navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យសាខាស្រុកបាកាន
ពិធីសម្ពោធការិយាល័យសាខាស្រុកបាកាន
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកបាកាន មានទីតាំងស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងឱកាសនោះមាន ៖ ឯកឧត្តមអភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ លោកប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដា លោកប្រធាននាយកប្រតិបត្តិ អនុប្រធាននាយកប្រតិបត្តិនិងជាប្រធាននាយក-នាយិកាប្រតិបត្តិ នាយក-នាយិកាធនាគារអេស៊ីលីដា និងភ្ញៀវកិត្តិយសជាច្រើនទៀត ។
លោក ឡាវ កុសល នាយកធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកបាកាន មានប្រសាសន៍ថា "ពេលនេះ សាខាស្រុកបាកាន បានប្តូរទីតាំងមកអគារការិយាល័យថ្មី ស្ថិតក្នុងតំបន់ពាណិជ្ជកម្ម និងបានសាងសង់ឡើង តាមស្តង់ដារធនាគារពាណិជ្ជ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ និងស្ថិតនៅជិតអតិថិជន ។ អគារនេះមាន២ជាន់ និងផ្ទៃក្រឡាសម្រាប់បំពេញការងារ និងទទួលអតិថិជនធំទូលាយ ។"
លោកបានបន្តទៀតថា "ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកបាកាន នឹងមានគម្រោងបំពាក់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ អេធីអឹម នៅក្នុងឆ្នាំ២០១០ ខាងមុខនេះ ដើម្បីបង្កើននូវភាពងាយស្រួលថែមទៀតក្នុងការបម្រើអតិថិជន និងសាធារណជនបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង០៧ថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកសាធារណៈផងដែរ ។"
ក្នុងឱកាសនោះដែរ ឯកឧត្តម ទី គឹមតុក អភិបាលរងខេត្តពោធិ៍សាត់ មានប្រសាសន៍ថា "ឆ្លៀតឱកាសនេះក្នុងនាមរូបខ្ញុំផ្ទាល់ តំណាងឱ្យអាជ្ញាធរខេត្តពោធិ៍សាត់ ខ្ញុំសូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ជាពិសេសថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកបាកាន និងសូមគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍ដំណើរការវិវឌ្ឍរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកបាកាននេះ ។ ខ្ញុំគិតថាការរីកចម្រើន និងការវិវឌ្ឍរបស់ សាខាស្រុកបាកាន ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបាកានទាំងមូល ។"
ឯកឧត្តមបានបន្តទៀតថា "ខ្ញុំមានជំនឿ ជឿជាក់ថាធនាគារអេស៊ីលីដា ភីអិលស៊ី ជាពិសេស សាខាស្រុកបាកាន នៅតែបន្តជាដៃគូអភិវឌ្ឍន៍របស់ខេត្តនិងស្រុក ជាប្រតិបត្តិករល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុល្អជូនដល់អតិថិជនទូទៅ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងផលិតភាពថែមទៀត ។ ខ្ញុំសង្ឃឹមផងដែរថាធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកបាកាន នឹងនៅតែបន្តជំរុញសេវាកម្មហិរញ្ញវត្ថុ ពង្រីកបណ្តាញប្រតិបត្តិការ និងសកម្មភាពរបស់ខ្លួនរហូតដល់ថ្នាក់ឃុំ ទូទាំងខេត្តពោធិ៍សាត់ទាំងមូល ។"
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា "នេះជាឆ្នាំទី១៦ហើយ ដែលអេស៊ីលីដា បានបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន តាមរយៈសាខា និងការិយាល័យទាំង ២២៧ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងសាខានិងការិយាល័យចំនួន ០៣ នៅក្នុងប្រទេសឡាវ ។ ក្នុងចំណោមអគារការិយាល័យសាខាទាំង ២២៧ ធនាគារអេស៊ីលីដា មានអគារការិយាល័យស្តង់ដារបែបនេះចំនួន ៤៣ និងកំពុងសាងសង់ចំនួន ២៣ ។ ថ្ងៃនេះ ខ្ញុំបាទមានមោទនភាពយ៉ាងខ្លាំង ចំពោះសំណង់អគារការិយាល័យនេះ ដែលបានសាងសង់តាមស្តង់ដាររបស់ធនាគារស្របតាមយុទ្ធសាស្ត្រយូរអង្វែងរបស់យើង ។ ធនាគារ អេស៊ីលីដា នឹងរៀបចំឱ្យមានអគារការិយាល័យស្តង់ដារបែបនេះទាំងអស់ ដើម្បីទទួលបម្រើអតិថិជន និងបង្កឱ្យមានភាពងាយស្រួលដល់អតិថិជនទាក់ទង និងប្រើប្រាស់សេវាហិរញ្ញវត្ថុនានា ជាពិសេសគឺការពារសុវត្ថិភាពទ្រព្យសម្បត្តិរបស់អតិថិជន ដែលបាននិងកំពុងប្រើប្រាស់សេវាធនាគារអេស៊ីលីដា ព្រមទាំងបង្កឱ្យមានផាសុកភាព និងសុវត្ថិភាពការងារដល់បុគ្គលិក ដែលបាននិងកំពុងបម្រើការងារ ។"
លោក អ៊ិន ចាន់នី បានបន្តទៀតថា "ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងខ្ពស់បំផុតចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគហ៊ុនិក កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ទាំង ៦.៥២៤នាក់ និងអតិថិជនវៃឆ្លាតទាំង ៩០ម៉ឺននាក់ ដែលតែងតែជួយគាំទ្រទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ត និងសហការយ៉ាងពេញទំហឹង ព្រមទាំងចូលរួមវិវត្តជាមួយធនាគារអេស៊ីលីដា តាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដា កើនដល់ចំនួន ៧៤៧លានដុល្លារអាមេរិក នៅបំណាច់ខែមីនា ឆ្នាំ២០០៩ ហើយទ្រព្យសកម្មនេះនឹងកើនដល់ ១.០០០លានដុល្លារអាមេរិក នាពេលដ៏ខ្លីខាងមុខ ។ នេះបង្ហាញឱ្យឃើញថា សម្ព័ន្ធភាពដ៏រឹងមាំរបស់យើងទាំងអស់គ្នាជាឧបករណ៍ និងជាកាតាលិករដ៏សំខាន់បំផុត និងជាមធ្យោបាយដ៏មុតថ្លា ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕"