navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ឡាវ ទទួលបានប័ណ្ណសរសើរពីរដ្ឋាភិបាលប្រទេសឡាវ
ធនាគារ អេស៊ីលីដា ឡាវ ទទួលបានប័ណ្ណសរសើរពីរដ្ឋាភិបាលប្រទេសឡាវ
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ធនាគារ អេស៊ីលីដា ឡាវ បានទទួលប័ណ្ណសរសើរពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ការប្រតិបត្តិការងារបានយ៉ាងល្អប្រសើរ ទទួលបានជោគជ័យ និងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣ ។ ធនាគារ អេស៊ីលីដា ឡាវ ជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជចំនួន២ នៅក្នុងប្រទេសឡាវ ដែលទទួលបានប័ណ្ណសរសើរនេះ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ម៉្យាងវិញទៀត ធនាគារ អេស៊ីលីដា ឡាវ មានបណ្តាញប្រតិបត្តិការធំស្ទើរតែគ្របដណ្តប់គ្រប់ខេត្ត-រដ្ឋធានី ក្នុងប្រទេសឡាវ ។
ទេសាភិបាលរងនៃធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រគល់ប័ណ្ណសរសើរនេះដោយផ្ទាល់ជូនទៅលោក ផន ណារិន អគ្គនាយកធនាគារ អេស៊ីលីដា ឡាវ នៅក្នុងពិធីគម្រប់ខួបទី៤៥ របស់ធនាគារសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានបង្កើតឡើងចាប់ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ២០១៣ ។
នេះជាលើកទីពីរហើយ ដែលធនាគារ អេស៊ីលីដា ឡាវ ទទួលបានប័ណ្ណសរសើរបែបនេះពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ធនាគារ អេស៊ីលីដា ឡាវ ធ្លាប់បានទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៅឆ្នាំ២០១១ ម្តងរួចមកហើយ នៅពេលដែលធនាគារនេះបានទទួលប្រាក់ចំណេញប្រចាំខែ ។
ធនាគារ អេស៊ីលីដា ឡាវ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងបួនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបានបង្កើតឡើងតាំងពី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨ មកម៉្លេះ ដើម្បីផ្តល់ជូនដល់សហគ្រិនខា្នតតូច និងខ្នាតមធ្យម នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឱ្យប្រសើរឡើង ៕