www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextរង្វាន់ CGAP ស្តីពី​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ​២០០៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​រង្វាន់ CGAP ស្តីពី​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ​២០០៥

រង្វាន់ CGAP ប្រចាំ​ឆ្នាំ២០០៥ ស្តីពី​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ
រង្វាន់ CGAP ប្រចាំ​ឆ្នាំ២០០៥ ស្តីពី​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ

ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០០៦

ភ្នំពេញ ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០០៦ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានទទួល​រង្វាន់​ចំពោះ​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ ប្រចាំ​ឆ្នាំ​២០០៥ របស់​ក្រុមប្រឹក្សា​ជួយ​ជន​ក្រីក្រ (CGAP) ។ ក្នុង​ការ​ប្រកួត​ប្រជែង​ជា​សកល​សម្រាប់​រង្វាន់​តម្លាភាព​ហិរញ្ញវត្ថុ មាន​ស្ថាប័ន ៣ ក្នុង​ចំណោម​ស្ថាប័ន​ទាំង ៥ ដែល​បាន​ឈ្នះ​រង្វាន់​នេះ និង​ស្ថាប័ន ៤ ផ្សេង​ទៀត​បាន​ទទួល​លិខិត​សរសើរ គឺ​មានទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ចំណោម ១៧៥​ស្ថាប័ន​ដែល​បាន​ចូល​រួម​ពី​គ្រប់​តំបន់​ក្នុង​ពិភពលោក ។ យើង​គួរ​តែ​មាន​មោទនភាព​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេច​បាន​ជោគជ័យ​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​នាំ​មុខ​គេ​នៅ​លើ​បទដ្ឋាន​តម្លាភាព​សកលលោក ។

ក្រុមប្រឹក្សា​ជួយ​ជន​ក្រីក្រ (CGAP) គឺ​ជា​មជ្ឈមណ្ឌល​ធនធាន​មួយ​សម្រាប់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​មូល ដែល​មាន​ទីតាំង​នៅ​ក្នុង​ធនាគារ​ពិភពលោក ។ CGAP គឺ​ជា​សហគមន៍​មួយ​មាន​ភ្នាក់ងារ​អភិវឌ្ឍន៍​ឯកជន និង​សាធារណៈ ចំនួន ៣៣ ដោយ​រួម​បញ្ចូល​ទាំង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​បាន​ប្តេជ្ញា​កសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុឱ្យ​កាន់​តែ​រីកចម្រើន​ដើម្បី​ជួយ​ដល់​ជនក្រីក្រ ។ ដូច​ស្ថាប័ន​មួយ​ចំនួន​ទៀត​ដែរ CGAP គឺ​ជា​អ្នក​វិនិច្ឆ័យ​នូវ​បទដ្ឋានផ្សេងៗ ផ្តល់​សេវា​បច្ចេកទេស​និង​ការប្រឹក្សា និង ផ្តល់​ការ​ហ្វឹកហ្វឺន​និង​ព័ត៌មាន​លើ​ការអនុវត្ត​ល្អ​ឥត​ខ្ចោះ ។ CGAP ក៏​ផ្តល់​ផង​ដែរ​នូវ​មូលនិធិ​សម្រាប់​គម្រោង​ច្នៃ​ប្រឌិត​ថ្មីៗ ។ នៅក្នុង​កិច្ច​ប្រជុំ Sea Island ឆ្នាំ​២០០៤ ប្រទេស​មាន​​ឧស្សាហកម្មជឿន​លឿនទាំង ៨ នៅ​ក្នុង​ពិភពលោក បាន​ស្នើ​សុំឱ្យ CGAP ដឹកនាំ​គំនិត​ផ្តួច​ផ្តើម​មួយ​លើ​មីក្រូ​ហិរញ្ញវត្ថុ និង​បាន​គាំទ្រ​គោលការណ៍​សំខាន់ៗ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់ CGAP ។

អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ទាំង​អស់ គឺ​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​យោង​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ចំពោះ​គោលការណ៍​ណែនាំ​ដែល​បាន​បង្ហាញ​ជា​អន្តរជាតិ ដោយ​រួម​បញ្ចូល​ទាំង​ក្បួន​ច្បាប់​ឧស្សាហកម្ម​ជាក់​លាក់​របស់ CGAP និង​បាន​ទទួល​យក​យ៉ាង​ទូលំទូលាយ​នូវ​បទដ្ឋាន​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ ។ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​រង្វាន់​សម្រាប់​ការ​សម្រេច​បាន​នូវ​លក្ខខណ្ឌ​វិនិច្ឆ័យ​តាម​បទដ្ឋាន​ខ្ពស់​បំផុត ក្នុង​ការ​ប្រកួត​ប្រជែង​លើ​តម្លាភាព ក្នុង​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ។ យើង​សង្ឃឹម​ថា ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ចំពោះ​ការអភិវឌ្ឍ​បទដ្ឋាន​ធ្វើ​របាយការណ៍​មីក្រូ​ហិរញ្ញវត្ថុ និង​អ្នក​ទទួល​បាន​រង្វាន់​នេះ នឹង​ក្លាយ​ជា​គំរូ ដែល​ញ៉ាំងឱ្យ​ស្ថាប័ន​ផ្សេងៗ​អនុវត្ត​តាម ក្នុង​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ដ៏​មាន​អត្ថន័យ និង​មាន​សារ​សំខាន់​នេះ ។

លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា ទទួល​រង្វាន់​ពី​លោក Adam Sack អគ្គនាយក IFC-MPDF
លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា ទទួល​រង្វាន់​ពី​លោក Adam Sack អគ្គនាយក IFC-MPDF

លោក Adam Sack អគ្គនាយក​របស់ IFC-MPDF បាន​គូស​បញ្ជាក់​ថា "តម្លាភាព មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ស្ថាប័ន​ទាំង​អស់ ។ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ត្រូវ​ការ​នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​ប្រាកដ​ថា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​នោះ ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ត្រឹម​ត្រូវ និង​កាត់​បន្ថយ​ហានិភ័យឱ្យ​នៅ​ត្រឹម​កម្រិត​តិច​បំផុត​សម្រាប់​អតិថិជន​ប្រាក់​បញ្ញើ-សន្សំ​ទាំង​អស់ ។ វិនិយោគិន​ត្រូវ​ការ​ព័ត៌មាន​នេះ​ដើម្បី​សម្រេច​ចិត្ត​ថា​តើ​គួរ ឬ​មិន​គួរ​វិនិយោគ​ជា​មួយ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​ដើម្បី​ត្រួត​ពិនិត្យ​ការវិនិយោគ​របស់​ពួក​គេ ។ តម្លាភាព ក៏​មាន​សារសំខាន់​ផង​ដែរ ចំពោះ​អតិថិជន​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ ។ អតិថិជន​ត្រូវ​ការ​ដឹងឱ្យ​បាន​ច្បាស់​នូវ​ចំនួន​សាច់ប្រាក់​ដែល​ពួកគាត់​ត្រូវ​បង់ មាន​ន័យថា អតិថិជន​ត្រូវ​ដឹង​ទាំង​អស់​នូវ​កម្រៃ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ប្រាក់​កម្ចី​របស់​ពួក​គាត់ មិន​ត្រឹម​តែ​អត្រា​ការប្រាក់​ប៉ុណ្ណោះ​ទេ ។"

លោក Adam Sack មាន​ប្រសាសន៍​បន្ត​ទៀត​ថា "វា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ធានា​ថា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ការ​គ្រប់គ្រង​បាន​យ៉ាងល្អ ។ ពួក​គេ​ជា​ប្រភព​សេវា​ហិរញ្ញវត្ថុ​តែ​មួយ​គត់​ដែល​ប្រជាពល​រដ្ឋ​ក្រីក្រ​អាច​ទទួល​បាន ក្រៅ​ពី​ទៅ​រក​អ្នកឱ្យ​ខ្ចី​ប្រាក់​ឯកជន​នានា ។ តម្លាភាព​ល្អ នឹង​ធ្វើឱ្យ​ស្ថាប័ន​ទទួល​បាន​ការ​គ្រប់គ្រង​កាន់​តែ​ល្អ និង​អាច​ជំរុញ​ការ​ប្រកួត​ប្រជែង​រវាងស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ។ ជា​ចុង​បញ្ចប់ វា​នឹង​ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​មាន​គុណភាព​កាន់​តែល្អ និង​មាន​និរន្តរភាព ដោយ​សារ​តម្លៃ​កាន់​តែ​ប្រសើរ​ជាង​មុន ។ វា​ក៏​ជួយ​ផ្តល់​ផង​ដែរ​ក្នុង​ការ​ពង្រីក​សេវា​ទាំង​នេះ​ទៅ​ដល់​ប្រជាជន​ដែល​មិន​ធ្លាប់​បាន​ប្រើប្រាស់​សេវា​នេះ​នៅ​ឡើយ ។ ពីព្រោះ​បុគ្គលិក​នៅ IFC និង IFC-MPDF យល់​ច្បាស់​ថា​តួនាទី​សំខាន់​របស់​មីក្រូហិរញ្ញវត្ថុ​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្របាន យើង​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ យើង​បាន​ចាប់​ផ្តើម​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​អេស៊ីលីដា នៅ​ពេល​ដែល​អេស៊ីលីដា​កំពុង​កម្លាយ​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ដើម​ទុន​របស់ IFC នៅ​ក្នុង​ធនាគារ​អេស៊ីលីដា បាន​ជួយ​ទាក់​ទាញ​វិនិយោគិន​អន្តរជាតិ​ដទៃ​ទៀត​ជា​ច្រើន និង​ឥឡូវ​នេះ​ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​បម្រើ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំ​ទូលាយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អេស៊ីលីដា គឺ​ជាធនាគារ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ផ្តល់​ចំណាត់​ថ្នាក់​ដោយ​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ Moody's នូវ​ភាព​ខ្លាំង​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ធនាគារ ដែល​ខ្ពស់​ជាង​ធនាគារ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រសើរ​ជាង​ធនាគារ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​ថៃ ។"

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៦៩៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖