www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប្រធាន​ធនាគារ​ពិភពលោក បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​អតិថិជន​ធនាគារ​អេស៊ីលីដា

ប្រធាន​ធនាគារ​ពិភពលោក បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​អតិថិជន​ធនាគារ អេស៊ីលីដា

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៧

គណៈប្រតិភូ​ថតរូប​ជាមួយ​អតិថិជន​ឥណទាន​ជំនួញ​ខ្នាតតូច របស់​ធនាគារ​អេស៊ីលីដា
គណៈប្រតិភូ​ថតរូប​ជាមួយ​អតិថិជន​ឥណទាន​ជំនួញ​ខ្នាតតូច របស់​ធនាគារ​អេស៊ីលីដា

ភ្នំពេញ, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៧ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក ដែល​ដឹកនាំ​ដោយ​លោក Robert B. Zoellick ប្រធាន​ធនាគារ​ពិភពលោក រួមដំណើរ​ដោយ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា មន្ត្រី​ធនាគារ​ពិភពលោក IFC, MPDF ប្រចាំនៅ​ប្រទេស​កម្ពុជា និង​ថ្នាក់ដឹកនាំ​ធនាគារ​អេស៊ីលីដា ព្រមទាំង​អ្នកមុខ​អ្នកការ​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ទៅ​ធ្វើទស្សនកិច្ច​ជាផ្លូវការ​នៅ​កន្លែង​ប្រកប​អាជីវកម្ម​របស់​អតិថិជន ធនាគារ​អេស៊ីលីដា ដែល​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ ។ លោកស្រី យី ឡាប មានអាយុ ៥២​ឆ្នាំ ជាសហគ្រិន​ប្រកប​មុខរបរ​សិប្បកម្ម​តម្លើង​គោយន្ត និង​ម៉ាស៊ីនបោក​ស្រូវ មាន​កម្មករ​ចំនួន ១០នាក់ ស្ថិត​នៅ​ភូមិ​ព្រៃជីសាក់ សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ដែល​ជា​អតិថិជន ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខណ្ឌ​ដង្កោ បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក នាឱកាស​ការធ្វើ​ទស្សនកិច្ចនេះ ។

ដោយសារ​ការជឿជាក់ចំពោះ​សេវា​កម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា លោកស្រី យី ឡាប និង​ស្វាមី​ លោក លាប រ័ត្ន បាន​ប្រើប្រាស់​សេវាឥណទាន​ជំនួញ​ខ្នាត​តូច នៅធនាគារ​អេស៊ីលីដា សាខា​ខណ្ឌ​ដង្កោ ដែល​ជាសាខា​មួយ​ក្នុង​ចំណោម​សាខា​ទាំង​១៦៧ របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

គណៈប្រតិភូ​ទស្សនកិច្ច​កន្លែង​ប្រកប​អាជីវកម្ម របស់​អតិថិជន​ឥណទាន​ជំនួញ​ខ្នាតតូច​ធនាគារ​អេស៊ីលីដា
គណៈប្រតិភូ​ទស្សនកិច្ច​កន្លែង​ប្រកប​អាជីវកម្ម របស់​អតិថិជន​ឥណទាន​ជំនួញ​ខ្នាតតូច​ធនាគារ​អេស៊ីលីដា

លោក​ប្រធាន​ធនាគារ​ពិភពលោក បាន​ចុះ​ទស្សនកិច្ច និង​សំណេះ​សំណាល​ជាមួយ​អតិថិជន​ធនាគារ​អេស៊ីលីដា អំពី​សកម្ម​ភាព​មុខរបរ​របស់​គាត់ បាន​បម្រើ​ដល់​មធ្យោបាយ​ប្រើប្រាស់នៅ​ក្នុង​វិស័យ​កសិកម្ម ដែល​ជាឧបករណ៍​ដ៏​សំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា ។ ដោយសារ​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ឈានមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ឈានមុខ​គ្រប់​ស្រទាប់​មជ្ឈដ្ឋាន​នៅក្នុង​សហគមន៍​កម្ពុជា ទាំង​ជនបទ និង​ទីក្រុង បាន​បង្កើត​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុដ៏​មាន​ប្រសិទ្ធភាព តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជា​និយ័តករ បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដែល​ជាឧបករណ៍​ដ៏​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រនៅ​កម្ពុជា ។

ប្រវត្តិ​សង្ខេប​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជាក្រុមហ៊ុន​មហាជន​ទទួល​ខុសត្រូវ​មាន​កម្រិត ដែល​បង្កើត​ឡើង​តាម​ប្រព័ន្ធ​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ធនាគារ​អេស៊ីលីដា បាន​ចាប់​បដិសន្ធិ​ឡើង​នៅ​ខែ​មករា ឆ្នាំ​១៩៩៣ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ទិសដៅ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ហើយ​បាន​ទទួល​អាជ្ញាប័ណ្ណ​អចិន្ត្រៃយ៍​ជា​ធនាគារ​ពាណិជ្ជ ដែល​ធ្វើឱ្យ​ធនាគារ​អេស៊ីលីដា មាន​លទ្ធភាព​ផ្តល់​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន ។

រហូតមកដល់​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០០៧ ធនាគារ​អេស៊ីលីដា បាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​សកម្ម​សរុប​ចំនួន ១៧១.៣៤៥​នាក់ សរុប​ទឹកប្រាក់​ឥណទាន​ចំនួន ២១៧.១៩៩.៩១២​ដុល្លារអាមេរិក អតិថិជន​បើក​គណនី​បញ្ញើ-សន្សំ​មាន​ចំនួន ១៩២.១៨១​គណនី ដែល​មាន​ទឹកប្រាក់​ចំនួន ២២៧.៥៩៣.៧៧៣​ដុល្លារអាមេរិក ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ប្រមាណ​ជា ៣៤០​លានដុល្លារអាមេរិក ។

ធនាគារ​អេស៊ីលីដា មាន​ភាគហ៊ុនិក​អន្តរជាតិ​ធំៗ​ដូចជា ៖ ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ (ជា​ផ្នែក​មួយ​របស់​ធនាគារ​ពិភពលោក), DEG (សាខារបស់ KfW នៃសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់), FMO, Triodos-Doen Foundation និង Triodos Fair Share Fund នៃ​ប្រទេស​ហុល្លង់ដ៍ ។ ធនាគារ​អេស៊ីលីដា ជាធនាគារ​ពាណិជ្ជ មាន​បណ្តាញ​ប្រតិបត្តិការ​ធំជាង​គេ​បំផុត នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​មាន ១៦៧​សាខា និង​ការិយាល័យ​នៅ​ទូទាំង ២៤​ខេត្ត-​រាជធានី នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ធនាគារ​ដៃគូ​ចំនួន ៧២​ធនាគារ នៅ​ក្នុង ៤៧​ប្រទេស ក្នុង​នោះ​មាន​ចំនួន​ជាង ៧៦៨ សាខា​ធនាគារ​ជា​ដៃគូ​នៅ​លើ​ពិភពលោក ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ ៖

លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និង​ជាលេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖