navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធការិយាល័យថ្មី សាខាខេត្តពោធិ៍សាត់
ពិធីសម្ពោធការិយាល័យថ្មី សាខាខេត្តពោធិ៍សាត់
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១
ធនាគារអេស៊ីលីដា សាខាខេត្តពោធិ៍សាត់ មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដមឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ឯកឧត្តម-លោកជំទាវក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រធាន-អនុប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ទៀត ។
លោក ហៀង ហៃ នាយកធនាគារអេស៊ីលីដា សាខាខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ៖ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ នេះ សាខាខេត្តពោធិ៍សាត់ មានបណ្តាញប្រតិបត្តិការចំនួន ០៦ បុគ្គលិកចំនួន ១០២នាក់ ទ្រព្យសកម្មចំនួនជាង ៧,៦លានដុល្លារអាមេរិក អតិថិជនចំនួន ៧.២៥៤នាក់ កំពុងប្រើប្រាស់ឥណទានចំនួនជាង ១០លានដុល្លារអាមេរិក និងអតិថិជនចំនួន ១០.៩៧១នាក់ កំពុងដាក់ប្រាក់បញ្ញើសន្សំចំនួនជាង ៧លានដុល្លារអាមេរិក និងអតិថិជនជាច្រើនទៀត បាននិងកំពុងប្រើប្រាស់សេវាផ្សេងៗទៀត រួមទាំងសេវាអេស៊ីលីដាយូនីធី ផងដែរ ។ ជាពិសេស យើងមានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹម សម្រាប់បម្រើសេវាជូនដល់អតិថិជន តាមរយៈប័ណ្ណអេស៊ីលីដា ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា និងប័ណ្ណវីសាធនាគារផ្សេងទៀតនៅទូទាំងពិភពលោក ។
លោកបានបន្តថា ៖ សាខាខេត្តពោធិ៍សាត់ បានប្តូរទីតាំងការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្តង់ដារធនាគារពាណិជ្ជ ដោយយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គីភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងឆ្នាំនេះរបស់សាខាខេត្តពោធិ៍សាត់ ដែលបានបង្ហាញអំពីភាពរឹងមាំជាមួយការអភិវឌ្ឍឥតឈប់ឈរ ក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុ កាន់តែលឿន រហ័សទាន់ចិត្ត អាចជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការរបស់អតិថិជននៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា ៖ អារ្យភាពទាន់សម័យជានិរន្តរ៍ គឺជាទិសដៅដ៏ចម្បងរបស់ធនាគារអេស៊ីលីដា ។ ធនាគារអេស៊ីលីដា បានបង្កើតឱ្យមានអារ្យភាពទាន់សម័យជានិរន្តរ៍សម្រាប់សេវាកម្មហិរញ្ញវត្ថុបែបនេះ អស់រយៈពេល ១៨ឆ្នាំ មកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន ទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈសាខា និងការិយាល័យទាំង ២៤៩ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
លោកបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគហ៊ុនិក កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ និងអតិថិជនវៃឆ្លាត ជាងមួយលាននាក់ ដែលតែងតែជួយគាំទ្រទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ដ និងសហការយ៉ាងពេញទំហឹង តាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដា កើនពីចំនួនជាង ២២,៣លានដុល្លារអាមេរិក ក្នុងខែធ្នូ ឆ្នាំ២០០០ រហូតដល់ ១.៣១២លានដុល្លារអាមេរិក នៅដំណាច់ខែមេសា ឆ្នាំ២០១១ ដោយរួមបញ្ចូលទាំងសមិទ្ធផលរបស់សាខាខេត្តពោធិ៍សាត់ផងដែរ ។ ដើម្បីវិវឌ្ឍតាមអតិថិជនដ៏ឆ្លាតវៃ ធនាគារអេស៊ីលីដា បានបង្កើតនូវសេវាថ្មីមួយទៀត ទំនើបទាន់សម័យមុនគេបង្អស់នៅកម្ពុជា គឺសេវាអេស៊ីលីដាយូនីធី ជាធនាគារពិតស្ថិតនៅក្នុងដៃរបស់លោកអ្នក ។
លោកបានបន្ថែមថា ៖ ធនាគារអេស៊ីលីដា បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនដូចជា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងភ្នាក់ងារចំនួនបួនទៀតដូចជា ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារទូទាត់ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដើម្បីធ្វើជាកម្លាំងចលករសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យមូលបត្រ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះដែរធនាគារអេស៊ីលីដា ក៏បានបង្កើតឱ្យមានអេស៊ីលីដា ត្រេននីង សេនធ័រ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងចូលរួមចែករំលែកបទពិសោធន៍ និងភាពជោគជ័យលើវិស័យមីក្រូហិរញ្ញវត្ថុដល់ប្រតិបត្តិករ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងតំបន់ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ៖ ធនាគារអេស៊ីលីដា សាខាខេត្តពោធិ៍សាត់ បានរៀបចំឡើងស្របពេលដែលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា កំពុងមានការរីកចម្រើន មានស្ថិរភាព ជាសក្ខីកម្មដែលបញ្ជាក់ពីការរីកចម្រើន ភាពរឹងមាំ និងថែមទាំងបានបង្ហាញពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ ។ នេះពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងស្រុកទាំងមូល ឱ្យទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាគន្លឹះក្នុងការចូលរួមបង្កើតឱ្យមានការងារ ប្រភពចំណូល អភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ៕