www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ ​អេស៊ីលីដា ភីអិលស៊ី បង្កើន​​ដើម​ទុន​រហូត​ដល់ ១១៣.១៦៩.៥៦០​ដុល្លារ​អាមេរិក

ធនាគារ ​អេស៊ីលីដា ភីអិលស៊ី បង្កើន​​ដើម​ទុន​រហូត​ដល់ ១១៣.១៦៩.៥៦០​ដុល្លារ​អាមេរិក

ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ​២០១២

ភ្នំពេញ ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១២ ៖ ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិ​ជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ ដែល​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី​២០​ឆ្នាំ នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​​ឆ្នាំ​នេះ បាន​ប្រកាស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី ៨៨.៣៧២.៥០០​ដុល្លារ​អាមេរិក ទៅ ១១៣.១៦៩.៥៦០​ដុល្លារ​អាមេរិក ​នៅ​ថ្ងៃ​នេះ ។

លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​ អេស៊ីលីដា ភីអិលស៊ី មាន​ដើម​ទុន ៥១% កាន់​កាប់​ដោយ​ភាគហ៊ុនិក​កម្ពុជា ក្នុង​នោះ​រួម​មាន​បុគ្គលិក​របស់​ខ្លួន និង ៤៩% ទៀត​ដែល​នៅ​សល់ កាន់​កាប់​​ដោយ​ស្ថាប័ន​អន្តរជាតិ​ឈាន​មុខ​គេ រួម​មាន ៖ IFC, Stichting Triodos Doen, Triodos Custody BV (Triodos Fair Share Fund),​ Triodos SICAV II-Triodos Microfinance Fund, JSH Asia Holding Limited និង COFIBRED S.A ។ ការ​បន្ថែម​ដើម​ទុន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បែង​ចែក​ភាគលាភ​ប្រចាំ​ឆ្នាំ​២០១១ ជា​ភាគហ៊ុន ចំនួន ២៤.៧៩៧.០៦០​​ បន្ថែម​ទៀត ដែល​មាន​តម្លៃ ១ដុល្លារ​ក្នុង​មួយ​ហ៊ុន ។

នេះ​ជា​លើក​ទី៩​ហើយ ដែល​ធនាគារ ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន ចាប់​តាំង​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ​មក ។ ការបង្កើន​ដើមទុន​ជា​បន្តបន្ទាប់​នេះ គឺ​ដើម្បី​គាំទ្រ​ការ​ពង្រីក​សាខា​របស់​ខ្លួន ការ​សាង​សង់​បណ្តាញ​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និង​ការ​រីក​លូត​លាស់​ ដើម្បី​សម្រេច​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ។ ធនាគារ​អេស៊ីលីដា មាន​បទពិសោធន៍​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​ពេល​បង់​ពន្ធ​រួច ពី ៤៧៥.០០០​​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០០១ រហូត​ដល់ ៤៩.៣៥៣.៣៥៦​ដុល្លារ​អាមេរិក ​នៅ​ក្នុង​ឆ្នាំ​២០១១ ។ បន្ថែម​ពី​លើ​ការ​បន្ថែម​ដើមទុន​របស់​ភាគហ៊ុនិក ធនាគារ​បាន​បង្កើត​ទុន​បម្រុង​ទូទៅ​របស់​ខ្លួន ដោយ​រក្សា​ទុក​ចន្លោះ​ពី ៥០%​ ទៅ ៦០% នៃ​ប្រាក់​ចំណេញ​ក្រោយ​បង់​ពន្ធ​រួច ។ ធនាគារ ក៏​បាន​រាយការណ៍​បញ្ជាក់​ផង​ដែរ​ថា ដើមទុន​បច្ចុប្បន្ន (Tier 1 និង Tier 2) ​មាន​រហូត​ដល់ទៅ​ ២៤៦.៧១០.៨២៦​ដុល្លារ​អាមេរិក ។

លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​រៀប​រាប់​ពី​មូលហេតុ ៣ សំខាន់ៗ​ដែល​ធ្វើឱ្យ​ធនាគារ​តែង​តែ​បង្កើន​នូវ​ដើម​ទុន​របស់​ខ្លួន ។ លោក​បាន​លើក​ឡើង​ថា មូលហេតុ​ទី១ គឺ​ដោយ​សារ​ធនាគារ​រីក​លូត​លាស់​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ក្នុង​អាជីវកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស តាម​រយៈ​ការ​ផ្តល់​ឥណទាន និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ទៀត ហើយ​ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ​កំពុង​តែ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ប្រមាណ ៥០% ។ មូល​ហេតុ ទី២ គឺ​​ដើម្បី​រក្សា​មូលដ្ឋាន​ដើមទុន​នៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​បញ្ញត្តិ​អនុបាត​សំខាន់ៗ ។ ប៉ុន្តែ​មូលហេតុ​ចម្បង​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​ដោយ​សារ​ធនាគារ​ត្រូវ​ការ​កសាង​នូវ​ទំនុក​ចិត្ត​ពី​សំណាក់​សាធារណជន ។ យើង​មាន​ភាគហ៊ុនិក​ដ៏​រឹងមាំ និង​មាន​បំណង​គាំទ្រ​ធនាគារ ដូច្នេះ​យើង​កំពុង​បង្កើត​នូវ​ជំនឿ​ទុក​ចិត្ត និង​បង្កើន​សមត្ថភាព​ការពារ​ប្រាក់​បញ្ញើ-សន្សំ​របស់​អតិថិជន​របស់​យើង ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ថា ដូច​ដែល​យើង​បាន​ប្រកាស​ផ្សព្វផ្សាយ​កាល​ពី​ខែមុន​ថា ធនាគារ​អេស៊ីលីដា នឹង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​បង្កើត​បុត្រសម្ព័ន្ធ​ជា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដែល​មាន​ឈ្មោះ​ថា អេស៊ីលីដា អ៊ឹមអេហ្វអាយ មីយ៉ាន់ម៉ា​ អិលធីឌី "ACLEDA MFI Myanmar Ltd." នៅ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ​នេះ បន្ទាប់​ពី​ការ​បង្កើត និង​ប្រតិបត្តិការ​ជោគ​ជ័យ​នៅ​ប្រទេស​ឡាវ ។ កាល​ពី​ថ្ងៃ​ទី០១​ ខែ​ឧសភា នេះ ធនាគារ​ បាន​បង្កើត​និង​ដំណើរការ​ប្រតិបត្តិការ​សាខា​មួយ​បន្ថែម​ទៀត ឈ្មោះ "វិមាន​ចតុមុខ" ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខាង​ត្បូង​វិមាន​ឯករាជ្យ ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ ដែល​ចំនួន​សាខា និង​ការិយាល័យ​ប្រតិបត្តិការ​សរុប​របស់​ធនាគារ​បាន​កើន​ដល់ ២៣៥ ការិយាល័យ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ២៣​ការិយាល័យ នៅ​ប្រទេស​ឡាវ ជា​មួយ​នឹង​ទ្រព្យសកម្ម​សរុប ចំនួន​ជាង ១,៧១ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​មេសា ឆ្នាំ​២០១២ ។ នៅ​ដំណាច់​ឆ្នាំ​២០១២ នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​អេស៊ីលីដា នឹង​បង្កើន​នូវ​បណ្តាញ​សេវាកម្ម​ដក​ប្រាក់​ និង​ដាក់​ប្រាក់​ស្វ័យ​ប្រវត្តិ អេធីអឹម (ATMs) រហូត​ដល់​ទៅ ១៧០ និង​ដាក់​ពង្រាយ ម៉ាស៊ីន​ឆូត​កាត (POS) ចំនួន ៧០០​គ្រឿង​ ។ បន្ថែម​ទៀត​នោះ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា យើង​មាន​គម្រោង​បើក ១៧​សាខា និង​ការិយាល័យ​ថ្មី​បន្ថែម​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ធ្វើឱ្យ​បណ្តាញ​ប្រតិបត្តិការ​របស់​យើង​កើន​ឡើង​រហូត​ដល់ ២៥២​សាខា និង​ការិយាល័យ ​ដែល​អាច​ផ្តល់​ការងារឱ្យ​កម្មករ​និយោជិត​លើ​ស​ពី ៧.៨០០​នាក់ ។ យើង​ក៏​នាំ​មក​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិជ្ជា​ព័ត៌មាន​បែប​ទំនើប​ទាន់​សម័យ ដើម្បី​បំពេញ​ទៅ​តាម​ការ​រីក​ចម្រើន និង​គាំទ្រ​ចំពោះ​ការ​ពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ផង​ដែរ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន បី គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនធ័រ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោកស្រី សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល :

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល :

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៥១ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖