navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារកម្ពុជាពាណិជ្ជ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារកម្ពុជាពាណិជ្ជ
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤
ភ្នំពេញ, ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានប្រកាសនៅថ្ងៃនេះថា ធនាគារអេស៊ីលីដា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការអាជីវកម្មលើសេវាគ្រប់គ្រងសាច់ប្រាក់ជាមួយ ធនាគារកម្ពុជាពាណិជ្ជ (CCB) ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Siam Commercial (SCB) ។
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារទាំងពីរនឹងបង្កើតកិច្ចព្រមព្រៀងគោល សម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្មលើសេវាគ្រប់គ្រងសាច់ប្រាក់ ដើម្បីបម្រើសេវាកម្មជូនដល់អតិថិជនរបស់ខ្លួនលើសកម្មភាពប្រតិបត្តិការដូចជា ៖ សេវាបើកប្រាក់បៀវត្សរ៍/សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់ សេវាទូទាត់វិក្កយបត្រ និងសេវាប្រមូលមូលប្បទានប័ត្រ ។
លោកស្រី Khun Kannika Chalitaporn, ប្រធានធនាគារ Siam Commercial បានមានប្រសាសន៍ថា ៖ លោកស្រីមានក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ ។ កិច្ចសហប្រតិបត្តិការអាជីវកម្មប្រភេទនេះ គឺស្ថិតនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងរបស់សមាគមសេដ្ឋកិច្ចអាស៊ាន ។ កិច្ចព្រមព្រៀងនេះនឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារពីរ ដែលមានចំនួនការិយាល័យសាខា និងម៉ាស៊ីនអេធីអឹមច្រើនជាងគេនៅក្នុងប្រទេសរៀងៗខ្លួន ។ ធនាគារ SCB កំពុងបង្កើនវត្តមាន និងសកម្មភាពប្រតិបត្តិការរបស់ខ្លួននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ហើយកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាយុទ្ធសាស្ត្រឈ្នះឈ្នះដែលនាំមកនូវអត្ថប្រយោជន៍សម្រាប់ស្ថាប័ន និងប្រជាជនរបស់ប្រទេសទាំងពីរកម្ពុជា និងថៃ ។
លោក Suriyah Termlertmanuswong, អភិបាល និងអគ្គនាយកធនាគារ CCB បានមានប្រសាសន៍ថា ៖ នេះជាកាលានុវត្តភាពដ៏ល្អបំផុត ដែលធនាគារកម្ពុជាពាណិជ្ជ និងធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយជាដៃគូសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
បណ្ឌិត អ៊ិន ចាន់នី, ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ ធនាគារអេស៊ីលីដាមានមោទនភាព និងក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលក្លាយជាដៃគូអាជីវកម្មជាមួយធនាគារ SCB តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារកម្ពុជាពាណិជ្ជ ក្នុងការបម្រើសេវាកម្មគ្រប់គ្រងសាច់ប្រាក់ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យធនាគារអេស៊ីលីដា និងធនាគារ SCB និងបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារកម្ពុជាពាណិជ្ជ កាន់តែមានភាពរីកចម្រើន និងទទួលជោគជ័យបន្ថែមមួយកម្រិតថែមទៀត ដើម្បីគាំទ្រយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៤ ធនាគារអេស៊ីលីដា មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៣៨ ការិយាល័យ ទូទាំងព្រះរាជាណាចក្រកម្ពុជា, ៤១ ការិយាល័យនៅប្រទេសឡាវ និង ០៦ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ជាមួយទ្រព្យសកម្មសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ។ ធនាគារអេស៊ីលីដា បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ ហើយតាមយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា មានដៃគូប្រតិបត្តិការជាមួយ ធនាគារជប៉ុន SMBC, ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី និងជាទីភា្នក់ងាររបស់ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី និងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន ព្រមទាំងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។
អំពីធនាគារកម្ពុជាពាណិជ្ជ
ធនាគារកម្ពុជាពាណិជ្ជ បានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ជាបុត្រសម្ព័ន្ធរបស់ធនាគារ SCB ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រថៃ ។ ធនាគារនេះបានផ្តល់សេវាកម្មធនាគារស្នូល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ។
SCB ជាធនាគារឈានមុខគេមួយនៅប្រទេសថៃ ដែលបានបង្កើតឡើងដោយ Royal Charter ក្នុងឆ្នាំ១៩០៦ ជាធនាគារទី១នៅប្រទេសថៃ ។ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ SCB មានដើមទុនច្រើនជាងគេបង្អស់នៅក្នុងទីផ្សារហិរញ្ញវត្ថុនៅប្រទេសថៃ (៤៨៨ពាន់លានបាត) ។ SCB មានបណ្តាញការិយាល័យប្រតិបត្តិការធំជាងគេ ១១៧៣, ហាងប្តូរប្រាក់ចំនួន១០៨ និងម៉ាស៊ីនអេធីអឹមមានចំនួន ៩,១៤២ និងបានឈរនៅក្នុងលំដាប់ថ្នាក់លេខ១នៅក្នុងទីផ្សារសេវាកម្មហិរញ្ញវត្ថុលក់រាយ ។ អតិថិជនរបស់ SCB រួមមានអតិជនក្រុមហ៊ុនសហគ្រាសខ្នាតតូចនិងមធ្យម និងអតិថិជនខ្នាតតូចបំផុតនៅទូទាំងប្រទេស ។ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ធនាគារ SCB មានទ្រព្យសកម្មចំនួន ២.៥៣៤ ពាន់លានបាត ។ ធនាគារ SCB បានពង្រីកប្រតិបត្តិការរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសរួមមាន ថៃ ហុងកុង សឹង្ហបូរី កម្ពុជា ឡាវ វៀតណាម និងចិន ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោកស្រី សុវណ្ណ បូផា, នាយិកាការិយាល័យប្រតិបត្ដិការហិរញ្ញវត្ថុ
ទូរស័ព្ទ: ០១៥ ៩០០ ១៥១
អ៊ីម៉ែល: