www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ជា​ដៃគូ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ជា​ដៃគូ
ឱ្យ​អគ្គនាយកដ្ឋាន រតនាគារជាតិ ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ សម្រាប់​ប្រតិបត្ដិការ​ចំណូល-ចំណាយ​ថវិកា

ថ្ងៃ​ទី០៩​ ខែ​កុម្ភៈ ឆ្នាំ២០១២

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា និង​ឯកឧត្ដម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា និង​ឯកឧត្ដម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ

រាជធានី​ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រកាស​ជា​សាធារណៈ​នា​ថ្ងៃ​នេះ​ថា ក្រសួង​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជាមួយ​ធនាគារ​អេស៊ីលីដា ស្ដី​ពី​ការ​អនុវត្ដ​សាកល្បង​ជំហាន​ទី៣ ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ពាណិជ្ជ សម្រាប់​ប្រតិបត្ដិការ​ចំណូល-ចំណាយ​ថវិកា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម គាត ឈន់ ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

កម្មវិធី​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ជា​សមាសធាតុ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ស្នូល​នៃ​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​មាន​គោលដៅ​កសាង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​មួយ​ឆ្ពោះ​ទៅ​រក​ស្ដង់ដារ​អន្ដរជាតិ ។ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​អនុវត្ដ​ផែនការ​សកម្មភាព​ជំហាន​ទី២​នៃ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​គោលបំណង​បង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ការ​គ្រប់គ្រង​ចំណូល-ចំណាយ​ថវិកា​ជាតិ ។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជ្រើស​រើស​យក​ធនាគារ​អេស៊ីលីដា ធ្វើ​ជា​ដៃ​គូ​ដើម្បី​អនុវត្ត​សាកល្បង​ជំហាន​ទី៣ នៅ​រតនាគារ​ខេត្ត​ចំនួន​១៣ ដែល​ក្នុង​នោះ​នៅ​ខេត្ត​កំពង់ធំ ខេត្ត​ពោធិសាត់ ខេត្តកំពត ខេត្តក្រចេះ ខេត្តរតនគិរី និង​ខេត្ត​៨​ទៀត គឺ​ខេត្ត​កណ្តាល ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ចាម ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​បន្ត​ពី​ជំហាន​ទី១​និង​ទី២ ក្នុង​ការ​ផ្តល់​សេវា​កម្ម​ធនាគារ​សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា ។

ACLEDA Photo

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា មាន​មោទនភាព ដែល​តែងតែ​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​ជ្រើស​រើស​ធ្វើ​ជា​ដៃគូ​ជា​បន្តបន្តាប់​ពី​គ្រឹះស្ថាន​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បម្រើ​សេវាកម្ម​ធនាគារ ដែល​ជា​កត្តា​ជម្រុញ​លើក​ទឹកចិត្តឱ្យ​ធនាគារ​អេស៊ីលីដា បន្ត​ពង្រីក​បណ្តាញ​ប្រតិបត្តិការ ពង្រឹង​គុណភាព និង​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ធនាគារ​អេឡិច​ត្រូនិក​ឈាន​មុខ​គេ ដោយ​បំពាក់​នូវ​ប្រព័ន្ធ​ទំនើប ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ដាក់​ពង្រាយ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ (ATM) ពាស់​ពេញ​ប្រទេស ដើម្បី​អាច​បម្រើ​អតិថិជនឱ្យ​បាន ២៤​ម៉ោង​ក្នុង​១ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​១​សប្តាហ៍ ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោក អ៊ិន ចាន់នី បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ រាជរដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ដែល​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​ធនាគារ​អេស៊ីលីដា បន្ត​ធ្វើ​ជា​ដៃគូផ្តល់​សេវា​កម្ម​ធនាគារ សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា អនុវត្ត​សាកល្បង​ជំហាន​ទី៣ ដែល​សរុប​ទាំង​ជំហាន​ទី១ និង​ទី២ មាន​ចំនួន​១៣​ខេត្ត ហើយ​លោក និង​សហការី​របស់​លោក​ទាំង​អស់ ក៏​បាន​សន្យា និង​អះអាង​ខ្ពស់​ក្នុង​ការ​បម្រើ​សេវា​នេះឱ្យ​មាន​ភាព​រលូន និង​ប្រសិទ្ធភាព​ខ្ពស់ តាម​រយៈ​គោលការណ៍ និង​បទពិសោធន៍​ដ៏​ជោគជ័យ​របស់​ធនាគារ​កន្លង​មក ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖