www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ទៅ​កាន់​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា

ធនាគារ​អេស៊ីលីដា ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ទៅ​កាន់​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា

ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២

ការ​មក​ដល់​របស់​បុគ្គលិក​មីយ៉ាន់ម៉ា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ
ការ​មក​ដល់​របស់​បុគ្គលិក​មីយ៉ាន់ម៉ា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

ភ្នំពេញ, ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២, ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ធនាគារ​បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដោយ​បាន​ចុះ​បញ្ជី និង​បង្កើត​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ខ្លួន​មួយ គឺ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. ។ ពេល​នេះ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. បាន​ជ្រើសរើស​បុគ្គលិក​ដែល​ជា​ជនជាតិ​មីយ៉ាន់ម៉ា​ចំនួន ២៦រូប នៃ​គម្រោង​ផែនការ​ដែល​ត្រូវ​ជ្រើសរើស​ទាំង​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ចំនួន ៧៥០រូប ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន នៅ​ប្រទេស​មីយ៉ាន់ម៉ា ។ ថ្ងៃ​នេះ​បុគ្គលិក​ដែល​បាន​ជ្រើសរើស​ប្រកបដោយ​គុណវុឌ្ឍិ​ខ្ពស់​ចំនួន ២៦រូប​​នោះ មាន​ឱកាស​ជា​លើក​ដំបូង ដែល​ពួក​គាត់​បាន​មក​ដល់​ប្រទេស​កម្ពុជា ​សម្រាប់​វគ្គ​ហ្វឹកហ្វឺន​ទ្រឹស្តី រយៈពេល​បី​សប្តាហ៍ ហើយ​បី​សប្តាហ៍​ទៀត សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​ជាមួយ​នឹង​ដៃគូ​កម្ពុជា និង​បុគ្គលិក​ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ របស់​ធនាគារ​អេស៊ីលីដា ។ វគ្គ​ហ្វឹកហ្វឺន នឹង​រៀបចំ​ដោយ​អេស៊ីលីដា ត្រេននីង សេនធ័រ ក្នុង​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

លោក គឹម ប៊ុនសុជាតិ អគ្គនាយក​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. បាន​មាន​ប្រសាសន៍​ថា ៖ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​នៃ​ធនាគារ​អេស៊ីលីដា ដែល​ត្រូវ​បាន​ផ្តល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ក្រុមហ៊ុន​បណ្តោះ​អាសន្ន ដោយ​អគ្គនាយកដ្ឋាន​នៃ​ការ​វិនិយោគ និង​ការ​គ្រប់គ្រង​ក្រុមហ៊ុន នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ដែល​អាច​បង្កើត​ការិយាល័យ​របស់​ខ្លួន និង​ជ្រើសរើស​បុគ្គលិក ។ ពេលនេះ​យើង​បាន​បញ្ចប់​រួចរាល់​លើ​ការ​ជ្រើសរើស​បុគ្គលិក​មីយ៉ាន់ម៉ា​ចំនួន ២៦រូប ហើយ​ក៏​បាន​ចាប់​ផ្តើម​បញ្ជូន​ពួក​គាត់​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​វគ្គសិក្សា​ទ្រឹស្តី និង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​សម្រាប់​រយៈពេល ០៦​សប្តាហ៍ នៅ​អេស៊ីលីដា ត្រេននីង សេនធ័រ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. នឹង​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ របស់​ខ្លួន​នៅ​ពាក់​កណ្តាល ខែមករា ឆ្នាំ២០១៣ ហើយ​មាន​គម្រោង​ជ្រើសរើស​បុគ្គលិក​មីយ៉ាន់ម៉ា ចំនួន​រាប់រយ​នាក់​បន្ថែម​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ។

លោក ឆន ពន្លឺ អគ្គនាយក អេស៊ីលីដា ត្រេននីង សេនធ័រ បាន​មាន​ប្រសាសន៍​ថា ៖ អេស៊ីលីដា ត្រេននីង សេនធ័រ គឺ​ជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ចំណេះ​ជំនាញ​ដ៏​ជាក់លាក់​មួយ ដែល​បាន​ផ្តល់​ជូន​នូវ​ចំណេះ​ដឹង និង​ជំនាញ​ច្បាស់លាស់ ទាក់ទង​នឹង​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ ជូន​ដល់​រាល់​គ្រប់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់ ធនាគារិក និង​សិស្ស​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សានៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​តំបន់ និង​អន្តរជាតិ ។ គ្រប់​បុគ្គលិក​ដែល​បាន​ជ្រើសរើស​ដោយ​ធនាគារ​អេស៊ីលីដា ហើយ​នឹង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងអស់​របស់​ខ្លួន ត្រូវ​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដោយ​អេស៊ីលីដា ត្រេននីង សេនធ័រ លើ​ការ​សិក្សា​ទ្រឹស្តី​រយៈពេល​បី​សប្តាហ៍ និង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង​រយៈពេល​បី​សប្តាហ៍​បន្ថែម​ទៀត​ផង​ដែរ នៅ​ធនាគារអេស៊ីលីដា រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជួប​សំណេះ​សំណាល​ជា​មួយ​បុគ្គលិក​មីយ៉ាន់ម៉ា
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជួប​សំណេះ​សំណាល​ជា​មួយ​បុគ្គលិក​មីយ៉ាន់ម៉ា

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ នេះ​ជា​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ក្រៅ​ប្រទេស​ទី​ពីរ​របស់​យើង បន្ទាប់​ពី​យើង ទទួល​បាន​ជោគជ័យ​កន្លង​មក​នៅ​ប្រទេស​ឡាវ ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន​ទី​បួន របស់​ធនាគារ​អេស៊ីលីដា ផង​ដែរ ។ ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. នឹង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ជាមួយ​នឹង​ដើមទុន​ដំបូង​បង្អស់​ដែល​មាន​ចំនួន ៨ពាន់លានក្យាត់ ឬ​ប្រហែល ១០លាន​ដុល្លារ​អាមេរិក ។ ការ​ផ្តោត​ជា​ចម្បង​​របស់​យើង​គឺ ការ​បង្កើត​ការិយាល័យ​កណ្តាល នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​យើង​បាន​រៀបចំ​រួចរាល់​ហើយ និង​ការ​កសាង​នូវ​សមត្ថភាព​របស់​បុគ្គលិក​ដែល​មាន​វិជ្ជាជីវៈ​របស់​ពួក​យើង ដោយ​ផ្តល់​ជូន​ពួក​គេ​នូវ​ចំណេះ​ដឹង ជំនាញ និង​ទេពកោសល្យ ។ ដូច្នេះ​ហើយ​ពួក​គេ​អាច​ទទួល​ខុសត្រូវ លើ​ការងារ​ដោយ​ឯករាជ្យ​បាន​ទាំងស្រុង ច្បាស់លាស់ និង​ផ្តល់​ជូន​សេវាកម្ម​រួម​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​ដែល​មាន​គុណភាព យោង​តាម​តម្រូវ​ការ​របស់​អតិថិជន​ខ្នាត​តូច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ។ យើង​មាន​ការិយាល័យ​ដែល​រៀបចំ​ល្អ ពេលនេះ​យើង​ក៏​មាន​បុគ្គលិក​ល្អ លើ​ដំណើរ​ការ​ហ្វឹកហ្វឺន និង​ទទួល​បាន​នូវ​ការ​អនុវត្ត​ជាក់ស្តែង នៅ​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ជូន​ពួកគេ​ទាំង​វិជ្ជាជីវៈ និង​បទពិសោធន៍ ។ ផ្តល់​ជូនឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​បទពិសោធន៍ និង​ភាពជោគជ័យ​ពី​មុនៗ របស់​ធនាគារ​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា ។ ការ​បង្ហាញ​ពី​បទពិសោធន៍ ភាពជោគជ័យ និង​ការ​រីកចម្រើន​រយៈពេល ៦សប្តាហ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា ពួក​គេ​អាច​ធ្វើឱ្យ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​យើង នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គឺ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. ទទួល​បាន​នូវ​កំណត់ត្រា​ជោគជ័យ​ថ្មី បន្ថែម​ទៀត ។

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២៣៨ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ២៨ការិយាល័យ​នៅ​ប្រទេស​ឡាវ និង ០១សាខា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ១,៩ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់ ខែតុលា ឆ្នាំ២០១២ ។ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​ស្ថាប័នមីក្រូ​ហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. ហើយ​តាម​យុទ្ធសាស្ត្រ យើង​នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោកស្រី សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៩៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖