navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextបេឡាជាតិរបបសន្តិសុខសង្គមជ្រើសរើសធនាគារអេស៊ីលីដា ជាអ្នកគ្រប់គ្រងមូលនិធិ
បេឡាជាតិរបបសន្តិសុខសង្គមជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាអ្នកគ្រប់គ្រងមូលនិធិ
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨
ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨ ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ធនាគារបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីគ្រប់គ្រងមូលនិធិហានិភ័យការងារ ។
បេឡាជាតិរបបសន្តិសុខសង្គម បានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៦ អនក្រ/ប្រក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ របស់ព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីតាវកាលិកហានិភ័យការងារ និងការកំណត់អត្រាភាគទាននិងបែបបទនៃការបង់ភាគទានលើហានិភ័យការងារ ដែលបានចេញឱ្យអនុវត្តនៅក្នុងឆ្នាំនេះ ។ ប្រកាសនេះ កំណត់អំពីកាតព្វកិច្ចរបស់និយោជិត ឬម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គម ត្រូវបង់ភាគទានលើហានិភ័យការងារទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ។ កម្មករនិយោជិតពុំមានកាតព្វកិច្ចបង់វិភាគទាននៅក្នុងមូលនិធិនេះទេ ។ ហានិភ័យការងារ រួមមាន គ្រោះថ្នាក់នៅកន្លែងការងារ គ្រោះថ្នាក់នៅពេលធ្វើដំណើរដោយត្រង់ទៅកន្លែងធ្វើការ ឬមកពីកន្លែងធ្វើការឆ្ពោះទៅលំនៅដ្ឋាន និងជំងឺវិជ្ជាជីវៈ ។
លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម មានប្រសាសន៍ថា "ភាគទានរបស់និយោជក ដែលបានចូលរួមចំណែកនៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម នឹងដាក់ផ្ញើនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានជ្រើសរើសប្រកបដោយភាពជឿជាក់ខ្ពស់ឱ្យគ្រប់គ្រងមូលនិធិ សម្រាប់ធ្វើការទូទាត់ និងផ្តល់តាវកាលិកជូនកម្មករនិយោជិតដែលទទួលរងនូវហានិភ័យការងារ ឬអ្នកតំណាងជនរងគ្រោះ ស្របតាមលក្ខណៈវិនិច្ឆ័យដែលកំណត់នៅក្នុងប្រកាសខាងលើ ។ ធនាគារអេស៊ីលីដា គឺជាដៃគូមួយដ៏សក្តិសមបំផុតសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម មិនត្រឹមតែដោយសារធនាគារអេស៊ីលីដា មានបណ្តាញប្រតិបត្តិការច្រើននោះទេ ប៉ុន្តែគឺដោយសារធនាគារមានប្រព័ន្ធការពារហានិភ័យដ៏ល្អប្រសើរបំផុត និងបានទទួលចំណាត់ថ្នាក់ជាធនាគារមានស្ថិរភាពពីស្ថាប័នធ្វើចំណាត់ថ្នាក់អន្តរជាតិ ព្រមទាំងមានធានារ៉ាប់រងលើទ្រព្យសម្បត្តិរបស់ធនាគារអេស៊ីលីដា និងអតិថិជនដែលមាននៅជាមួយធនាគារអេស៊ីលីដា ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ ចំពោះការថែរក្សា និងការពារសុវត្ថិភាពលើទ្រព្យសម្បត្តិរបស់អតិថិជន ។"
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះគឺជាជំហានមួយដ៏ធំនៃការវិវត្តលើកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល ។ "ការប្រកាសឱ្យដំណើរការនូវបេឡាជាតិរបបសន្តិសុខសង្គម នឹងបង្កើនសុវត្ថិភាពសម្រាប់កម្មករនិយោជិត ដែលអាចមានគ្រោះថ្នាក់នៅកន្លែងការងារ ។ ការប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បីគ្រប់គ្រងលើកម្មវិធីផ្សេងៗរបស់ស្ថាប័នសាធារណៈ ដូចជាកម្មវិធីរបស់បេឡាជាតិរបបសន្តិសុខសង្គមនេះ នឹងអាចធានានូវតម្លាភាព និងគណនីភាព ។ ទាំងអស់នេះ នឹងធានាឱ្យមានភាពជឿជាក់ និងប្រសិទ្ធភាពក្នុងការទូទាត់ និងផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកទទួលរងហានិភ័យការងារ ឬអ្នកតំណាង និងបង្កើននូវជំនឿទុកចិត្ត និងការចូលរួមពីសំណាក់សាធារណជន នៅក្នុងកម្មវិធីសុខុមាលភាពសង្គមដែលរៀបចំដោយរាជរដ្ឋាភិបាល ។"
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖