navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextបើកសម្ពោធសាខាសាក់វណ្ណខេត និងសាខាចំប៉ាសាក់
បើកសម្ពោធសាខាសាក់វណ្ណខេត និងសាខាចំប៉ាសាក់
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៨
នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា ឡាវ បើកសម្ពោធសាខាចំនួនពីរបន្តបន្តាប់គ្នា ស្ថិតនៅក្នុងខេត្តសាក់វណ្ណខេត និងចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម Vilayvanh PHOMKHE អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្តសាក់វណ្ណខេត, ឯកឧត្ដម Sorn Say SIPHANDON អភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ, ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដាឡាវ, នាយកនាយិកាធនាគារអេស៊ីលីដា ភីអិលស៊ី, អគ្គនាយក ធនាគារអេស៊ីលីដាឡាវ, ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនទៀត ។
ឯកឧត្តមអភិបាលខេត្តសាក់វណ្ណខេត និងចំប៉ាសាក់ បានមានប្រសាសន៍ថា វត្តមានរបស់ធនាគារអេស៊ីលីដា ឡាវ សាខាសាក់វណ្ណខេត និងចំប៉ាសាក់ ស្របពេលដែលសេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានការអភិវឌ្ឍ ស្ថិរភាព និងរីកចម្រើនលើសលុបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងខេត្តសាក់វណ្ណខេតនិងចំប៉ាសាក់ ។
ឯកឧត្តមទាំងពីរក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ឡាវ និងគាំទ្រយ៉ាងរឹងមាំនិងស្វាគមន៍យ៉ាងកក់ក្តៅនូវសាខារបស់ធនាគារអេស៊ីលីដាឡាវ នៅក្នុងខេត្តសាក់វណ្ណខេត និងចំប៉ាសាក់នេះ ។ ឯកឧត្តមបានបន្ថែមទៀតថា ការពង្រីកបណ្ដាញប្រតិបត្តិការនេះនឹងផ្តល់នូវផលចំណេញយ៉ាងច្រើនដល់ប្រជាជន និងពាណិជ្ជករ អាចទទួលបាននូវប្រភពហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុដទៃទៀតជាច្រើន ដែលជាផ្នែកយ៉ាងសំខាន់ដើម្បីបង្កើតការងារ ចំណូល ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្តសាក់វណ្ណខេតនិងចំប៉ាសាក់ និងបណ្តាខេត្តដែលនៅក្បែរនោះ ។ លោកជឿជាក់ថា ធនាគារអេស៊ីលីដា ឡាវ នឹងធ្វើជាដៃគូអភិវឌ្ឍន៍ មានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អជូនដល់អតិថិជន ហើយមានបំណងពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។
លោក វ៉ាន់ សារឿន អគ្គនាយក ធនាគារអេស៊ីលីដា ឡាវ បានរំលឹកឡើងវិញពីធនាគារអេស៊ីលីដា ឡាវ ថាជាធនាគារពាណិជ្ជដំបូងគេដែលមកពីប្រទេសកម្ពុជា វិនិយោគនៅក្នុងប្រទេសឡាវ មានដើមទុន ចុះបញ្ជីចំនួន ១០០ពាន់លានគីប (Kip) កាន់កាប់ដោយភាគហ៊ុនិកបួន ដូចខាងក្រោម ៖
- ធនាគារ អេស៊ីលីដា ភីអិលស៊ី (កម្ពុជា) មានចំនួន ៤៧,៥០%
- FMO (ហុល្លង់ដ៍) មានចំនួន ៣០%
- Triodos-Doen (ហុល្លង់ដ៍) មានចំនួន ១១,២៥%
- Triodos Fair Share Fund (ហុល្លង់ដ៍) មានចំនួន ១១,២៥%
- ហើយក្នុងពេលឆាប់ៗនេះ នឹងមានភាគហ៊ុនិកពីរទៀតគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC–WB) និងសាជីវកម្មហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាល្លឺម៉ង់ (KfW)
លោកបានបន្តទៀតថា "បេសកកម្មរបស់ធនាគារអេស៊ីលីដា ឡាវ គឺផ្តល់ជូនសហគ្រិនខ្នាតតូច និងខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ។"
ជាជំហានដំបូង យើងខ្ញុំប្រតិបត្តិការសេវាធនាគារ នៅសាខាសាក់វណ្ណខេតនិងចំប៉ាសាក់នេះ មានដូចខាងក្រោម ៖
- សេវាឥណទាន ៖ ឥណទានជំនួញខ្នាតតូច ឥណទានជំនួញខ្នាតមធ្យម និងឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
- សេវាបញ្ញើ-សន្សំ ៖ គណនីបញ្ញើសំចៃ គណនីចរន្ត និងគណនីមានកាលកំណត់
- សេវាផ្ទេរប្រាក់ ៖ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស
- សេវាចាត់ចែងសាច់ប្រាក់ ៖ បើកប្រាក់បៀវត្ស ប្តូរប្រាក់ និងមូលប្បទានប័ត្រទេសចរណ៍
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ៖ លិខិតធានាលើការអនុវត្តកិច្ចសន្យា និងលិខិតធានាលើការដេញថ្លៃ