www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​ពាស​ពេញ​សកលលោក...

ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​ពាស​ពេញ​សកលលោក ចំពោះ​ភាព​ជោគជ័យ និង​បទដ្ឋាន​កម្រិត​ខ្ពស់

ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០០៦

បកប្រែ​ក្រៅ​ផ្លូវការ

ADB
Australia
Canada
Finland
IFC
Ireland
Japan
Netherlands
New Zealand
Norway
Sweden
Switzerland
United Kingdom

ដោយ​មាន​ជំនួយ​ផ្នែក​បច្ចេកទេស​ពី​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF) និង​ការ​ផ្តល់​មូលនិធិ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ធ្វើឱ្យ​ធនាគារ​អេស៊ីលីដា ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ធំ​ធេង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ធនាគារ​អេស៊ីលីដា បាន​ចាប់​បដិសន្ធិ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ផ្តល់​ហិរញ្ញប្បទាន​ខ្នាត​តូច​បំផុត បាន​វិវដ្ដ​មក​ជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​ពីរ​នៅ​ក្នុង​ប្រទេស ។ អេស៊ីលីដា គឺ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​ប្រតិបត្តិការ​ធំ​ទូលាយ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន ១៣៦​សាខា​និង​ការិយាល័យ ទូទាំង​ប្រទេស និង​មាន​អតិថិជន​ឥណទាន​ចំនួន ១៤០.០០០ នៅ​ក្នុង​​នោះ​ជិត ៧០​ភាគរយ​ជា​ស្ត្រី ។ ម្យ៉ាង​ទៀត​ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​តែ​មួយ​គត់ ដែល​មាន​ឯកទេស​ខាង​ផ្តល់​ឥណទាន​ជួយ​ដល់​ជន​ក្រីក្រ ។

MPDF បាន​ចាប់​ផ្តើម​ជួយ​អេស៊ីលីដា​នៅ​ក្នុង​ឆ្នាំ​១៩៩៩ និង ២០០០ គឺ​នៅ​ពេល​ដែល MPDF ជួយ​អេស៊ីលីដា​ចាប់​ផ្តើម​កម្លាយ​ខ្លួន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ទៅ​ជា​ធនាគារ​មួយ​ដែល​ផ្តល់​សេវាកម្ម​ធនាគារ​ពេញ​លេញ ។ MPDF បាន​ជួយ​ដល់​អេស៊ីលីដា​ក្នុង​ការ​បង្កើត​ឡើង​នូវ​ការអនុវត្ត និង​នីតិវិធី​ធនាគារ​តាម​បទដ្ឋាន​អន្តរជាតិ និង​ប្រព័ន្ធ​គ្រប់គ្រង​កាន់​តែ​ប្រសើរ​ជាង​មុន ។ នៅ​ក្នុង​ឆ្នាំ​២០០១ MPDF បាន​ផ្តល់​ការ​បណ្ដុះ​បណ្ដាល​ដល់​បុគ្គលិក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន នូវ​ជំនាញ​ផ្នែក​ទីផ្សារ​សេវាកម្ម​ហិរញ្ញវត្ថុ និង​នៅ​ក្នុង​ឆ្នាំ​២០០២ បាន​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​ឥណទាន នូវ​ជំនាញ​ដោះស្រាយ​បំណុល និង​គ្រប់គ្រង​ឥណទាន ។ សូម​ថ្លែង​អំណរគុណ​ផង​ដែរ​សម្រាប់​ការ​ជួយ​បណ្ដុះ​បណ្ដាល​បន្ត​បន្ទាប់​មក​ទៀត ដែល​បាន​ជួយឱ្យ​ភាគរយ​នៃ​ឥណទាន​ហួស​កាលកំណត់ ៣០ថ្ងៃ បាន​ធ្លាក់​ចុះ​ពី ៦,២% នៅ​ក្នុង​ឆ្នាំ​២០០២ មក​តិច​ជាង ១% នៅ​ក្នុង​ឆ្នាំ​២០០៣ ។ នាពេល​ថ្មីៗ​កន្លង​មក​នេះ MPDF បាន​ផ្តល់​ការ​បណ្ដុះ​បណ្ដាល ស្តី​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​មធ្យម និង​កំពុង​បន្ត​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​មន្ត្រី​ឥណទាន ក្នុង​ការ​វាយ​តម្លៃ​អាជីវកម្ម​របស់​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​មធ្យម ។

នៅ​ក្នុង​ឆ្នាំ​២០០១ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​វិនិយោគិន​អន្តរជាតិ​ដទៃ​ទៀត បាន​បណ្ដាក់​ទុន​ក្នុង​ធនាគារ​អេស៊ីលីដា ។ នៅ​ក្នុង​ឆ្នាំ​២០០៣ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​ដឹកនាំ​ភាគហ៊ុនិក ៥ ទៀត​របស់​អេស៊ីលីដា ឱ្យ​បង្កើន​ដើមទុន​របស់​ពួក​គេ​ចំនួន ៨​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដែល​ជា​ជំហាន​ចុង​ក្រោយ​ក្នុង​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគា​រពាណិជ្ជ ។ នៅ​ក្នុង​ឆ្នាំ​២០០៤ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​ផ្តល់ឱ្យ​អេស៊ីលីដា​នូវ​បន្ទាត់​ឥណទាន​ចំនួន ៦​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើន​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ។

សូម​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹក​នាំ​ដ៏​ប្រពៃ និង​បុគ្គលិក​ទាំង ២.៣០០​នាក់ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ឥឡូវ​នេះ​អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​ធនាគារ​ដែល​មាន​ការ​គ្រប់គ្រង​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អេស៊ីលីដា គឺ​ជា​ធនាគារ​ដំបូង​គេ​បង្អស់ និង​តែ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ផ្តល់​ចំណាត់​ថ្នាក់​ដោយ​ស្ថាប័ន​ផ្តល់​ចំណាត់​​ថ្នាក់​ធនាគារ​អន្តរជាតិ Moody's Investor Services ឬ​ភ្នាក់ងារ​ផ្តល់​ចំណាត់​ថ្នាក់​អន្តរជាតិ​ដទៃ ហើយ Moody's បាន​ផ្តល់​ចំណាត់​ថ្នាក់ឱ្យ​អេស៊ីលីដា​ជា​ធនាគារ​ដែល​មាន​ភាព​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ខ្ពស់​ជាង​ធនាគារ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ធនាគារ​មួយ​ភាគ​ធំ​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ ។

ធនាគារ​អេស៊ីលីដា ក៏​បាន​នាំ​មក​នូវ​សេវា​ហិរញ្ញវត្ថុ​សំខាន់ៗ​ជូន​ដល់​ប្រជាជន ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។ ឥឡូវ​នេះ អតិថិជន​សន្សំ​ប្រាក់​តូចៗ​ប្រមាណជិត ៨០.០០០​នាក់ ជឿ​ទុក​ចិត្ត​ដាក់​ប្រាក់​របស់​ពួក​គាត់​នៅ​ធនាគារ​អេស៊ីលីដា ហើយ​ធ្វើឱ្យ​ប្រាក់​បញ្ញើ​របស់​ធនាគារ​កើន​ឡើង​ស្ទើរ​តែ​ពី​ចំណុច​សូន្យ កាល​ពី​៤​ឆ្នាំ​មុន មក​ដល់ ៦២​លាន​ដុល្លារ​អាមេរិក នៅ​ចុង​ឆ្នាំ​២០០៥ ។ ធនាគារ​ក៏​បាន​ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ផ្ទេរ​ប្រាក់ ដែល​អាចឱ្យ​ពួក​គាត់​ធ្វើ​ការ​ផ្ទេរ​ប្រាក់​យ៉ាង​ងាយ​ស្រួល​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង សម្រាប់​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គាត់​នៅ​តំបន់​ជនបទ ។

ឥណទាន​ភាគ​ច្រើន​របស់​ធនាគារ​អេស៊ីលីដា ត្រូវ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ដែល​លក់​ដូរ​ទំនិញ​ចាំ​បាច់​ដូចជា ស្រូវ ត្រី និង ផលិត​និង​លក់​សំភារៈ​សិប្បកម្ម ប៉ុន្តែ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ MPDF និង​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​ផង​ដែរ ក្នុង​ការ​ចូល​រួម​ចំណែក​ធ្វើឱ្យ​ប្រាក់​កម្ចី និង​សេវាកម្ម​ជា​ច្រើន​ដែល​ផ្តល់​ជូន​ដល់​សហគ្រាស​ខ្នាត​តូច និង​តូច​បំផុត កំពុង​តែ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ។ ជា​ឧទាហរណ៍ អេស៊ីលីដា បាន​ផ្តល់​នូវ​សេវា​បើក​ប្រាក់​បៀវត្ស ជូន​ដល់​រោងចក្រ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជា​ច្រើន ដូច្នេះ​ពួក​គេ​ពុំ​ចាំ​បាច់​ធ្វើ​ការ​ទូទាត់​ដោយ​បើក​ប្រាក់​សុទ្ធ​ទៀត​ទេ ។ ទាំង​នេះ​ធ្វើឱ្យ​ធូរ​ស្រាល​ទាំង​បន្ទុក និង​ហានិភ័យ​នៃ​ប្រតិបត្តិការ​សាច់​ប្រាក់​សុទ្ធ និង​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​សម្រាប់​កម្មករ​និយោជិត​ធ្វើ​ការ​សន្សំ​ប្រាក់ ។ ដើម្បី​ជា​ចំណែក​មួយ​ក្នុង​កិច្ច​ប្រឹង​ប្រែង​លើក​ស្ទួយ​ជីវភាព​រស់​នៅឱ្យ​ប្រសើរ​ឡើង ធនាគារ​អេស៊ីលីដា​ផ្តល់​ជា​ហិរញ្ញប្បទាន​សម្រាប់​អ្នក​ផលិត​ថាមពល​ក្នុង​ទ្រង់ទ្រាយ​តូចៗ ដែល​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល និង​បា​នវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ដើម្បី​ផ្គត់ផ្គង់​ការ​ផ្ទេរ​ប្រាក់​រវាង​សាខា​និង​សាខា​នៅ​តាម​តំបន់​ជនបទ ។

អេស៊ីលីដា ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ខ្ពង់ខ្ពស់​ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ ។ នា​ខែ​កញ្ញា​ឆ្នាំ​២០០៥ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ផ្តល់​ពានរង្វាន់​ប្រចាំ​ឆ្នាំ​នៃ​ភាព​ជា​ដៃ​គូឈាន​មុខ​គេ ជូន​ដល់​ធនាគារ​អេស៊ីលីដា ចំពោះ​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវកម្រិត​បទដ្ឋាន​ខ្ពស់​ដែល​បាន​កំណត់​ដោយ​ខ្លួន​ឯង ។ កិត្តិយស​ដែល​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​នេះ ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​គំរូ​របស់ IFC ដែល​បាន​ចូលរួម​យ៉ាង​គួរឱ្យ​គត់​សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ហើយ​ស្រប​តាម​បេសកកម្ម​របស់ IFC ។

នៅ​ក្នុង​ពិធី​ផ្តល់​ពាន​រង្វាន់ នា​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី លោក Assaad Jabre ដែល​ពេល​នោះ​គាត់​ជា​អគ្គនាយក​រង​ប្រតិបត្តិ​ស្តីទី របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នាពេល​នោះ បាន​កោត​សរសើរ​អេស៊ីលីដា ចំពោះ​ការវិវដ្ត​របស់​ខ្លួន ទៅ​ជា​ធនាគារ​ពាណិជ្ជ​កម្រិត​ទី​មួយ ។ លោក​បាន​មាន​ប្រសាសន៍​ថា "អេស៊ីលីដា គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ មិន​ត្រឹម​តែ​សម្រាប់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ។ អ្នក​ទទួល​បាន​ពានរង្វាន់​នៃ​ភាព​ជា​ដៃ​គូ​ឈាន​មុខ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ គឺ​សម្រាប់​ក្រុមហ៊ុន​មួយ​ដែល​បាន​បង្កើតឱ្យ​មាន​នូវ​បទដ្ឋាន​ឈាន​មុខ​គេ​ក្នុង​អភិបាលកិច្ច​សាជីវកម្ម ការ​ចូល​រួម​ក្នុង​សហគមន៍ និរន្តរភាព​នៃ​បរិស្ថាន​និង​សង្គម និង​ភាពជោគជ័យ​ក្នុង​មុខ​ជំនួញ ។ អេស៊ីលីដា ពិត​ជា​សក្តិសម​នឹង​ទទួល​បាន​ពាន​រង្វាន់​នេះ" ។


កម្មវិធី​អភិវឌ្ឍ​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ IFC-MPDF គឺ​ជា​គម្រោង​មួយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ដោយ​មូលនិធិ​ចំរុះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រចាំ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ប្រកប​ដោយ​និរន្តរភាព ។ គោលបំណង​របស់ IFC-MPDF គឺ​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ទូទៅ​ក្នុង​​ប្រតិបត្តិការ និង​ការ​គ្រប់គ្រង និង​ទទួល​នូវ​ជោគជ័យ​បន្ថែម​ទៀត​ពី​ការ​ប្រកួត​ប្រជែងនៅ​ក្នុង​សេដ្ឋកិច្ច​សកល ។ IFC-MPDF ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​កម្មវិធី​ចំនួន៦ ដែល​ស្វែង​រក​វិធី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ បង្កើន​សមត្ថភាព​នៃ​ការ​គ្រប់គ្រង និង​បង្កើន​ការអនុវត្ត​ពាណិជ្ជកម្ម​ប្រកប​ដោយ​និរន្តរភាព នៅ​ក្នុង​វិស័យ ៣ ដែល​ជា​ស្នូល​នៃ​ភាពរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​វិស័យ​ទាំង​នេះ​រួម​មាន វិស័យ​ទេសចរណ៍ វិស័យ​កសិ-ពាណិជ្ជកម្ម និង​វិស័យ​កាត់ដេរ ។ អ្នក​ឧបត្ថម្ភ​ដល់​គម្រោង IFC-MPDF រួម​មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រទេស​អូស្ត្រាលី ប្រទេស​កាណាដា ប្រទេស​ហ្វាំងឡង់ដ៍ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រទេស​អៀរឡង់ដ៍ ប្រទេស​ជប៉ុន ប្រទេស​ញូវហ៊េ្សឡែន ប្រទេស​ហុល្លង់ដ៍ ប្រទេស​ណរវ៉េ ប្រទេស​ស៊ុយអ៊ែត ប្រទេស​ស្វ៊ីតហ៊េ្សឡែន និង​ចក្រភព​អង់គ្លេស ។

www.mpdf.org

HANOI
3rd Floor, 63 Ly Thai To St.
Hoan Kiem Dist., Hanoi
Vietnam
Tel: +(84 4) 824 7892
Fax: +(84 4) 824 7898
HO CHI MINH CITY
3rd Floor, Somerset
Chancellor Court, 21-23
Nguyen Thi Minh Khai St.
Dist. 1, Ho Chi Minh City
Vietnam
Tel: +(84 8) 823 5266
Fax: +(84 8) 823 5271
PHNOM PENH
70, Norodom Blvd.
Sangkat Chey Chumnas
P.O. Box 1115
Phnom Penh, Cambodia
Tel: +(855 23) 210 922
Fax: +(855 23) 215 157
VIENTIANE
Nehru Road
Pathou Xay
P.O. Box 9690
Vientiane, Lao PDR
Tel: +(856 21) 450 017-9
Fax: +(856 21) 450 020


ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៧៦៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖