navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិអតីតយុទ្ធជន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិអតីតយុទ្ធជន
ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២
រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ធនាគារ បានចុះហត្ថលេខាជាមួយបេឡាជាតិអតីតយុទ្ធជន ក្នុងការផ្តល់សេវាការថែរក្សា និងការពារសុវត្ថិភាពលើការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៃកងយោធពលខេមរភូមិន្ទ អតីតយុទ្ធជននៃក្របខណ្ឌមន្ត្រីនគរបាលជាតិ អតីតយុទ្ធជននៃក្របខណ្ឌមន្ត្រីរាជការស៊ីវិល បុគ្គលិកជាប់កិច្ចសន្យា កងជីវពល កងសេនាជន និងប្រជាពលរដ្ឋដែលចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីជាតិ និងរួមទាំងការផ្តល់សេវាផ្សេងៗទៀតរបស់ធនាគារអេស៊ីលីដា ។
របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជនត្រូវបានបង្កើតតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ និងបន្ទាប់មករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ដើម្បីដាក់ឱ្យដំណើរការគ្រប់គ្រង និងធានាការបើករបបសន្តិសុខសង្គម ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ។ ភាគទានរបស់បេឡាជាតិអតីតយុទ្ធជនមានប្រភពធនធានមកពី ថវិកាជាតិ ភាគទានរបស់រាជរដ្ឋាភិបាល ភាគទានរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន អំណោយសប្បុរសធម៌ អំណោយពីដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ផលចំណេញពីការវិនិយោគ និងអាជីវកម្មស្របច្បាប់ និងប្រភពផ្សេងៗទៀត សម្រាប់អនុវត្តគោលនយោបាយរបបសន្តិសុខសង្គមដល់អតីតយុទ្ធជន ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោក ហែម បូរ៉ា នាយកបេឡាជាតិអតីតយុទ្ធជន បានមានប្រសាសន៍ថា ៖ មូលនិធិដែលទទួលបានពីភាគទានខាងលើ នឹងរក្សាទុកជាមួយធនាគារអេស៊ីលីដា សម្រាប់ដំណើរការគ្រប់គ្រង និងធានាការបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ នេះជាការវិវឌ្ឍដ៏ល្អមួយទៀតនៃកំណែទម្រង់អភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យស្ថាប័នសាធារណៈគ្រប់គ្រងមូលនិធិរបស់ខ្លួនតាមប្រព័ន្ធធនាគារ ដែលជាកាតាលិករមួយដ៏សំខាន់ ក្នុងការបង្កើនជំនឿជឿជាក់ និងទុកចិត្ដលើបេឡាជាតិអតីតយុទ្ធជន លើប្រសិទ្ធភាពក្នុងការផ្តល់សេវាការថែរក្សា និងការពារសុវត្ថិភាពលើការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៃកងយោធពលខេមរភូមិន្ទ អតីតយុទ្ធជននៃក្របខណ្ឌមន្ត្រីនគរបាលជាតិ អតីតយុទ្ធជននៃក្របខណ្ឌមន្ត្រីរាជការស៊ីវិល បុគ្គលិកជាប់កិច្ចសន្យា កងជីវពល កងសេនាជន និងប្រជាពលរដ្ឋដែលចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីជាតិ និងប្រាក់ឧបត្ថម្ភផ្សេងៗ ។
ធនាគារអេស៊ីលីដា មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៣៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ២៣ ការិយាល័យ នៅប្រទេសឡាវ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ១,៦ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែមីនា ឆ្នាំ២០១២ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនធ័រ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល :
លោក ព្រំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិនីតិកម្ម
អ៊ីម៉ែល :