navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការផ្តល់សេវាបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត តាមរយៈសេវាអេស៊ីលីដាយូនីធី
ការផ្តល់សេវាបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត តាមរយៈ សេវាអេស៊ីលីដាយូនីធី
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១០
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១០ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្តល់សេវាបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត តាមរយៈ សេវាអេស៊ីលីដាយូនីធី របស់ធនាគារអេស៊ីលីដា ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដើម្បីផលិត និងចែកចាយទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ អតិថិជនសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅដំណាច់ឆ្នាំ២០០៩ មានចំនួន ១៩១.១០០អតិថិជន និងបានកើនរហូតដល់ចំនួន ២០០.៦០០ ត្រឹមដំណាច់ខែតុលា ឆ្នាំ២០១០ ។
ឯកឧត្តម ឯក សុនចាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ៖ មូលហេតុដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជ្រើសរើសយកធនាគារអេស៊ីលីដាធ្វើជាដៃគូក្នុងការផ្តល់សេវាបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត តាមរយៈសេវាអេស៊ីលីដាយូនីធី សម្រាប់អតិថិជនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺដើម្បីបង្កលក្ខណៈងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់បន្ថែមទៀតជូនដល់អតិថិជនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការបង់ប្រាក់ ដោយអតិថិជនគ្រាន់តែភ្ជាប់សេវាអេស៊ីលីដាយូនីធី របស់ធនាគារអេស៊ីលីដា នោះអតិថិជននឹងមានលទ្ធភាពបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ការជ្រើសរើសយកធនាគារអេស៊ីលីដាធ្វើជាដៃគូ គឺដោយសារធនាគារនេះមានបំពាក់ប្រព័ន្ធទំនើបជឿនលឿន និងរៀបចំបានល្អនៅក្នុងប្រទេស ដែលអាចជឿទុកចិត្តបាន ។ ម៉្យាងវិញទៀតការប្រើប្រាស់ប្រព័ន្ធធនាគារពាណិជ្ជ ដើម្បីគ្រប់គ្រងប្រតិបត្តិការបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត គឺដើម្បីបង្កើនគណនេយ្យភាពហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ៖ នេះជាសមិទ្ធផលដ៏ធំថ្មីមួយទៀត ដែលធនាគារអេស៊ីលីដាបានសហការជាដៃគូជាមួយក្រុមហ៊ុនរដ្ឋសហគ្រាសសាធារណៈ "រដ្ឋាករស្វយ័តក្រុងភ្នំពេញ" ក្នុងការផ្តល់សេវាកម្មរបស់ធនាគារ សម្រាប់ការបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកស្អាត តាមរយៈសេវាអេស៊ីលីដាយូនីធី ។ ធនាគារអេស៊ីលីដា បានផ្តល់សេវាកម្មធនាគារស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា កាលពីខែសីហា ឆ្នាំ២០០៩ និងជ្រើសរើសបន្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ធ្វើជាដៃគូរបស់រតនាគារជាតិ ក្នុងការប្រើប្រាស់សេវាកម្មធនាគារ សម្រាប់ប្រតិបត្តិការចំណូល-ចំណាយថវិកាជាតិ អនុវត្តសាកល្បងជំហានទី២ សម្រាប់ខេត្តចំនួនប្រាំបី កាលពីថ្ងៃទី១៥ ខែតុលា ថ្មីៗកន្លងមក ។
លោកបានបន្ថែមទៀតថា អេស៊ីលីដាយូនីធី គឺជាសេវាធនាគារតាមរយៈទូរស័ព្ទចល័ត ដែលអាចប្រើប្រាស់ជាមួយគ្រប់បណ្តាញប្រព័ន្ធទូរស័ព្ទចល័ត និងម៉ាស៊ីនទូរស័ព្ទគ្រប់ប្រភេទ ។ អេស៊ីលីដាយូនីធី គឺជាធនាគារពិតជាក់ស្តែងនៅក្នុងដៃរបស់លោកអ្នក ផ្តល់ជូននូវមធ្យោបាយងាយបំផុត និងសុវត្ថិភាព សម្រាប់ការគ្រប់គ្រង ចាត់ចែងលើប្រតិបត្តិការធនាគារប្រចាំថ្ងៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា នៅក្នុងប្រទេស និងអាចប្រើប្រាស់បានទូទាំងពិភពលោកសម្រាប់អតិថិជនទាំងឡាយដែលបានភ្ជាប់ប្រព័ន្ធ Global Roaming ដែលអាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់អតិថិជន និងសាធារណជនក្នុងការបង់ថ្លៃប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។ សេវានេះប្រើប្រាស់បានទាំងពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស ហើយអាចធ្វើប្រតិបត្តិការជាប្រាក់រៀលខ្មែរ ដុល្លារអាមេរិក និងប្រាក់បាតថៃ ។
អំពីធនាគារអេស៊ីលីដា
ធនាគារអេស៊ីលីដា គឺជាធនាគារខ្មែរឈានមុខគេ ដែលមានបណ្តាញសាខា និងការិយាល័យធំជាងគេបំផុត ។ ធនាគារអេស៊ីលីដា បានបម្រើសេវាហិរញ្ញវត្ថុក្នុងស្រុកអស់រយៈពេលជាង ១៧ឆ្នាំកន្លងមកហើយ ។ នៅដំណាច់ខែតុលា ឆ្នាំ២០១០ ធនាគារអេស៊ីលីដាមានសមតុល្យឥណទានសរុបចំនួន ៧១៣លានដុល្លារ ដែលមានអតិថិជនសកម្មសរុបចំនួន ២៧៥.២៦១ នាក់ និងមានសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ៨៩៧លានដុល្លារ ដែលមានចំនួន ៦៩៦.៨៥២គណនី ។ ទ្រព្យសកម្មធនាគារសរុបបានកើនដល់ជាង ១.១៤២ លានដុល្លារ ហើយមានបុគ្គលិកចំនួន ៧.៤២២នាក់ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ។
ធនាគារអេស៊ីលីដាបម្រើសេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជន សហគ្រិន សាជីវកម្ម និងសាធារណជនគ្រប់លំដាប់នៅតាមបណ្តាញប្រតិបត្តិការរបស់ខ្លួន ។ ធនាគារអេស៊ីលីដា គឺជាធនាគារឈានមុខគេ នៅក្នុងទីផ្សារលក់រាយ ព្រមទាំងមានអតិថិជនគ្រឹះច្រើនបំផុតនៅតាមបណ្តាញប្រតិបត្តិការទាំង ២៤៨សាខា និងការិយាល័យ ។ ធនាគារអេស៊ីលីដា មានម៉ាស៊ីនអេធីអឹមចំនួន ១១៧គ្រឿង នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ បម្រើសេវា ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ព្រមទាំងមានការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង លើ២៤ម៉ោង ដែលអាចឱ្យអតិថិជនប្រើប្រាស់សេវាបានគ្រប់ពេល ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖