www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextJardine Matheson Group ទិញ​ភាគហ៊ុន​ចំនួន ១២,២៥% នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី

Jardine Matheson Group ទិញ​ភាគហ៊ុន​ចំនួន ១២,២៥% នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៩

ភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៩, ក្រុមហ៊ុន JSH Asian Holdings Limited បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន​បាន​ទិញ​ភាគហ៊ុន​ចំនួន ១២,២៥% នៅ​ក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ" ដែល​ជា​ធនាគារ​ធំ​ជាង​គេ​លំដាប់​ទី២​នៃ​ប្រទេស​កម្ពុជា ពី​ស្ថាប័ន FMO ជា​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ហូឡង់ដ៍ ។ JSH Asian Holdings Limited គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Jardine Strategic Holdings Limited ដែល​ជា​សមាជិក​របស់ Jardine Matheson Group ហើយ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ជា​សាធារណៈ ។ ការ​ទិញ​ភាគហ៊ុន​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​នេះ ។

លោក Alain Cany មុខងារ​ជា Group Country Chairman នៃ Jardine Matheson នៅ​ក្នុង​ប្រទេស​វៀតណាម បាន​គូស​បញ្ជាក់​លើ​ករណី​ទិញ​ភាគហ៊ុន​នេះ​ថា "យើង​មាន​ជំនឿ​ថា​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើតឱ្យ​មាន​សក្តានុពល​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​មួយ ដែល​មាន​ភាព​ភ្លឺ​ថ្លា​នា​ពេល​អនាគត ។ ការ​វិនិយោគ និង​ការ​គ្រប់គ្រង​ដោយ FMO នៅ​ក្នុង​ធនាគារ​អេស៊ីលីដា បាន​ជួយ​ដល់​ធនាគារឱ្យ​មាន​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ ហើយ​យើង​ពេញចិត្ត នឹង​ការ​រង់ចាំ​ក្លាយ​ជា​ភាគហ៊ុនិក​មួយ ក្នុង​ដំណាក់កាល​នៃ​ការ​រីក​ចម្រើន​របស់​ធនាគារ​នេះ" ។

លោក Jurgen Rigterink, FMO's CIO បាន​មាន​ប្រសាសន៍​ថា "ការ​ចូលរួម​របស់​យើង​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្ហាញ​ពី​ការ​គាំទ្រ​របស់ FMO ដល់​បណ្តា​សហគ្រិន​ក្នុង​ការ​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ។ យើង​បាន​ចូលរួម​ជា​លើក​ដំបូង​នៅ​ឆ្នាំ២០០០ ជាមួយ​នឹង​ការ​ផ្តល់​ហិរញ្ញវត្ថុ ពី​មូលនិធិ​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​តូច​បំផុត ដែល​យើង​ធ្វើ​ការ​គ្រប់គ្រង​ចាត់ចែង​ក្នុង​នាម​រដ្ឋាភិបាល​ហូឡង់ដ៍ ហើយ​កម្រិត​នៃ​ការ​វិនិយោគ​របស់​យើង មាន​ការ​កើនឡើង​រហូត​នា​ឆ្នាំ​កន្លង​មក​នេះ ។ យើង​ក៏​បាន​ផ្តល់​ផងដែរ​នូវ​ការ​គាំទ្រ​ផ្នែក​អភិវឌ្ឍន៍​សមត្ថភាព ដូចជា​ការ​គ្រប់គ្រង​ហានិភ័យ និង​អភិបាលកិច្ច​សាជីវកម្ម ដែល​បាន​ជួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយ​ជា​ស្ថាប័ន​វិជ្ជាជីវៈ​មួយ រួច​ជា​ស្រេច សម្រាប់​ដំណាក់​កាល​បន្ទាប់ ។ យើង​គិត​ថា នេះ​ជា​ពេល​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​អ្នក​វិនិយោគ​ឯកជន​ធំ​មួយ ដូចជា Jardines ដើម្បី​ទិញ​ភាគហ៊ុន​របស់​យើង​នៅ​ក្នុង​ធនាគារ​អេស៊ីលីដា ។ FMO នឹង​នៅ​តែ​ជា​ភាគហ៊ុនិក​មួយ​នៅ​ធនាគារ​អេស៊ីលីដា ឡាវ និង​នៅ​តែ​បន្ត​ស្វែង​រក​ឱកាស​វិនិយោគ​ថ្មីៗ​ទៀត​នៅ​ក្នុង​តំបន់ សម្រាប់​ឆ្នាំ​ខាង​មុខ" ។

នៅ​ក្នុង​ការ​ប្រកាស​ស្វាគមន៍ លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ធនាគារ​បាន​ដឹង​ពី​ការ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន Jardine Matheson Group ជា​ច្រើន​ដង ហើយ​ក៏​កំពុង​ធ្វើ​ការ​ជាប់​ជាមួយ​ភាគី​ទាំង​ពីរ ដើម្បី​សម្រប​សម្រួល​ការ​ទិញ-លក់​នេះ ។ "Jardines នឹង​នាំ​យក​នូវ​បទពិសោធន៍​ក្នុង​វិស័យ​ធនាគារ និង​ពាណិជ្ជកម្ម សម្រាប់​រយៈពេល​ជាង ១៧៥ឆ្នាំ នៅ​ក្នុង​តំបន់​អាស៊ី ។ នៅ​ក្នុង​កិច្ចប្រជុំ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Jardines យើង​បាន​ចែក​រំលែក​នូវ​តម្លៃ​រួមគ្នា​ស្រដៀង​គ្នា និង​ប្តេជ្ញា​រួម​គ្នា ដើម្បី​ភាព​ជោគជ័យ​របស់​ធនាគារ ។ យើង​រង់ចាំ ដៃ​គូ​វិនិយោគ​យូរ​អង្វែង សម្រាប់​កសាង​អាជីវកម្ម​របស់​យើង និង​ដើរ​តួនាទី​ឈាន​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា" ។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ FMO ថា​ជា​ភាគហ៊ុនិក ស្ថាបនិក​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​កសាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យ​ក្លាយ​ទៅ​ជា​ស្ថាប័ន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ដូច​សព្វ​ថ្ងៃ ។ លោក អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​ថា "យើង​ជំពាក់​ពួក​គេ​នូវ​គុណ​បំណាច់​ដ៏​ធំ​ធេង ហើយ​នៅ​ខណៈពេល​ដែល​ពួក​គេ​ឈប់​ជា​ភាគហ៊ុនិក ពួកគេ​នៅ​តែ​ជា​ដៃ​គូ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ចការ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ត​ទៅ​មុខ​ទៀត" ។

ក្រោយ​ពី​បញ្ចប់​ប្រតិបត្តិការ​ទិញ-លក់​នេះ លោក Alain Cany នឹង​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ជំនួស លោក Joseph Hoess ដែល​នៅ​រក្សា​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ។ លោក Cany គឺជា Group Country Chairman របស់ Jardine Matheson វៀតណាម ហើយ​ជា​អតីត​ប្រធាន​នាយក​ប្រតិបត្តិ របស់ HSBC វៀតណាម ។

អំពី Jardine Strategic

Jardine Strategic គឺជា​ក្រុមហ៊ុន​មេ​មួយ​នៅ​ក្នុង Jardine Matheson Group ដែល​អនុវត្ត​យុទ្ធសាស្ត្រ វិនិយោគ​រយៈពេល​វែង​នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន ជាពិសេស​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​គុណភាព​ខ្ពស់ ធ្លាប់​មាន​ទំនាក់​ទំនង​ប្រកបដោយ​សក្តានុពល​ជាមួយ Jardine Matheson Group ។ ផលប្រយោជន៍​សំខាន់ៗ​ត្រូវ​បាន​បែងចែក​ជា Jardine Matheson ៥៣%, Hongkong Land ៤៩%, Dairy Farm ៧៨%, Mandarin Oriental ៧៣%, និង Jardine Cycle and Carriage ៦៨% ដែល​ជា​លទ្ធផល ផលប្រយោជន៍ ៥០% គឺ​ស្ថិត​នៅ​ក្នុង Astra International ។ យុទ្ធសាស្ត្រ​របស់ Jardine គឺ ៨១% ត្រូវ​កាន់កាប់​ដោយ Jardine Matheson ។ ក្រុមហ៊ុន​នេះ មាន​ផលប្រយោជន៍ ២១% ផងដែរ​នៅ​ក្នុង Rothschilds Continuation ។

អំពី FMO

ក្រុមហ៊ុន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​របស់​ប្រទេស​ហូឡង់ដ៏ (FMO) គឺជា​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ហូឡង់ដ៍ ។ FMO មិន​រួញរា​នឹង​ការ​វិនិយោគ​លើ​ដើមទុន​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ។ ជាមួយនឹង​សមតុល្យ​វិនិយោគ ៤,២ពាន់លានអឺរ៉ូ FMO គឺ​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​អភិវឌ្ឍន៍ វិស័យ​ឯកជន​ទ្វេភាគី​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ ការ​ថ្លែង​អំណរ​គុណ​ដោយ​ឡែក ចំពោះ​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ហូឡង់ដ៏ FMO ហ៊ាន​ប្រថុយ​នឹង​ហានិភ័យ​ដែល​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដទៃ​ទៀត​មិនហ៊ាន​ប្រថុយ ឬ​មិន​ទាន់​បាន​ត្រៀម ឬ​ទើបតែ​បាន​ត្រៀម​ខ្លួន​ប្រថុយ​នឹង​ហានិភ័យ ។ បេសកកម្ម​របស់ FMO ៖ គឺ​កសាង​សហគ្រាស​ទាំងឡាយឱ្យ​រីក​ចម្រើន ដែល​អាច​ដើរ​តួនាទី​ជា​ក្បាល​ម៉ាស៊ីន​សម្រាប់​ការ​រីក​ចម្រើន ប្រកបដោយ​ចិរភាព នៅក្នុងប្រទេសទាំងនោះ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក ៖

Jardine Matheson Limited
[Neil M McNamara]
ទូរស័ព្ទ ៖ +៨៥២ ២៨៤៣ ៨២២៧

Golin Harris
Kennes Young
ទូរស័ព្ទ ៖ +៨៥២ ២៥០១ ៧៩៨៧

FMO
Nicoline van Slingelandt, Communications Officer (PR)
ទូរស័ព្ទ ៖ +៣១ ៧០ ៣១៤ ៩៧៩០, +៣១ ៦២២ ៥៦៣ ០៤៧
អ៊ីម៉ែល ៖
វេបសាយ ៖ www.fmo.nl

ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៣៥៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖