navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធអគារថ្មីការិយាល័យកណ្តាល
ពិធីសម្ពោធអគារថ្មីការិយាល័យកណ្តាល របស់ធនាគារអេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៧
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានសំដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានផ្តល់កិត្តិយសចូលរួម ។ លោកបានលើកឡើងពីប្រវត្តិសង្ខេបរបស់អេស៊ីលីដា ដែលបានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៩៣ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ហើយបានក្លាយខ្លួនជាធនាគារឯកទេស នៅខែតុលា ឆ្នាំ២០០០ និងបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញ នៅដើមខែធ្នូ ឆ្នាំ២០០៣ ពីធនាគារជាតិនៃកម្ពុជា ដោយបានបង្កើនដើមទុនពី ៤លានដុល្លារអាមេរិក ទៅដល់ ១៣លានដុល្លារអាមេរិក ។ ដើម្បីគាំទ្រនូវការរីកលូតលាស់ដ៏ឆាប់រហ័ស ធនាគារអេស៊ីលីដាបានបង្កើនដើមទុនបន្ថែមចំនួន ១៧លានដុល្លារអាមេរិក នៅខែវិច្ឆិកា នាឆ្នាំកន្លងទៅនេះ តាមរយៈការលក់នូវសិទ្ធិទិញភាគហ៊ុនទៅឱ្យភាគហ៊ុនិកដើមរបស់ខ្លួនដើម្បីបង្កើនដើមទុន ។ លោក អ៊ិន ចាន់នី ក៏បានថ្លែងអំណរគុណចំពោះភាគហ៊ុនិក រួមមាន IFC, DEG, Triodos Doen, Triodos Fair Share Fund, អង្គការអេស៊ីលីដា និងក្រុមហ៊ុន ASA ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្រការអភិវឌ្ឍឥតឈប់ឈររបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ។
លោកក៏បានធ្វើការពិពណ៌នានូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ក្នុងការអភិវឌ្ឍក្នុងនាមជាធនាគារពាណិជ្ជ ដូចខាងក្រោម ៖
- ផ្តើមចេញពីប្រភពដើមជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា បានពង្រីកសេវាហិរញ្ញវត្ថុទូលំទូលាយដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ក្នុងនោះរួមមានអតិថិជនខ្នាតតូចបំផុត អតិថិជនខ្នាតតូច អតិថិជនខ្នាតមធ្យម និងអតិថិជនពាណិជ្ជកម្ម ។
- ផ្តួចផ្តើមឱ្យមានតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការប្រកាសផ្សាយពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ប្រចាំត្រីមាស និងប្រចាំឆ្នាំជាសាធារណៈ នៅក្នុងទំព័រសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ និងគេហទំព័រ (Website) របស់ខ្លួន ។
- នៅក្នុងឆ្នាំ២០០៤ បានផ្តួចផ្តើមឱ្យមានការធ្វើចំណាត់ថ្នាក់ ដោយស្ថាប័នធ្វើចំណាត់ថ្នាក់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Moody's ដោយទទួលចំណាត់ថ្នាក់កម្រិត D លើភាពរឹងមាំរបាយការណ៍ហិរញ្ញវត្ថុ ដែលជាចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតក្នុងចំណោមធនាគារក្នុងស្រុកនៅក្នុងទីផ្សារតំបន់អាស៊ី ។
- ការតាំងចិត្តអនុវត្តឱ្យមានអភិបាលកិច្ចល្អ និងការអនុវត្តល្អតាមបទដ្ឋានអន្តរជាតិ បានធ្វើឱ្យធនាគារអេស៊ីលីដាទទួលបាននូវ ៖
- ពានរង្វាន់ភាពជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុតប្រចាំឆ្នាំ ពីមូលនិធិអភិវឌ្ឍន៍នៃប្រទេសហុល្លង់ដ៍ (Triodos-Doen) ក្នុងពិធីបុណ្យខួបគម្រប់១០ឆ្នាំរបស់ Triodos-Doen ដែលប្រព្រឹត្តិទៅនៅក្នុងប្រទេសហុល្លង់ដ៍ នៅខែមិថុនា ឆ្នាំ២០០៤ ។
- បានទទួលវិញ្ញាបនបត្រសរសើរជាធនាគារអនុវត្តល្អបំផុតក្នុងការគ្រប់គ្រង និងចាត់ចែងសាច់ប្រាក់និងទូទាត់ជាលក្ខណៈអន្តរជាតិពីធនាគារដៃគូ HSBC ជារៀងរាល់ឆ្នាំ និង ធនាគារស្តាន់ដាឆាតទើរែត ទីក្រុងញូយ៉ក នាខែមករា ឆ្នាំ២០០៧ ។
- បានទទួលពានរង្វាន់ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេលើអភិបាលកិច្ចល្អ អភិវឌ្ឍសហគមន៍ ចូលរួមការពារបរិស្ថាននិងសង្គម និងមាននិរន្តរភាពពាណិជ្ជកម្ម ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅខែកញ្ញា ឆ្នាំ២០០៥ ។
- បានទទួលពានរង្វាន់ជាស្ថាប័នដែលមានតម្លាភាពហិរញ្ញវត្ថុ ពី CGAP នៃធនាគារពិភពលោក នៅខែមិថុនា ឆ្នាំ២០០៦ ។
- បានចូលជាសមាជិក VISA ជាមធ្យោបាយទូទាត់អន្តរជាតិ នៅខែមិថុនា ឆ្នាំ២០០៦ ដើម្បីបង្កើនការពង្រីកម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) និងម៉ាស៊ីនទូទាត់ប្រាក់ (POS) ។
- បានទទួលអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ធ្វើប្រតិបត្តិការជាធនាគារដំបូងគេបំផុត ពីធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ២០០៦ ដោយសារតែការប្រកាន់ខ្ជាប់នូវការអនុវត្តត្រឹមត្រូវតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ។
- ជាធនាគារដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានធានារ៉ាប់រងលើប្រតិបត្តិការធនាគារទាំងមូល (Bankers Blanket Bond), ធានារ៉ាប់រងលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងកុំព្យូទ័រ (Electronic and Computer Crime Insurance) និងធានារ៉ាប់រងលើសំណងចំពោះការប្រព្រឹត្តរបស់អ្នកគ្រប់គ្រងនិងបុគ្គលិក និងសំណងក្រុមហ៊ុន (Directors & Officers Liabilities and Company Reimbursement Insurance) ដើម្បីការពារអត្ថប្រយោជន៍អតិថិជន ។
- បានចូលជាសមាជិកនៃកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅខែកុម្ភៈ ឆ្នាំ២០០៧ ។
លោក អ៊ិន ចាន់នី បានបន្តទៀតថា អគារការិយាល័យកណ្តាលមួយដ៏ធំនេះបានចំណាយមូលនិធិផ្ទាល់របស់ធនាគារអេស៊ីលីដា អស់ជាង៦លានដុល្លារអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីសំណង់ធនាគារលំដាប់អន្តរជាតិ ។ អគារនេះមាន៦ជាន់ និងមានផ្ទៃក្រឡាសម្រាប់បំពេញការងារទំហំ ៦.៨០០ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន សាលដ៏ធំមួយសម្រាប់ទទួលអតិថិជនទូទៅទំហំជាង ៥០០ម៉ែត្រការ៉េ និងអាចផ្ទុកបុគ្គលិកបម្រើការងារបានរហូតដល់ជាង ១.០០០នាក់ និងមានចំណតយានយន្តដាច់ដោយឡែកដ៏ធំទូលាយ ។ អគារនេះគឺសាងសង់តាមបទដ្ឋានអន្តរជាតិខ្ពស់ ដោយយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គីភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ធនាគារអេស៊ីលីដានឹងចាប់ផ្តើមបម្រើសេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹម តាមរយៈការចេញប័ណ្ណអេស៊ីលីដា (ACLEDA Card) ជូនអតិថិជន និងសាធារណជនចាប់ពីថ្ងៃនេះតទៅ ។ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹម ត្រូវបានដាក់បង្រាយនៅតាមបណ្តាសាខាអេស៊ីលីដាចំនួន២០គ្រឿង ក្នុងនោះ១១គ្រឿងក្នុងរាជធានីភ្នំពេញ និង ៩គ្រឿងទៀតនៅបណ្តាសាខាខេត្ត-រាជធានី ហើយនឹងពង្រីកបន្ថែមទៅកាន់សាខាផ្សេងទៀត ដើម្បីបម្រើជូនអតិថិជន២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា "អគារទីស្នាក់ការកណ្តាលថ្មីនេះត្រូវបានកសាងឡើងស្របពេលដែលសេដ្ឋកិច្ចជាតិយើងកំពុងមានការរីកចម្រើន មានស្ថិរភាព និងមានកំណើនលើសពីការរំពឹងទុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការអភិវឌ្ឍរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅពេលនេះជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើនពីភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានប្រសិទ្ធភាព និងទទួលបានជំនឿទុកចិត្តពីសាធារណជនបន្ថែមទៀតផងដែរ ។ ខ្ញុំសូមធ្វើការកត់សម្គាល់ថា អេស៊ីលីដាបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ១៩៩៣ ក្រោមរូបភាពអង្គការក្រៅរដ្ឋាភិបាល (NGO) ដែលធ្វើប្រតិបត្តិការខាងផ្នែកមីក្រូហិរញ្ញវត្ថុ ។ នៅឆ្នាំ១៩៩៨ អេស៊ីលីដាបានប្រែក្លាយខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានការចុះបញ្ជី និងអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ។ នៅឆ្នាំ២០០០ អេស៊ីលីដាបានបន្តប្រែក្លាយខ្លួនមកជាធនាគារឯកទេស ហើយបន្ទាប់មកនៅឆ្នាំ២០០៣ អេស៊ីលីដាក៏បានប្រែក្លាយខ្លួនពីធនាគារឯកទេស មកជាធនាគារពាណិជ្ជ ។ នេះជាភស្តុតាងដែលបង្ហាញឱ្យឃើញថា ក្នុងរយៈពេល១៤ឆ្នាំនេះ អេស៊ីលីដាបានកើតឡើង និងរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ទាំងផ្នែកប្រតិបត្តិការ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទាំងផ្នែកប្រសិទ្ធភាពអាជីវកម្ម ។ ក្នុងនាមជាធនាគារជាតិនៃកម្ពុជា ខ្ញុំសូមសំដែងការអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ភីអិលស៊ី និងសូមវាយតម្លៃយ៉ាងខ្ពស់ថា សមិទ្ធផលថ្មីនៅចំពោះមុខយើងនេះ និងការពង្រីកប្រតិបត្តិការ ក៏ដូចជាការបោះទីតាំង បណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដល់ជនបទ នៅពេលនេះគឺពិតជាកញ្ចក់មួយឆ្លុះបញ្ចាំងពីការរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានការរីកចម្រើន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល" ។
ឯកឧត្តម គាត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កោតសរសើរចំពោះភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងនិយោជិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសកម្មភាពធនាគាររបស់ខ្លួន ហើយបានប្រតិស្នឡើងនូវអគារថ្មីដ៏ទំនើប និងរឹងមាំ ព្រមទាំងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទាន់សម័យស្របតាមបទដ្ឋានអន្តរជាតិ ។ រូបរាង និងទីតាំងអគារថ្មីនេះនឹងសម្រួលដល់អតិថិជនមានទីកន្លែង និងបរិដ្ឋានល្អ ដែលធ្វើឱ្យធនាគារបង្កើនបាននូវភាពជឿទុកចិត្តចំពោះសាធារណជនទាំងក្នុង និងក្រៅប្រទេស ។ ធនាគារអេស៊ីលីដា បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយបានទាក់ទាញវិនិយោគិនក្នុងនិងក្រៅប្រទេសក្នុងការគៀងគរប្រាក់សន្សំ ការផ្តល់ហិរញ្ញប្បទាន និងផ្តល់សេវាហិរញ្ញវត្ថុជាច្រើនទៀតដល់អាជីវករ ពាណិជ្ជករ វិនិយោគិន និងប្រជាពលរដ្ឋ ជាពិសេសបានពង្រីកសកម្មភាពសាខារបស់ខ្លួននៅតាមបណ្តាទីក្រុង និងទីប្រជុំជន រហូតដល់ជនបទដាច់ស្រយ៉ាលទូទាំង២៤ខេត្ត-រាជធានី រហូតមានចំនួន ១៦៤ការិយាល័យ និងកន្លែងផ្សេងទៀត ។ សកម្មភាពទាំងនេះ បានសម្រួលឱ្យមានការអភិវឌ្ឍសេវាធនាគារដល់ទីជនបទ ដែលជាទិសដៅរួមរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា "ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យហិរញ្ញវត្ថុ ខ្ញុំសូមឱ្យធនាគារអេស៊ីលីដា (១) ដើរតួនាទីនាំមុខក្នុងការខិតខំបញ្ចុះអត្រាការប្រាក់ឱ្យខ្ចីខាងមីក្រូហិរញ្ញវត្ថុ ព្រមទាំងពង្រីកវិសាលភាពលើវិស័យមីក្រូហិរញ្ញវត្ថុឱ្យបានទូលំទូលាយថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និង (២) បង្កើនការពង្រីកសេវាខាងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីជួយទីផ្សារស្រូវ-អង្ករបន្ថែមទៀត ក្នុងការឈានទៅបង្កើនសកម្មភាពអាជីវកររោងម៉ាស៊ីនកិនស្រូវក្នុងស្រុកទទួលបានតម្លៃបន្ថែម និងបង្កើតការងារថែមទៀត" ។