www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធីសម្ពោធ​ការិយាល័យ​ សាខា​ចំការលើ

ពិធីសម្ពោធ​ការិយាល័យ​ធនាគារ​អេស៊ីលីដា សាខា​ចំការលើ

ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០០៨

លោក សាន ចន្ថា នាយក​ធនាគារ​អេស៊ីលីដា សាខាចំការលើ
លោក សាន ចន្ថា នាយក​ធនាគារ​អេស៊ីលីដា សាខាចំការលើ

នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០០៨ ធនាគារ​អេស៊ីលីដា សាខា​ចំការលើ ដែល​មាន​ទីតាំង​នៅ​ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ឱកាស​នោះ​មាន​ឯកឧត្តម គឹម នុតនិត្យា អភិបាល​ស្រុក​ចំការលើ លោក ឆាយ សឿន ប្រធាន​នាយក​ប្រតិបត្តិរង​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី  និង​ភ្ញៀវ​កិត្តិយស​ជាតិអន្តរជាតិ​ជា​ច្រើន ។

លោក សាន ចន្ថា នាយក​ធនាគារ​អេស៊ីលីដា សាខា​ចំការលើ បាន​មាន​មតិ​ជម្រាប​ជូន​ភ្ញៀវ​កិត្តិយស​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៨ ធនាគារ​អេស៊ីលីដា សាខា​ចំការលើ មាន​បុគ្គលិក​សរុប៨០នាក់ កំពុង​បម្រើការងារ មាន​ទ្រព្យ​សកម្ម​ចំនួន​ជិត​៨លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​មាន​ចំនួន​ជាង​៧លាន​ដុល្លារ​អាមេរិក ដែល​មាន​អតិថិជន​ជិត​៥.០០០នាក់ និង​មាន​អតិថិជន​ជាង​២.០០០នាក់​កំពុង​ដាក់​ប្រាក់​បញ្ញើ-សន្សំ​ជា​មួយ​ធនាគារ​និង​មាន​ទឹក​ប្រាក់​សរុប​ជាង​១លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ជា​ច្រើន​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។

ធនាគារ​អេស៊ីលីដា សាខា​ចំការលើ បាន​ប្តូរ​ទីតាំង​មក​អគារ​ការិយាល័យ​ថ្មី ដែល​បាន​សាងសង់​ឡើង​តាម​បទដ្ឋាន​ធនាគារ​ពាណិជ្ជ មាន​កម្ពស់​២ជាន់​កន្លះ និង​មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ​ធំទូលាយ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ។

ឯកឧត្តម គឹម នុតនិត្យា អភិបាល​ស្រុក​ចំការលើ និង​លោក ឆាយ សឿន ប្រធាន​នាយក​ប្រតិបត្តិរង​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ធនាគារ​អេស៊ីលីដា
ឯកឧត្តម គឹម នុតនិត្យា អភិបាល​ស្រុក​ចំការលើ និង​លោក ឆាយ សឿន ប្រធាន​នាយក​ប្រតិបត្តិរង​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ធនាគារ​អេស៊ីលីដា

ឯកឧត្តម គឹម នុតនិត្យា បាន​គូស​បញ្ជាក់​ថា អគារ​ការិយាល័យ​ថ្មី​ធនាគារ​អេស៊ីលីដា សាខា​ចំការលើ បាន​សាងសង់​​ឡើង​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ពិសេស​ស្រុក​ចំការលើ​កំពុង​មាន​ការរីកចម្រើន មាន​ស្ថិរភាព​និង​មាន​កំណើន​លើស​លប់​ពីការ​រំពឹង​ទុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ការវិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា សាខា​ចំការលើ ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការរីកចម្រើន ភាព​រឹងមាំ និង​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅ​ក្នុង​ស្រុក​ចំការលើ ។

លោក ឆាយ សឿន ប្រធាន​នាយក​ប្រតិបត្តិ​រង និង​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី​១៥​ហើយ​ដែល​ធនាគារ​អេស៊ីលីដា បាន​បម្រើ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​ទាំង​២១៦​ ទូទាំង​២៤​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាន​សាខា​និង​ការិយាល័យ​ចំនួន​៣​នៅ​ប្រទេស​ឡាវ ។

លោក​ក៏​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ខ្ពស់​បំផុត​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​ទាំង​៥.៣៤១នាក់ និង​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​ជាង​៨០០.០០០​នាក់ ដែល​បាន​ចូលរួម​វិវត្តន៍​ជា​មួយ​ធនាគារ​តាំង​ពី​ដើម​រៀងមក ធ្វើឱ្យ​ទ្រព្យ​សកម្ម​របស់​ធនាគារ​អេស៊ីលីដា កើន​ដល់​ចំនួន៦៤៥លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​កក្កដា ឆ្នាំ​២០០៨ រួម​ទាំង​សមិទ្ធផល​របស់​សាខា​ចំការលើ ។

លោក ឆាយ សឿន បាន​សន្យា​និង​សូម​ផ្ញើ​សញ្ញាណ​ដ៏​រឹងមាំ​ដល់​អតិថិជន​និង​សាធារណជន​ថា លោក​និង​សហការី​ទាំង​អស់ សូម​ធ្វើ​ការ​ធានា​អះអាង​ថា ធនាគារ​អេស៊ីលីដា​នឹង​ផ្តល់​នូវ​ការ​ការពារ និង​សុវត្ថិភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​អតិថិជន​ដែល​មាន​នៅ​ជា​មួយ​ធនាគារ​អេស៊ីលីដា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖