www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextអគ្គិសនី​កម្ពុជា ជ្រើសរើស​ធនាគារ​អេស៊ីលីដា ជា​ដៃគូ​

អគ្គិសនី​កម្ពុជា ជ្រើសរើស​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ដៃគូ
ក្នុង​ការ​បម្រើ​សេវា​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​តាមរយៈ​ម៉ាស៊ីន ATM ធនាគារ​អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០០៩

ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ចុះ​ហត្ថលេខា លើ​អនុស្សរណៈ
ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ចុះ​ហត្ថលេខា លើ​អនុស្សរណៈ

រាជធានី​ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩ ៖ អគ្គិសនី​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​នា​ថ្ងៃ​នេះ​ថា អគ្គិសនី​កម្ពុជា បាន​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ដៃគូ​ក្នុង​ការ​បម្រើ​សេវា​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​តាមរយៈ​ម៉ាស៊ីន ATM ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

អគ្គិសនី​កម្ពុជា គឺ​ជា​ក្រុមហ៊ុន​រដ្ឋ​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផលិត បញ្ជូន និង​ចែកចាយ ថាមពល​អគ្គិសនី ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ អគ្គិសនី​កម្ពុជា ជា​នីតិបុគ្គល​ដែល​មាន​ស្វ័យភាព​ហិរញ្ញវត្ថុ រដ្ឋបាល និង​ការ​គ្រប់គ្រង ដោយ​ទទួល​ខុស​ត្រូវ​លើ​ចំណូល និង​ចំណាយ ព្រមទាំង​បំណុល​ទាក់ទង​នឹង​ការ​ពង្រីក​ទ្រព្យសកម្ម​របស់​ខ្លួន ។ អតិថិជន​សរុប​របស់​អគ្គិសនី​កម្ពុជា​នៅ​ទូទាំង​ប្រទេស​នៅ​ដំណាច់​ឆ្នាំ២០០៨ មាន​ចំនួន ៣១៥.៥១០ និង​បាន​កើន​រហូត​ដល់ ចំនួន ៣២៥.១៤០ ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ២០០៩ ដែល​ក្នុង​នោះ​មាន​អតិថិជន​ចំនួន ២១៧.០០៧ នៅ​រាជធានី​ភ្នំពេញ ។

ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា មាន​ប្រសាសន៍​ថា "មូលហេតុ ដែល​អគ្គិសនី​កម្ពុជា ជ្រើសរើស​យក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ធ្វើ​ជា​ដៃគូ​ក្នុង​ការ​បម្រើ​សេវា​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី តាមរយៈ​ម៉ាស៊ីន ATM ធនាគារ​អេស៊ីលីដា សម្រាប់​អតិថិជន​របស់​អគ្គិសនី​កម្ពុជា នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល គឺ​ដើម្បី​សម្រួល​ដល់​ការ​បង់​ប្រាក់​របស់​អតិថិជន​អគ្គិសនី​កម្ពុជា និង​កាត់​បន្ថយ​បរិមាណ​អតិថិជន ដែល​មក​បង់​ប្រាក់​ផ្ទាល់ ក៏​ដូចជា​កាត់​បន្ថយ​បរិមាណ​សាច់ប្រាក់​ទទួល​ផ្ទាល់​នៅ​តាម​បណ្តា​សាខា​អាជីវកម្ម​អគ្គិសនី​កម្ពុជា ។ ការ​ជ្រើសរើស​យក ធនាគារ​អេស៊ីលីដា ធ្វើ​ជា​ដៃគូ គឺ​ដោយសារ​ធនាគារ​នេះ មាន​បណ្តាញ​សាខា​ច្រើន​ភ្ជាប់​ទំទាក់ទំនង​គ្នា​ដោយ​ប្រព័ន្ធ​ទំនើប​ជឿនលឿន និង​រៀបចំ​បាន​ល្អ​នៅ​ក្នុង​ប្រទេស ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ព្រមទាំង​មាន​បំពាក់​នូវ​ម៉ាស៊ីន ATM សម្រាប់​បម្រើ​សេវា​ជូន​អតិថិជន ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ។ ម៉្យាងវិញទៀត​ការ​ប្រើប្រាស់ ប្រព័ន្ធ​ធនាគារ​ពាណិជ្ជ ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី គឺ​ដើម្បី​បង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ របស់​អគ្គិសនី​កម្ពុជាឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត" ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​មោទនភាព​ដែល​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​ជ្រើសរើស​ធ្វើ​ជា​ដៃគូ​របស់​អគ្គិសនី​កម្ពុជា ក្នុង​ការ​បម្រើ​សេវា​បង់​ប្រាក់​ថ្លៃ​ប្រើប្រាស់​ថាមពល​អគ្គិសនី​តាមរយៈ​ម៉ាស៊ីន ATM បន្ទាប់​ពី​ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ជ្រើសរើស ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ធ្វើ​ជា​ដៃគូ​របស់​រតនាគារ​ជាតិ ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកាជាតិ កាលពី​ខែមិថុនា ថ្មីៗ​កន្លង​មក ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ម៉ាស៊ីន ATM ចំនួន ៦២គ្រឿង ធនាគារ​អេស៊ីលីដា នឹង​មាន​បំពាក់​ម៉ាស៊ីន ATM សរុប​ចំនួន ១០៥គ្រឿង នៅ​មុន​ដំណាច់​ឆ្នាំ២០០៩ នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ និង​បម្រើ​សេវា​ជូន​អតិថិជន និង​សាធារណជន រួមទាំង​អតិថិជន​របស់​អគ្គិសនី​កម្ពុជា" ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖