navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីសម្ពោធអគារការិយាល័យថ្មី សាខាស្រុកព្រៃឈរ
ពិធីសម្ពោធអគារការិយាល័យថ្មី សាខាស្រុកព្រៃឈរ
ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១១
ធនាគារអេស៊ីលីដា សាខាស្រុកព្រៃឈរ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៧ ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកអភិបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកអនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិអភិបាលកិច្ច តំណាងលោកប្រធាននាយកប្រតិបត្តិ និងថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ទៀត ។
លោក សេង ខេង នាយកធនាគារអេស៊ីលីដា សាខាស្រុកព្រៃឈរ បានមានប្រសាសន៍ថា ៖ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ សាខាស្រុកព្រៃឈរ មានបណ្តាញប្រតិបត្តិការចំនួន៥ បុគ្គលិកចំនួន ១១១នាក់ ទ្រព្យសកម្មចំនួនជាង ១៨,១លានដុល្លារអាមេរិក អតិថិជនចំនួន ៧.៨២៩នាក់ កំពុងប្រើប្រាស់សេវាឥណទានចំនួនជាង ១៧,១លានដុល្លារអាមេរិក និងអតិថិជនចំនួន ១១.២៤៧នាក់ កំពុងដាក់ប្រាក់បញ្ញើសន្សំចំនួនជិត ៤,៥លានដុល្លារអាមេរិក និងអតិថិជនជាច្រើននាក់ទៀត បាននិងកំពុងប្រើប្រាស់សេវាផ្សេងៗទៀត រួមទាំងសេវាអេស៊ីលីដាយូនីធី ផងដែរ ។ ជាពិសេស យើងមានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹមសម្រាប់បម្រើសេវាជូនដល់អតិថិជន តាមរយៈប័ណ្ណអេស៊ីលីដា ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា និងប័ណ្ណវីសាធនាគារផ្សេងទៀត នៅទូទាំងពិភពលោក ។
លោកបានបន្តថា ៖ អគារនេះ បានសាងសង់ឡើងតាមស្តង់ដារធនាគារពាណិជ្ជ ដោយយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងមានទីកន្លែងសម្រាប់បម្រើអតិថិជន និងសម្រាប់បំពេញការងារធំទូលាយ ។ នេះជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងឆ្នាំនេះ របស់សាខាស្រុកព្រៃឈរ ដែលបានបង្ហាញអំពីភាពរឹងមាំជាមួយការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុកាន់តែលឿន រហ័សទាន់ចិត្ត អាចជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការរបស់អតិថិជននៅក្នុងស្រុកព្រៃឈរទាំងមូល ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ចាន់ សេរី អនុប្រធាននាយកប្រតិបត្ដិ និងជាប្រធាននាយកប្រតិបត្ដិអភិបាលកិច្ច តំណាងលោកប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ៖ អារ្យភាពទាន់សម័យជានិរន្តរ៍ គឺជាគោលដៅដ៏ចម្បងរបស់ធនាគារ ។ ធនាគារអេស៊ីលីដា បានបង្កើតឱ្យមានអារ្យភាពទាន់សម័យជានិរន្តរ៍សម្រាប់សេវាកម្មហិរញ្ញវត្ថុបែបនេះ អស់រយៈពេល ១៨ឆ្នាំ មកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន ទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈសាខា និងការិយាល័យទាំង ២៥១ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
លោកបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគហ៊ុនិក កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ទាំង ៧.៥២៥ នាក់ និងអតិថិជនដ៏វៃឆ្លាតជាងមួយលាននាក់ ដែលតែងតែជួយគាំទ្រ ទាំងមធ្យោបាយ កំលាំងកាយ កំលាំងចិត្ដ និងសហការយ៉ាងពេញទំហឹង តាំងពីដើមរៀងមក ធ្វើឱ្យទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដា កើនពីចំនួន ២២,៣លានដុល្លារអាមេរិក ក្នុងខែធ្នូ ឆ្នាំ២០០០ រហូតដល់ចំនួន ១.៤៥៣លានដុល្លារអាមេរិក នៅដំណាច់ខែតុលា ឆ្នាំ២០១១ ដោយរួមបញ្ចូលទាំងសមិទ្ធផលរបស់សាខាស្រុកព្រៃឈរផងដែរ ។ យុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រចម្បងៗ របស់ធនាគារអេស៊ីលីដា គឺបង្កើតឱ្យមានប្រព័ន្ធធនាគារអេឡិចត្រូនិកឈានមុខគេ ដោយបំពាក់នូវប្រព័ន្ធ Online និងដាក់ពង្រាយម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹម ពាសពេញផ្ទៃប្រទេស ដើម្បីអាចបម្រើអតិថិជនឱ្យបាន ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ។
លោកបានបន្ថែមថា ៖ ធនាគារអេស៊ីលីដា បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនដូចជា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងភ្នាក់ងារចំនួនបួនទៀតដូចជា ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារទូទាត់ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដើម្បីធ្វើជាកម្លាំងចលករសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យមូលបត្រ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះដែរ ធនាគារអេស៊ីលីដា ក៏បានបង្កើតឱ្យមាន អេស៊ីលីដា ត្រេននីង សេនធ័រ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងចូលរួមចែករំលែកបទពិសោធន៍ និងភាពជោគជ័យលើវិស័យមីក្រូហិរញ្ញវត្ថុដល់ប្រតិបត្តិករ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងក្នុងតំបន់ និងក្រៅតំបន់ ។ ធនាគារអេស៊ីលីដា ក៏បានបង្កើតធនាគារបុត្រសម្ព័ន្ធនៅក្រៅប្រទេសផងដែរគឺ ធនាគារ អេស៊ីលីដា ឡាវ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ ។
ជាមួយគ្នានេះដែរ លោក ស្រី សាវឿន អភិបាលស្រុកព្រៃឈរ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម បានកត់សម្គាល់ថា ៖ ដំណើរការអភិវឌ្ឍរបស់សាខាស្រុកព្រៃឈរនេះ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអ្នកជំនួញតូចធំ ក្នុងស្រុកព្រៃឈរទាំងមូល ទទួលបាននូវប្រភពធនធានហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗទៀត ដែលជាផ្នែកមួយនៃការចូលរួមនិងបង្កើតឱ្យមានការងារធ្វើ រួមទាំងប្រភពចំណូលដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ។ សាខាស្រុកព្រៃឈរ នឹងនៅតែជាដៃគូអភិវឌ្ឍន៍របស់ខេត្ត-ស្រុក ជាប្រតិបត្តិករល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុល្អ ដល់អតិថិជនទូទៅ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព និងផលិតភាពថែមទៀត ៕