយករង​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង

ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ២០០៦​នេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ ជា​មួយ​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ដើម្បី​បង្កើន​សហប្រតិបត្តិការ​ជា​មួយ​ធនាគារ​អន្តរជាតិ​ជា​ដៃ​គូ ។

កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​នេះ គឺ​ផ្តោត​ទៅ​លើ ៥​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម ៖

  1. ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​លើ​កិច្ច​សហការ​បម្រើ​សេវា​ជូន​អតិថិជន​របស់​ភាគី​នីមួយៗ​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​រៀងៗ​ខ្លួន និង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ (International Customs and Practices) ។ របៀប​ទូទាត់​មាន​ដូចជា ៖ ការ​ទូទាត់​តាម​ប្រព័ន្ធ SWIFT និង​តាម​រយៈ L/C ។
  2. ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ដូចជា ៖ Monetary policies, Credit, Banking business, FX និង Money market ។ល។
  3. ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា ក្នុង​ការ​បង្កើតឱ្យ​មាន​ជំនួប​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នាឱ្យ​បាន​ញឹកញាប់ និង​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក លើ​វិស័យ​ធនាគារ និង​បច្ចេកវិជ្ជា ។
  4. ភាគី​នីមួយៗ​ត្រូវ​ណែនាំ​អតិថិជន​ទៅ​វិញ​ទៅ​មក ដោយ​ធ្វើ​ការ​ប្រឹក្សា​ផ្តល់​យោបល់ និង​ពន្យល់​អតិថិជន​អំពី​ផលិតផល-សេវាកម្ម​ដែល​ភាគី​ទាំង​ពីរ​មាន ។
  5. ផ្អែក​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ផ្តល់​សិទ្ធិ​ដល់​បណ្ដា​សាខា​ទាំង​ឡាយ​ដែល​នៅ​តាម​ព្រំដែន​ប្រទេស​កម្ពុជា-វៀតណាម ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​លំដាប់​សាខា ក្នុង​ការ​ទូទាត់​ជូន​អតិថិជន​ទាំង​សង​ខាង ជា​រូបិយវត្ថុ "រៀល" និង​រូបិយប័ណ្ណ "ដុង" ។

កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ វៀតណាម គឺ​ផ្អែក​ទៅ​តាម​សក្តានុពលភាព​ទាំង​ឡាយ​របស់​ភាគី​ទាំង​ពីរ មាន​ដូចជា ៖

  1. បណ្ដាញ​ប្រតិបត្តិការ​ដ៏​ធំ​ទូលាយ​របស់​ភាគី​ទាំង​ពីរ ។
  2. ភាគី​ទាំង​ពីរ​មាន​សាខា​នៅ​ជិត​ព្រំដែន ដែល​កំពុង​មាន​ប្រតិបត្តិការ​បច្ចុប្បន្ន ។
  3. ក្រៅ​ពី​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជ ដែល​ផ្តោត​​ជា​ចម្បង​លើ​ការ​លក់​ដុំ ភាគី​ទាំង​ពីរ​ក៏​មាន​បម្រើ​សេវា​ជូន​អតិថិជន ដែល​មាន​ជីវភាព​កម្រិត​ទាប​ផង​ដែរ ។
  4. ក្រុមហ៊ុន​ជា​ច្រើន​នៅ​ប្រទេស​វៀតណាម កំពុង​មាន​ផែនការ​មក​វិនិយោគ​លើ​វិស័យ​ផលិតកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី ។ សមាជិកភាព WTO របស់​ប្រទេស​កម្ពុជា ជំរុញឱ្យ​មាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំង​ឡាយ ដែល​កំពុង​មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ពួក​គេ​សម្លឹង​ឃើញ​អំពី​ភាព​អនុគ្រោះ​ពន្ធ​ជា​អាទិភាព​ចម្បង ។
  5. តួលេខ​ស្តីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ឆ្នាំ២០០៣ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង ៣២៣ លាន​ដុល្លារ​អាមេរិក និង​បាន​កើន​ឡើង​ថែម​ទៀត​នា​ឆ្នាំ​ចុង​ក្រោយ ។ តាម​តួលេខ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង​ថែម​ទៀត​ក្នុង​ឆ្នាំ២០០៦ និង​កើន​ឡើង​ជា​បន្ត​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត ។

ការ​ជូន​កាដូ​អនុស្សាវរីយ៍​របស់​ធនាគារ​អេស៊ីលីដា និង ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម
ការ​ជូន​កាដូ​អនុស្សាវរីយ៍​របស់​ធនាគារ​អេស៊ីលីដា និង ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម
អេស៊ីលីដា បាន​បង្កើត​ឡើង​នៅ​ខែ​មករា ឆ្នាំ១៩៩៣ មាន​ទិសដៅ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍ និង​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ។ ដោយ​មាន​ជំនួយ​បច្ចេក​ទេស​ពី USAID, MPDF/IFC, និង UNDP កម្មវិធី​បី​ឆ្នាំ​សម្រាប់​ការ​កម្លាយ​ខ្លួន ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ១៩៩៨ ហើយ​បាន​ទទួល​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស​ក្នុង​ខែ​តុលា ឆ្នាំ២០០០ ។ នៅ​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ២០០៣ បន្ទាប់​ពី​បង្កើន​ទុន​រហូត​ដល់​ចំនួន ១៣ លាន​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ។

នៅ​ចុង​ខែ​ធ្នូ ឆ្នាំ២០០៥ បណ្ដាញ​សាខា​ត្រូវ​បាន​ពង្រីក​រហូត​ដល់​ចំនួន ១៣៩​ការិយាល័យ ក្នុង ២២​ខេត្ត-​រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន ២៤៨៤​នាក់ ។ សមតុល្យ​ឥណទាន មាន​ប្រមាណ​ជាង ៩៩,៩៩ លាន​ដុល្លារ​អាមេរិក និង​អតិថិជន​សកម្ម​បាន​កើន​ឡើង​ដល់ ១៤០.៩២០ នាក់ ។ សមតុល្យ​ប្រាក់​បញ្ញើ-សន្សំ មាន​ប្រមាណ​ជាង ៦១,៩៣ លាន​ដុល្លារ​អាមេរិក និង​មាន ៩២.៤១៣ គណនី ។ ទ្រព្យសកម្ម​សរុប​មាន​ជាង ១២៣,៦១ លាន​ដុល្លារ​អាមេរិក ។

ធនាគារ​អេស៊ីលីដា មាន​សហប្រតិបត្តិការ​ជា​មួយ​ធនាគារ​អន្តរការី​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ រួម​មាន ៖ Standard Chartered Bank, ING BELGIUM NV/SA, United Overseas Bank (Thai) Public Company Limited, HSBC Bank USA, American Express Bank Ltd., American Express Bank GMBH, Commonwealth Bank of Australia និង​ធនាគារ​ដៃ​គូ​អន្តរជាតិ​ចំនួន ៣៧ ផ្សេង​ទៀត នៅ​ក្នុង ៤១ ប្រទេស ដែល​មាន​សាខា​ទំនាក់ទំនង​ចំនួន ២៥៥ សាខា ។

ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម គឺ​ជា​ធនាគារ​ដៃ​គូ​សំខាន់​ទី៩ របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សម្រាប់​គណនី​រូបិយប័ណ្ណ "ដុង" និង "ដុល្លារ" និង​ជា​ធនាគារ​ដៃ​គូ​អន្តរជាតិ​ទី១ ដែល​មាន​គណនី​សម្រាប់​ទូទាត់​ជា​រូបិយប័ណ្ណ "ដុល្លារ" និង​រូបិយវត្ថុ "រៀល" ជា​មួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។ ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម គឺ​ជា​ធនាគារ​ធំ​បំផុត ហើយ​មាន​ទ្រព្យសកម្ម​សរុប ១១,៨ ពាន់​លាន​ដុល្លារ​អាមេរិក បុគ្គលិក​ចំនួន ២៨.៥០០ នាក់ សាខា​និង​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២០០២ ការិយាល័យ ។ ទឹក​ប្រាក់​ឥណទាន​សរុប​មាន ១១,២ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ។

សុន្ទរកថា​របស់​លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោក អ៊ិន ចាន់នី អគ្គនាយក​ធនាគារ​អេស៊ីលីដា

គណៈប្រតិភូ​ក្នុង​ពិធី​ចុះហត្ថលេខា
គណៈប្រតិភូ​ក្នុង​ពិធី​ចុះហត្ថលេខា

នៅ​ក្នុងពិធី​ចុះហត្ថលេខា​នេះ បាន​ទទួល​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា, ឯកឧត្តម​អភិបាលរង​ខេត្ត​តាកែវ, តំណាង​ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញ និង​ខេត្តកំពង់ចាម, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា, ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ប្រជាជន​ខេត្ត​អានយ៉ាង និង​ខេត្ត​តាយនីញ ប្រទេស​វៀតណាម, លោក​នាយករង​នាយកដ្ឋាន​គ្រប់គ្រង​ធនាគារ និង​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ​វៀតណាម, ឯកឧត្តម, លោក​ជំទាវ, ប្រធានក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា, លោក-លោកស្រី, អតិថិជន និង​​ពាណិជ្ជករ​ជា​ច្រើន​នាក់​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​នេះ លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​​មាន​ប្រសាសន៍​ថា "តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​នេះ ធនាគារ​ទាំង​ពីរ​នឹង​បើក​គណនី​ជា​ប្រភេទប្រាក់​របស់​ខ្លួន​នៅ​ភាគី​ម្ខាង​ទៀត រៀប​ចំ​បញ្ជរ​ទូទាត់​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ភាគី​ធនាគារ​ទាំង​ពីរ​នឹង​ដំណើរ​ការ​បង្កើត បទប្បញ្ញត្តិ និង​នីតិវិធី​រួម ដើម្បី​ផ្តល់​សេវា​ធនាគារ​ជា​ច្រើន​ដូចជា សេវា​ផ្ទេរ​ប្រាក់ ឯកសារ​ពាណិជ្ជកម្ម សេវា​ទូទាត់ លិខិត​ឥណទាន លិខិត​ធានា​លើ​ការ​ទូទាត់ ។ល។ លើស​ពី​នេះ​ទៀត ដើម្បី​កាត់​បន្ថយ​តម្រូវ​ការ​នូវ​ចំនួន​សាច់​ប្រាក់​ដ៏​ច្រើន​លើស​លប់​ក្នុង​ការ​ប្រតិបត្តិការ​ទូទាត់​ផ្នែក​ពាណិជ្ជកម្ម​នានា ក៏​ដូចជា​កាត់​បន្ថយ​បាន​ជា​អតិបរមា​នូវ​ហានិភ័យ​នា​ពេល​បច្ចុប្បន្ន​នៅ​តាម​តំបន់​ព្រំដែន ការ​ទូទាត់​នឹង​ធ្វើ​បាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព ហើយ​ដើម​ទុន​ជា​ច្រើន​ថែម​ទៀត​នឹង​ត្រូវ​ប្រមូល​បាន ។"

ពី​ឆ្វេង​ទៅ​ស្តាំ លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង​ធនាគារ​ជាតិ​នៃ​កម្ពុជា និង ឯកឧត្តម Nguyen Chien Thang ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា
ពី​ឆ្វេង​ទៅ​ស្តាំ លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង​ធនាគារ​ជាតិ​នៃ​កម្ពុជា និង ឯកឧត្តម Nguyen Chien Thang ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា
លោក​ជំទាវ​បាន​បន្តទៀត​ថា "ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង ធនាគារ​កសិកម្ម​និងអភិវឌ្ឍន៍​ជន​បទ​វៀតណាម លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ ដែល​ជា​ជំហាន​កំណត់​ខ្នាត​គំរូ​ថ្មី​នៃ​សហប្រតិបត្តិការ​អន្តរធនាគារ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-វៀតណាម ហើយ​ដែល​ជា​គំរូ​ឈាន​មុខ​មួយ​ គួរយក​តម្រាប់​តាម ។ ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់ ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម ដែល​មាន​ជំនឿ​ទុក​ចិត្ត​យ៉ាង​មុត​មាំ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ធនាគារ​មាន​កេរ្តិ៍ឈ្មោះ​ល្បី និង​ធំ​ជាង​គេ​របស់​វៀតណាម ដែល​បើក​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ ហើយ​ជា​ពិសេស​ចំពោះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សម្រាប់​ទស្សនៈ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ធនាគារ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ។ នេះ​ជា​គោល​ដៅ​ចម្បង​មួយ ក្នុង​ការ​អភិវឌ្ឍ​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ជួយ​លើក​ទឹក​ចិត្ត​លើ​វិស័យ​ជំនួញ ជំរុញ​ការ​រីកចម្រើន​ខាង​សេដ្ឋកិច្ច ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​ទាំង​មូល ។"

ក្នុង​ឱកាស​នោះ​ដែរ លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា "ចាប់​តាំង​ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ២០០៣ មក ធនាគារ​បាន​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​ធនាគារ​អន្តរជាតិ ដែល​ជា Correspondent Bank ចំនួន​៣៥ ក្នុង​ប្រទេស​ចំនួន​៤១ ដែល​មាន ២៥៣​សាខា គិត​មក​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៥ ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់​ដែល​បាន​ផ្ទេរ ចំនួន ៥៣,៤ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ។ ទំនាក់ទំនង​ថ្មី​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​មួយ ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ប្រទេស​វៀតណាម ដែល​ជា​ធនាគារ​រដ្ឋ​ធំ​ទី​បួន​របស់​ប្រទេស​វៀតណាម គឺ​ជា​ការ​រំភើប​មួយ​ដែល​យើង​អាច​បង្កើន​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ព្រំដែន​ដ៏​ធំ​សំបើម រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ។"

លោក​ក៏បាន​បន្ត​ទៀត​ថា "ក្រោម​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃ​នេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​បង្កើន​នូវ​ការ​បម្រើ​សេវា​ទូទាត់​ឆ្លង​ព្រំដែន ដូចជា សេវា​ផ្ទេរ​ប្រាក់​តាម​តេឡក្រាម ឯកសារ​ពាណិជ្ជកម្ម ការ​បញ្ជា​ចំណាយ លិខិត​ឥណទាន និង ការ​ទូទាត់​លើ​ការ​ធានា ចំពោះ​អតិថិជន​នៃ​ភាគី​ទាំង​សង​ខាង ហើយ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​បន្ថែម ក្នុង​ការ​កាត់​បន្ថយ​តម្រូវ​ការ​លើ​សាច់ប្រាក់​ដែល​មាន​ទំហំ​ធំ និង​ហានិភ័យ​ផ្សេងៗ នៅ​ក្នុង​ការ​ទូទាត់​ប្រតិបត្តិការ​អាជីវកម្ម ពិសេស​នៅ​តាម​តំបន់​ជាប់​ព្រំដែន ។"

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៦៩៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖