www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារអេស៊ីលីដា ចូល​រួម​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចូល​រួម​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក

ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០០៧

ធនាគារ​អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ផ្នែក​សហគ្រាស​ខ្នាត​តូច និង​មធ្យម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដំបូង​បង្អស់ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ។

នៅ​ថ្ងៃ​ទី០១ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ធនាគារ​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ខ្លួន​ដំណើរការ​ទៅ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ទូទាំង​ពិភពលោក ។ កម្មវិធី​នេះ​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ទីផ្សារ​បច្ចុប្បន្ន ដោយ​សម្រួល​ដល់​លំហូរ​ហិរញ្ញវត្ថុ​នៃ​ទំនិញ និង​សេវាកម្ម​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ទូទាំង​ពិភពលោក ។ នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ នឹង​ផ្តល់​ការធានា​នូវ​រាល់​បែបបទ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ដោយ​អនុញ្ញាតឱ្យ​ធនាគារ​អេស៊ីលីដា ពង្រីក​ប្រតិបត្តិការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ខ្លួន​កាន់​តែ​ទូលំទូលាយ​ថែមទៀត​ក្នុង​សហគមន៍​ពាណិជ្ជកម្ម និង​ជួយ​សម្រួល​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស តាម​រយៈ​បណ្តាញ​ធនាគារ​ដៃគូ​ដ៏​ធំ​ចំនួន ៦៣៧ នៅ​ទូទាំង​ពិភពលោក ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា និង​ជា​អតីត​មន្ត្រី​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​ក៏​ជា​អ្នក​សេដ្ឋកិច្ច​មួយ​រូប​ផង​ដែរ បាន​មាន​ប្រសាសន៍​ថា "ធនាគារ​អេស៊ីលីដា កំពុង​ដើរ​តួនាទី​នាំ​មុខ​គេ​មួយ ក្នុង​ការ​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ក៏​អាច​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ឈ្មួញ​កណ្តាល​នៃ​ប្រទេស​ទីបី​ផង​ដែរ ។ ថ្មីៗ​នេះ​ធនាគារ​បាន​ផ្តល់​ហិរញ្ញវត្ថុ​​ដល់​អ្នក​ផ្គត់ផ្គង់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ការ​នាំ​ទំនិញ​ទ្រង់​ទ្រាញ​ធំ​ទៅ​ប្រទេស​ចិន និង​អ្នក​ដែល​កំពុង​ធ្វើ​ជំនួញ​សំខាន់ៗ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ដែល​បាន​ផលិត​ទៅ​កាន់​អឺរ៉ុប និង​ទ្វីប​អាមេរិក" ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​នេះ គឺ​ជា​កិច្ចព្រមព្រៀង​ចុង​​ក្រោយ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារ​អេស៊ីលីដា និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ទោះ​បី​កិច្ចព្រមព្រៀង​នេះ​ផ្តោត​ទៅ​លើ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​តែ​មួយ​មុខ​ក៏​ដោយ ។ យើង​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​បាន​ធ្វើ​ជា​ធនាគារ​ដៃគូ​ដំបូង​បង្អស់​របស់ IFC នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក​នេះ ។ វា​នឹង​ជួយឱ្យ​យើង​ឈាន​ទៅ​ដល់​ការ​ធ្វើ​ជំនួញ​ជា​មួយ​អតិថិជន​សក្តានុពល​ជា​ច្រើន​ទៀត ដែល​នឹង​ជំរុញឱ្យ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន ក៏​ដូចជា​បើក​ទ្វារ​ស្វាគមន៍​រាល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី ជា​ពិសេស​ធ្វើឱ្យ​ឈ្មោះ​ធនាគារ​អេស៊ីលីដា ស្ថិត​នៅ​ជួរ​មុខ​គេ​ក្នុង​តារាង​ភាព​ជា​ដៃគូ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​ក្នុង​តំបន់ ។ ការរីកលូតលាស់​នៃ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ចកម្ម​របស់​យើង ពី​ភាព​គ្មាន​អ្វី​សោះ​កាល​ពី​បី​ឆ្នាំ​មុន បាន​ធ្វើឱ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​បញ្ជាក់ឱ្យ​ដឹង​ថែម​ទៀត​ពី​តម្រូវការ​ចាំបាច់​នូវ​សេវា​នេះ សម្រាប់​សហគ្រិន​ជា​ច្រើន​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក Richard Renken នាយក​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វីក បាន​និយាយ​ថា "ការ​ផ្សព្វផ្សាយ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម គឺ​ជា​យុទ្ធសាស្ត្រ​ចម្បង​មួយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយ​ការ​ចូលរួម​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក​របស់​ធនាគារ​អេស៊ីលីដា នឹង​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគទុន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា" ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ផ្នែក​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន​១៦០​កន្លែង និង​មាន​បុគ្គលិក​ចំនួន ៣.២១៤​នាក់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន ធនាគារ​បាន​ផ្តល់​សេវាកម្ម​ជា​ច្រើន​ប្រភេទ​ដល់​អតិថិជន ដោយ​មាន​ចាប់​ពី​អតិថិជន​ធ្វើ​ជំនួញ​ជា​លក្ខណៈ​គ្រួសារ លក្ខណៈ​ខ្នាត​តូច​រហូត​ដល់​សហគ្រាស​ខ្នាត​មធ្យម និង​សហគ្រាស​ធំៗ​ជា​ច្រើន​ទៀត ។ ដើម្បី​គាំទ្រ​ដល់​សេវា​ផ្ទេរប្រាក់​ក្រៅ​ប្រទេស និង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ខ្លួន​ដែល​កំពុង​តែ​កើន​ឡើង​នោះ ធនាគារ​បាន​បង្កើន​ដៃគូ​ក្រៅ​ប្រទេស​ជា​ច្រើន​ដែល​សុទ្ធ​តែ​មាន​កិត្យានុភាព​ខ្ពស់ និង​កិត្តិនាម​ល្បីល្បាញ​នៅ​លើ​ពិភពលោក ។ ការប្តេជ្ញា​សម្រេច​បាន​នូវ​តម្លាភាព​ហិរញ្ញវត្ថុ និង​អភិបាលកិច្ច​ល្អ បាន​ជំរុញឱ្យ​ធនាគារ​អេស៊ីលីដា ទទួល​បាន​ជោគជ័យ ដោយ​ទទួល​បាន​នូវ​រង្វាន់​ជា​ច្រើន​រួម​ទាំង​ពានរង្វាន់​នៃ​ភាព​ជា​ដៃគូ​ឈាន​មុខ​គេ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ពាន​រង្វាន់ CGAP ស្តី​ពី​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​២០០៥ ។ លើស​ពី​នេះ​ធនាគារ​អេស៊ីលីដា ក៏​ជា​ធនាគារ​ដំបូង​បង្អស់​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​អន្តរជាតិ Moody's និង​បាន​ទិញ​ធានា​រ៉ាប់រង​លើ​ប្រតិបត្តិការ​ធនាគារ (Bankers Blanket Bond) ពី​ក្រុម​ហ៊ុន Jardine Lloyd Thompson Asia របស់​ចក្រភព​អង់គ្លេស ដែល​ធានា​រ៉ាប់រង​រាល់​ប្រតិបត្តិការ​របស់​ធនាគារ​នៅ​ពាស​ពេញ​ពិភពលោក ។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ជា​ផ្នែក​ឯកជន​មួយ​របស់​ធនាគារ​ពិភពលោក បាន​ផ្សព្វផ្សាយ​ពី​ការ​បើក​ចំហ​ទីផ្សារ និង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ គាំទ្រ​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​មាន​និរន្តរភាព និង​ដៃគូ​ផ្សេងៗ​ទៀត​ក្នុង​ការបង្តើតឱ្យ​មាន​ការងារ និង​ចែកចាយ​សេវា​សំខាន់ៗ​ជា​ច្រើន ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង ។ IFC Financial Product បាន​សន្យា​ផ្តល់​ថវិកា​ជាង ៥៦​ពាន់លាន​ដុល្លារ​អាមេរិក តាម​រយៈ FY06 សម្រាប់​ការវិនិយោគ​ផ្នែក​ឯកជន​នានា និង​ឧបត្ថម្ភ​បន្ថែម​ចំនួន ២៥ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ក្រុមហ៊ុន​ចំនួន ៣.៥៣១ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ១៤០ប្រទេស ។ សេវា​ផ្តល់​ប្រឹក្សា​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ដៃគូ​ផ្តល់​ជំនួយ បាន​ផ្តល់​ប្រាក់​ចំនួន ១ពាន់លាន​ដុល្លារ​អាមេរិក គាំទ្រ​ដល់​កម្មវិធី​ស្ថាបនា​សហគ្រាស​ធុន​តូច ដើម្បី​ជំរុញឱ្យ​មាន​ការ​ចូល​រួម​ចំណែក​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ពី​ផ្នែក​ឯកជន​នានា សំដៅ​អភិវឌ្ឍន៍​បរិស្ថាន​ជំនួញ បង្កើន​ឱកាស​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ពង្រឹង​និរន្តរភាព​បរិស្ថាន និង​សង្គម ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​ទំព័រ www.ifc.org ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ ៖

លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និង​ជាលេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៥៥៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖